backup og meta

ឃើញមុខកូនដំបូងអាចរំភើបដល់ស្រក់ទឹកភ្នែក តែម៉ាក់ប៉ាត្រូវដឹងរឿងចាំបាច់ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 07, 2020

    ឃើញមុខកូនដំបូងអាចរំភើបដល់ស្រក់ទឹកភ្នែក តែម៉ាក់ប៉ាត្រូវដឹងរឿងចាំបាច់ទាំងនេះ

    គ្មាន​អ្វី​រំភើប​រីករាយ​ជាង​បាន​ឃើញ​មុខ​កូន​ដំបូង​នោះ​ទេ ពេល​នោះ​ការ​ឈឺចាប់​របស់​ម្តាយ​ទាំង​ប៉ុន្មាន ប្រែ​ជា​រសាយ​បាត់​អស់។ ទន្ទឹម​នឹង​រីករាយ ភារៈ​យើង​ជា​ម៉ាក់ប៉ា​ត្រូវ​ថែទាំ​កូន​ឲ្យ​បាន​ល្អ ដោយ​ហេតុ​ថា ពេល​កើត​ភ្លាមៗ កូន​យើង​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើន។

    ពេល​កូន​មក​ភ្លាម គ្រូពេទ្យ​ផ្នែក​សម្ភព នឹង​ណែនាំ​ឲ្យ​ធ្វើ​រឿង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

    ១. ត្រូវ​បំបៅ​ដោះ​កូន​ភ្លាម

    ការ​បំបៅ​ដោះ​កូន​ភ្លាមៗ ឬ​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ជីវិត​របស់​ពួក​គេ អាច​ឲ្យ​កូន​ទទួល​បាន​ទឹកដោះ​ដំបូង ដែល​ជា​អង់ទីករ​សំខាន់​សម្រាប់​ការពារ​កុមារ​មិន​ឲ្យ​​ឆ្លង​ជំងឺ​ផ្សេងៗ។ ទឹកដោះ​ដំបូង​មាន​សភាព​ខាប់ ពណ៌ថ្លា ឬ​លឿង​ប្រឿងៗ ហើយ​វា​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​ ខ្លាញ់​ វីតាមីន​រលាយ​ក្នុង​ខ្លាញ់ ជាតិរ៉ែ ​និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ បន្ទាប់​នោះ​ម៉ាក់ៗ​ត្រូវ​បន្ត​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ក៏ ៦ខែ​ដែរ នេះ​បើ​តាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​ដូច​ជា​ក្រសួង​សុខាភិបាល។

    ២. ត្រូវ​ឲ្យ​កូន​គេង​ផ្អៀង

    ទារក​ទើប​កើត អាច​មិន​ទាន់​អស់​ទឹក​ភ្លោះ​ពី​ក្នុង​ខ្លួន ម្ល៉ោះ​ហើយ​គ្រូពេទ្យ​តែង​តែង​ណែនាំ​ឲ្យ​គេង​ផ្អៀង ដើម្បី​ឲ្យ​ទឹកភ្លោះ​នោះ​ហៀរ​ចេញ​តាម​មាត់ បង្ការ​ការ​ឈ្លក់។ ការ​គេង​ផ្អៀង​នោះ​ទៀត​សោត ម៉ាក់​ប៉ា​អាច​ឲ្យ​គេង​ម្តង​ផ្អៀង​មក​ខាង​ឆ្វេង ម្តង​ផ្អៀង​មក​ខាង​ស្តាំ បង្ការ​ការ​ខូច​ទ្រង់​ទ្រាយ​ក្បាល​កូន។

    ៣. មិន​ត្រូវ​បន្តក់​ទឹក​ឲ្យ​កូន​ញ៉ាំ

    តាម​ទម្លាប់​ពី​បុរាណ គឺ​តែង​តែ​បន្តក់​ទឹក​ឲ្យ​កូន នៅ​ពេល​​កូន​ឃ្លាន ឬ​ក៏​ក្រោយ​បៅ​រួច ដោយ​បារម្ភ​ខ្លាច​កូន​ស្រេក​ទឹក ខះ​ក​ជា​ដើម។ តែ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហាម​​ការបន្ថែម​ទឹក​ទៅ​ឲ្យ​កូន​អាយុ​ក្រោម ៦ខែ​ ទោះ​ជា​ទឹក​នោះ​ជា​ទឹក​ស្អាត​ក៏​ដោយ ដោយ​ហេតុ​ថា ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​សម្រាប់​ការ​លូតលាស់​របស់​កូន ឯ​ករណី​កូន​ស្រេក​ទឹក ម៉ាក់ៗ​អាច​ឲ្យ​កូន​បៅ​ដោះ​ជំនួស​បាន។

    ៤. ត្រូវ​ថែទាំ​ទង​ផ្ចិត​ឲ្យ​បាន​ល្អ

    ការ​ថែទាំ​ទង​ផ្ចិត​កូន​ជា​រឿង​សំខាន់ បើ​ថែទាំ​បាន​ល្អ ទង​ផ្ចិត​មិន​​មាន​ដំបៅ​ខ្ទុះ ​​ឆាប់​ក្រៀម​ជ្រុះចេញ​ពី​ផ្ចិត​ដោយ​ឯក​ឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។ ក្រោយ​ពេល​ងូត​ទឹក​រួច ម៉ាក់ប៉ា​ត្រូវ​ធ្វើ​អនាម័យ និង​ជូត​សម្អាត​ទង​ផ្ចិត​កូន​ឲ្យ​ស្ងួត បន្ទាប់​មក​លាប​ថ្នាំ​មេតាឌីន និង​មិន​ត្រូវ​រុំ​កន្ទប ឬ​ខោ​ទឹកនោម​ពីលើ។ ក្នុង​នោះ​ហាម​ដាច់​ខាត​យក​ផេះ ដី​​ដំបូក ឬ​ម្សៅ​ហុយ មក​រោយ​លើ​ផ្ចិត ​ពីព្រោះ​វា​អាច​បង្ក​ទៅ​ជា​ជំងឺ​តេតាណូស។

    ៥. ត្រូវ​យក​កូន​ទៅ​ហាល​ថ្ងៃ​ពេល​ព្រឹក

    នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង ខ្លួន​ប្រាណ​ទារក​អាច​នឹង​ឡើង​លឿង​បន្តិច​បន្តួច​ ហើយ​បាត់​ទៅ​វិញ​នៅ ១​សប្តាហ៍​ក្រោយ​សម្រាល ចំពោះ​ទារក​កើត​គ្រប់​ខែ តែ​ភាព​លឿង​នេះ​អាច​បន្ត​នៅ​យូរ​លើ​​ទារក​កើត​មិន​គ្រប់​ខែ និង​អាច​ឈាន​ទៅ​ពិការ​ខួរក្បាល ថ្លង់ ឬ​ស្លាប់ បើ​ព្យាបាល​មិន​ទាន់​ពេល។ ដំណោះស្រាយ​ពេល​កូន​កើត​មាន​ជំងឺ​លឿង យើង​ត្រូវ​យក​កូន​ទៅ​ហាល​ថ្ងៃ​ពេល​ព្រឹក ព្រោះ​ពន្លឺ​ថ្ងៃ​មាន​កាំរស្មី​អ៊ុលត្រាវីយូឡេ (UV) ជួយ​ឲ្យ​ប៊ីលីរុយប៊ីន​ទាំងនោះ​អាច​ចេញ​តាម​ទឹក​នោម​បាន និង​កាត់បន្ថយ​ជាតិ​លឿង​របស់​ទារក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម