នៅពេលមានដំបៅ ឬការឆ្លងរោគលើទារកទើបកើត វាពិតជាគ្រោះថ្នាក់បំផុត ទាមទារឲ្យយើងជាអាណាព្យាបាលស្វែងរកការព្យាបាលជាមួយគ្រូពេទ្យជំនាញត្រឹមត្រូវឲ្យលឿនបំផុត។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឲ្យដឹងថា ការដែលទារកមានឆ្លងមេរោគចូលខ្លួនពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយបើសង្កេតឃើញកូនមានសញ្ញាទាំងនេះ ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យភ្លាមៗកុំបង្អង់យូរ។
– ក្ដៅខ្លួនលើសពី ៣៨ អង្សារសេ
– ពេលគេងដកដង្ហើមញាប់ ឬច្រើនជាង ៦០ ដង/នាទី
– ដង្ហក់ស្ទះផ្លូវដង្ហើម ទ្រូងផឺតផត ច្រមុះរួមរីកនៅពេលប្រឹងដកដង្ហើមពេលគេង
– មិនព្រមបៅ
– ប្រកាច់កន្ត្រាក់ដៃជើង
– ដេកសន្លឹមមិនដឹងខ្លួន
– ស្បែករមាស់កន្ទួល ក្រហម
លោកវេជ្ជបណ្ឌិតបន្តថា បើកូនមានសញ្ញាទាំងនេះលើសពីមួយចំណុច ទារកអាចធ្លាក់ថិតក្នុងសភាពគ្រោះថ្នាក់ និងត្រូវការការព្យាបាលជាបន្ទាន់ ហើយកូនក្ដៅខ្លួនខ្លាំង ត្រូវជូតខ្លួនកូនដោយកន្សែងសើម ដើម្បីការពារកុំឲ្យប្រកាច់។
វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា ម៉ាក់ប៉ាត្រូវចេះសង្កេត និងតាមដានពីស្ថានភាពទារក ព្រោះជំងឺតិចព្យាបាលឆាប់ជា ហើយមិនគ្រោះថ្នាក់ដល់ជីវិត។ មួយវិញទៀតត្រូវស្វែងយល់ពីរបៀបថែទាំកូនផ្សេងៗ ដើម្បីកុំឲ្យកូនតូចជួបបញ្ហាច្រើន ព្រោះពេលនេះប្រព័ន្ធការពាររាងកាយគេមិនទាន់រឹងមាំល្អ ដូចមនុស្សធំឡើយ។
[embed-health-tool-vaccination-tool]