backup og meta

កូនសុខភាពល្អមិនឈឺ តែគីឡូមិនគ្រប់ស្ដង់ដារ គួរដូរទឹកដោះគោអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2021

    កូនសុខភាពល្អមិនឈឺ តែគីឡូមិនគ្រប់ស្ដង់ដារ គួរដូរទឹកដោះគោអត់?

    ការ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​ពិតជា​មិន​ល្អ​គ្រប់គ្រាន់​ដូច​ទឹក​ដោះ​ម៉ាក់​ៗ​ឡើយ តែ​ដោយសារ​កត្តា​ជាច្រើន​ដូចជា​ត្រូវ​ធ្វើ​ការ​ឆ្ងាយ ឬមាន​បញ្ហា​សុខភាពផ្សេង​ទៀត ទើបតម្រូវឲ្យកូនបៅបែបនេះ។ តែ​មាន​កូន​បៅ​ទឹក​ដោះ​គោមួយចំនួន មិន​ឡើង​គីឡូ​ត្រូវ​តាម​ស្តង់ដារ ដូច​នេះ​យើង​គួរ​ដូរ​ម៉ាក​ទឹក​ដោះ​គោ ឬ​យ៉ាង​ណា?

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក្រោយ​សម្រាល​ ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ​តែ​មួយ​មុខ​គត់​រហូត​ដល់​អាយុ ៦ ខែ ទើប​បន្ថែម​អាហារូបត្ថម្ភ​ដូចជា​បបរ​ខាប់​គ្រប់​គ្រឿង​ដែល​ផ្សំ​ពី​សាច់ ស៊ុត និង​បន្លែ​គ្រប់​មុខ។ បន្ថែម​ពី​លើ​បបរ​ខាប់​គ្រប់​គ្រឿង​ ម៉ាក់​ៗ​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ​មួយ​ចំនួន​ទៀត ដោយ​យើង​ត្រូវ​កោស កិន​ឲ្យ​ម៉ដ្ត ព្រោះ​កូន​តូច​មិន​អាច​ទំពា​បាន ហើយ​ក្រពះ​ក៏​មិនទាន់​ល្អ។

    សម្រាប់​កូន​ដែល​បៅ​ទឹក​ដោះ​វិញ ក៏​ដូច​គ្នា​ដែរ​ពេលគ្រប់ ៦ ខែ ត្រូវតែ​បន្ថែម​អាហារ​ពី​លើ​ការ​បៅ តែ​បើ​រយៈពេល​ ៤ ​ខែ​ ទារក​មាន​សភាព​ស្គម​មិន​គ្រប់​គីឡូ​ស្ដង់ដារ ជំហាន​ដំបូង​យើង​ត្រូវ​ផ្លាស់ប្ដូរ​របៀប​បំបៅ និង​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​របស់​កូន និង​អ្នកបំបៅ។ ដោយ​ឲ្យ​កូន​បៅ​ទៀង​ម៉ោង ពេល​កូន​បៅ​កុំ​ប្រឡែង​លេង ហើយ​ការ​បំបៅ​ត្រូវ​លើក​ទារក មិនមែន​ឲ្យ​ដេក​បៅ​ឡើយ។

    កូន​បៅ​ទឹកដោះគោ

    បន្ថែម​ពី​លើ​នោះ​ទៀតវេជ្ជបណ្ឌិតឯកទេស​ទូទៅណែនាំ​ឲ្យ​យើង ​បង្កើន​ចំនួន​បៅ​ដល់​កូន​ឲ្យ​បាន​ញឹកញាប់​ជាង​មុន ហើយ​ក៏​បង្កើន​ចំនួន​គេង​ផង​ដែរ ព្រោះ​បើ​កូន​បៅ​រួច បាន​គេង​ជួយ​ឲ្យ​ក្មេង​ឆាប់​ឡើង​សាច់ ដោយសារ​ការ​សម្រាក​បាន​គ្រប់គ្រាន់។ ​អាយុ​ពី ៦ ទៅ ៩ ខែ គួរតែ​គេង​ឲ្យ​បាន​ពី ១៤ ទៅ ១៥ ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​គួរ​ណាស់​តែ​គេង ៣-៤ ដង​នៅ​ពេល​ថ្ងៃ ដើម្បី​ឲ្យ​ពួក​មាន​សុខភាព​ល្អ និង​ឡើង​ទម្ងន់​បាន​លឿន។ មួយ​វិញ​ទៀត​កូន​ក្រោម ១ ឆ្នាំ ក្រោយ​បៅ ត្រូវ​លួង​ឲ្យ​គេងភ្លាម ទើប​ល្អ ហើយ​ការ​ខក​ម៉ោង​គេង ក៏​ជា​មូលហេតុ​នាំឲ្យ​មិន​ឡើង​គីឡូ​ដែរ។

    បន្ទាប់​ពី​ធ្វើ​បែប​នេះ ២ អាទិត្យ​យើង​នឹង​សង្កេត​ឃើញ​កូន​ចាប់ផ្ដើម​មាន​សាច់​មាន​ឈាម​ជាង​មុន តែ​បើ​នៅតែ​ដដែល​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​ប្រភេទ​ទឹកដោះ​គោ​ខ្លះ​ខ្វះ​សារធាតុ​ចិញ្ចឹម កូន​បៅ​ទៅ​មិន​ឡើង​ទម្ងន់​ដែរ។ ប៉ុន្តែ​មុន​ដូរ​ទឹក​ដោះ​ត្រូវ​ពិនិត្យ​សិន​ថា ទឹកដោះ​គោ​នោះ​បាន​ធ្វើឲ្យ​រាក ក្អួត អាលែកហ្ស៊ី ចាំ​សម្រេច​ផ្លាស់​ចេញ បើ​មិន​មាន​សញ្ញា​អស់​ទាំង​នោះ​ទេ អាច​មកពី​កង្វះ​ការ​ថែទាំ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន ព្រោះ​ក្មេង​ខ្លះ​ក៏​ត្រូវ​ការ​ឲ្យ​ម៉ាក់​ប៉ា​នាំ​ដើរ​លំហែ ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ឬ​បរិយាកាស​ស្រស់​បំព្រម អាច​ជួយ​ជំរុញ​ឲ្យ​កូន​ចង់​បៅ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម