សម្រាយចម្ងល់មួយនេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារបានឲ្យដឹងថា ចំពោះទារកបៅដោះម្ដាយ និងទារកបៅទឹកដោះគោ ជាទូទៅលាមកតែងមានលក្ខណៈមិនដូចគ្នាទេ។ ទារកដែលបៅទឹកដោះម្ដាយភាគច្រើនមានលាមកពណ៌លឿងៗ ហើយពេលកូនជុះមកមានលក្ខណៈទឹកៗស្រដៀងនឹងរាក ដែលចាស់ៗតែងហៅថា រមាក ហើយក្លិនលាមកអាអូនមិនស្អុយខ្លាំងទេ។ សម្រាប់ទារកដែលបៅទឹកដោះគោ មានពណ៌លឿង ឬពណ៌ត្នោត និងមានសភាពខាប់ៗ ស្រដៀងនឹងប៊័រសណ្ដែកដី (Peanut butter) ហើយលាមកអាអូនមានក្លិនស្អុយជាងក្មេងបៅទឹកដោះម្ដាយ។
លោកស្រីវេជ្ជបណ្ឌិតបន្តថា ចំពោះក្មេងដែលបៅទឹកដោះម្ដាយ គឺអាអូនជុះញឹកជាងអាអូនដែលបៅទឹកដោះគោ ដោយសារតែម៉ូលេគុលប្រូតេអ៊ីនរបស់ទឹកដោះគោធំជាងទឹកដោះម្ដាយ។ ដូចនេះហើយ ទារកដែលបៅទឹកដោះម្ដាយងាយស្រួលរំលាយអាហារជាង និងមិនងាយឈឺពោះ ឬហើមពោះទេ។
វេជ្ជបណ្ឌិតជំងឺកុមាររូបនេះ បញ្ជាក់ទៀតថា ដោយសារតែលាមកកូនមានច្រើនសណ្ឋាន ហើយវាក៏អាចប្រាប់ឲ្យយើងដឹងពីសុខភាពកូនផងនោះ ម៉ាក់ប៉ាអាចសម្គាល់ និងគួរយកអាអូនទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើឃើញលាមកកូនមានលក្ខណៈដូចខាងក្រោម ព្រោះអាអូនអាចឆ្លងមេរោគ ឬអាលែកហ្សី៖
– រាកដែលមានពណ៌បៃតង លឿង ឬត្នោត
– រឹងៗ ដូចគ្រាប់ក្រួស (កើតឡើងពេលអាអូនទល់លាមក ឬក្រោយញ៉ាំរបស់រឹង)
– ឈាមក្រហមក្នុងលាមក
– លាមកពណ៌ស ឬប្រផេះ។ល។