ការឲ្យកូនបៅទឹកដោះគោទោះមានគុណសម្បត្តិមួយចំនួនមែន តែជារឿងពិបាក ចំណាយពេលក៏ច្រើន នឿយហត់ និងបញ្ហាកង្វះអនាម័យ។ ក្នុងនោះវេជ្ជបណ្ឌិត ហ៊ាង រតនា ណែនាំថាក្រោយកូនបៅរួចត្រូវប្រញាប់ចាក់ចោលភ្លាម ទោះនៅសល់ច្រើនយ៉ាងណាក៏ដោយ។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានបន្ថែមទៀតថា មានម៉ាក់ៗមួយចំនួនកូនបៅទឹកដោះគោសល់ហើយ មិនព្រមចាក់ចោលឡើយដោយទុកឲ្យបៅនៅពេលបន្ទាប់ទៀត។ ទង្វើបែបនេះអាចមានគ្រោះថ្នាក់ចំពោះសុខភាពទារក ព្រោះទឹកដោះគោដែលនៅសេសសល់អាចកកើតជាបាក់តេរីឡើង ក្រោយសល់យូរម៉ោង។
ទោះជាសល់មិនយូរក៏ដោយ ព្រោះពេលខ្លះក្រោយកូនបៅរួច យើងមិនបានគ្របឲ្យបានជិតល្អ ដោយសារជាប់រវល់មើលកូន ហើយរុយ ឬសត្វល្អិតផ្សេងទៀតក៏រោម ឬមានកម្ទេចកំទីធូលីប៉ើងមកជាប់។ ក្រោយសត្វរុយទុំ និងរោមរបស់កខ្វក់ នៅពេលវាមកទុំលើក្បាលដបកូនបៅ ជាតិកខ្វក់ដែលបន្សល់ទុកដោយរុយនោះ ត្រូវធ្លាក់ចូលទៅក្នុងមាត់កូន ឆ្លងកាត់បំពង់ក ក្រពះ-ពោះវៀនកូន អាចបណ្ដាលឲ្យក្អួត រាករូស ឬមេរោគបង្កទៅជារលាកបំពង់កទៅវិញ។
មួយវិញទៀតទឹកដោះគោក្រោយឆុងរួច អាចយកទៅទុកនៅកន្លែងស្អាត មានសីតុណ្ហភាពធម្មតា ឬក្នុងទូទឹកកកបានត្រឹម ១-១ ម៉ោងកន្លះប៉ុណ្ណោះ។ ដូចនេះទោះសល់តិចច្រើន យូរ ឆាប់ គួរតែចាក់ចោល និងឆុងកំប៉ុងថ្មីដែលលាងសម្អាតរួច ទើបមានសុវត្ថិភាពជាង។
[embed-health-tool-vaccination-tool]