សុខភាពកូនតូចពិតជារឿងសំខាន់ដែលយើងជាអាណាព្យាបាលត្រូវយកចិត្តទុកដាក់ និងសង្កេតរៀងរាល់ថ្ងៃ។ នៅពេលចង់ដឹងថាកូនលូតលាស់ធំធាត់ និងមានសុខភាពល្អឬអត់នោះ អាចពិនិត្យទៅលើប៉ុន្មានចំណុចដូចខាងក្រោម។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានណែនាំឲ្យប៉ាម៉ាក់ត្រូវចេះសង្កេតមើលកូនខ្លួនឯងជាមុនសិន ទើបចាំមកពិភាក្សាជាមួយគ្រូពេទ្យតាមក្រោយ។ ក្នុងការពិនិត្យនោះមាន ២ ផ្នែកលើខ្លួនប្រាណ ១ ផ្នែកទាក់ទងនឹងរបបអាហារ និង ១ ផ្នែកបញ្ញាស្មារតី៖
១- វាស់កម្ពស់ និងថ្លឹងទម្ងន់
មុនទៅពេទ្យយើងជាអ្នកថែទាំគួរដឹងថាកូនមានឡើងសាច់ និងសកម្មភាពខ្លាំងក្លាអត់រាល់ថ្ងៃ ហើយនៅពេលនាំកូនទៅចាក់វ៉ាក់សាំងលើកដំបូងពេទ្យវាស់កម្ពស់ ថ្លឹងទម្ងន់ ដោយគណនាផលធៀប ដើម្បីឲ្យដឹងថាកូនគ្រប់គីឡូ និងកម្ពស់តាមស្តង់ដារ ឬទេ? នៅពេលលទ្ធផលយ៉ាងណានោះ គ្រូពេទ្យនឹងប្រាប់យើង ឧទាហរណ៍៖ កូនខ្វះគីឡូត្រូវបន្ថែមទឹកដោះ ឬបើកូនដល់វ័យញ៉ាំអាហារគួរបង្កើនអាហារបែបណា ដើម្បីឲ្យរាងកាយធំធាត់ និងរឹងមាំថែមទៀត។
២- ពិនិត្យរាងកាយ
អ្នកដែលមើលថែទាំកូនត្រូវចេះពិនិត្យមើលថា តើលើរូបរាងខ្លួនតាំងពីក្បាលដល់ចុងជើង មានស្លាកស្នាម ដុំពក កន្ទួល ដំបៅដែលមិនប្រក្រតីណាមួយដែរ ឬទេ។ ប្រសិនបើមានអ្វីមួយខុសធម្មតា ដែលអាចនាំឲ្យរាំងស្ទះដល់ការលូតលាស់របស់កូន ត្រូវនាំទៅជួបគ្រូពេទ្យដើម្បីពិភាក្សា និងរកមូលហេតុនៃបញ្ហា ដោយការព្យាបាលផ្សេង។
៣- តាមដានការលូតលាស់ផ្នែកបញ្ហា
ការវិវត្តន៍របស់ទារកពិតជាសំខាន់ណាស់ ហើយពេលកូនកាន់តែមានចលនាច្រើន យើងក៏កាន់តែស្រលាញ់។ ក្នុងនោះចាប់ពី ៣ ខែទៅទារកចាប់ផ្ដើមងើបក្បាលរួច ៥-៦ ខែចេះក្រឡាប់ ហើយចាប់ពី ៨ ខែឡើងទៅពេលយើងនិយាយចាប់ផ្ដើមរៀននិយាយតាមបណ្ដើរ។ មួយវិញទៀតបើសង្កេតឃើញថា កូនមិនសូវងាកពេលហៅឈ្មោះ ឬសំងំលេងម្នាក់ឯង មិនចូលចិត្តលេងជាមួយក្មេងដទៃអាចចូលជាសញ្ញាក្មេងអូទីស្សឹម ត្រូវប្រញាប់នាំទៅជួបអ្នកជំនាញឲ្យបានលឿន កុំទុកដល់ហួសពេល។
៤- របបអាហារ
អាហារសម្រាប់ទារកទើបកើតរហូត ៦ ខែគឺទឹកដោះម៉ាក់ៗ ឬអ្នកខ្លះឲ្យកូនបៅទឹកដោះគោជាដើម។ អ្នកបំបៅដោះកូនត្រូវសម្រិតសម្រាំងអាហារល្អៗសម្រាប់ញ៉ាំខ្លួនឯង ហើយកូនបៅដោះគោត្រូវលាងសម្អាតសម្ភារៈមានដូចជាកំប៉ុងឲ្យបានស្អាតបាត និងរៀបទុកដាក់ឲ្យមានរបៀបរៀបរយចៀសវាងមេរោគជ្រៀតចូល នាំឲ្យកូនឈឺថ្កាត់។
[embed-health-tool-vaccination-tool]