backup og meta

ក្មេងពិបាកលេបថ្នាំ ដោះស្រាយយ៉ាងណា? ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 28, 2020

    ក្មេងពិបាកលេបថ្នាំ ដោះស្រាយយ៉ាងណា? ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច?

    ថ្នាំ​​មាន​ច្រើន​ប្រភេទ ឯ​រសជាតិ​ក៏​ផ្សេង​គ្នា មាន​ផ្អែម ហឹរ ល្វីង​ជា​ដើម។ បើ​ផឹក​ចំ​ថ្នាំ​ល្វីង ក្មេងៗ​ច្បាស់​ជា​រាង​ចាល​ លើក​ក្រោយ​ឃើញ​ថ្នាំ​ដឹង​តែ​រត់គេច​មិន​ខាន។ ចំពោះ​ក្មេង​មួយ​ចំនួនដែល​ពិបាក​លេប ឬ​ផឹក​ថ្នាំ​នោះ លោក​ស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯក​ទេស​រោគ​កុមារ ​ចែក​រំលែក​គន្លឹះ​ល្អៗ​ក្នុង​ការ​បញ្ចុក​ថ្នាំ​កូន​មួយ​​ចំនួន​ខាង​ក្រោម​នេះ។

    – ត្រូវ​ត្រៀម​លក្ខណៈ

    ពេល​កូន​ឈឺ​យើង​ត្រូវ​ត្រៀម​លក្ខណៈ​ជា​មុន និង​ត្រូវ​ដឹង​ពី​ចំណង់​ចំណូល​ចិត្ត​របស់​កូន តើ​កូន​ចូល​ចិត្ត​ញ៉ាំ​ថ្នាំ​ប្រភេទ​ម្សៅ ឬ​ក៏​ប្រភេទ​ទឹក? ចូល​ចិត្ត​រសជាតិ​បែប​ណា? នៅ​ពេល​ទៅ​ពេទ្យ​យើង​អាច​​សួរ​រក​ប្រភេទ​ថ្នាំ​ដែល​កូន​ចូល​ចិត្ត នោះ​ទើប​មិន​ពិបាក​បញ្ចុក​ថ្នាំ​កូន។

    ត្រូវ​ចេះ​សម្រួល​អារម្មណ៍

    ពេល​បញ្ចុក​ថ្នាំ​កូន​ត្រូវ​សម្រួល​អារម្មណ៍​ទាំង​ម្តាយ​ទាំង​កូន មិន​ត្រូវ​ភ័យ​ស្លន់​ស្លោ​នោះ​ទេ បើ​យើង​ភ័យ​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ដូច​គ្នា។ យើង​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចុក​ថ្នាំ​កូន​ជា​កិច្ចការ​ដ៏​លំបាក ញ៉ាំ​ទៅ​កូន​ឈ្លក់ ញ៉ាំ​ទៅ​ក្អួត​ចេញ​មក​វិញ​នោះ​ទេ ត្រូវ​សម្រួល​អារម្មណ៍ បញ្ចុក​ថ្នាំ​កូន​ដោយ​សន្សឹមៗ។

    ក្មេង​ដូច​យើង​មនុស្ស​ចាស់​ដែរ មិន​ចូល​ចិត្ត​បង្ខំ​ទេ រឹត​តែ​មិន​ចូល​ចិត្ត​ឲ្យ​យើង​ចាប់​បញ្ច្រក​ថ្នាំ ផ្ទុយ​ទៅ​វិញ​ក្មេង​ចូល​ចិត្ត​លេង ហើយ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញៗ។ អ៊ីចឹង​ហើយ​យើង​ត្រូវនិយាយ​​ពាក្យ​ផ្អែម​ល្ហែម​ទៅ​កូន ចៀស​វាង​ការ​ចាប់​បង្ខំ ដូចជា​ចាប់​ក្បាល ចាប់​ច្របាច់​ច្រមុះ ឬ​មាត់កូន។

    តិច​និក​នៃ​ការ​ជ្រើសរើស និង​ឲ្យ​ថ្នាំ​ទៅ​កូន

    បើ​កូន​នៅ​ជា​ទារក អាយុ​ក្រោម​១ឆ្នាំ យើង​ត្រូវ​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​កូន​ដែល​មាន​ទំហំ​តូច​បំផុត ដោយ​បី​កូន រួច​បាញ់​ថ្នាំ​បញ្ចូល ធ្វើ​យ៉ាង​ណា​ឲ្យ​ថ្នាំ​នៅ​ចន្លោះ​ថ្ពាល់ និង​អញ្ចាញ​ធ្មេញ​របស់​កូន ដើម្បី​​កុំ​ឲ្យ​កូន​ឈ្លក់ ឬ​ខ្ពុល​ថ្នាំ​ចេញ​​មក​ក្រៅ។ ចំណែក​ឯ​ការ​បាញ់​ថ្នាំ​វិញ យើង​ត្រូវ​បាញ់​ថ្នាំ​​ម្តង​បន្តិចៗ មិន​ត្រូវ​បាញ់​ដោយ​បង្ខំ​នោះ​ទេ។ចំណែក​វិធី​មួយ​ទៀត ម៉ាក់ៗ​អាច​ប្រើ​ក្បាល​ដោះ​ដប​ទឹក​ដោះ​គោ​ចេញ​ពី​កំប៉ុង ដាក់​​ឲ្យ​កូន​ជញ្ជក់ រួច​យក​សឺរ៉ាំង​បាញ់​បញ្ចូល​ក្នុង​ក្បាល​ដោះ​ម្តង​បន្តិចៗ។ ចំពោះ​ក្មេង​ធំ យើង​អាច​ប្រើ​សឺរ៉ាំង​បញ្ចុក​ថ្នាំ​ដូច​ក្មេង​តូច​ក៏​បាន ឬ​ប្រើ​ស្លាប​ព្រា។

    បញ្ចុកថ្នាំកូន

    ចុះបើបញ្ចុកថ្នាំហើយ កូនបែរជាក្អួតមកវិញ គួរធ្វើម៉េច? ឱសថការី គីម កាណែល បកស្រាយ​ថា មាន​ជម្រើស ២ បើ​សិន​កូន​ក្អួត​ក្រោយ​លេប​ថ្នាំ ទី១ ត្រូវ​បញ្ចុក​ថ្នាំ​ម្តង​ទៀត ទី២ អាច​មិន​បញ្ចុក អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ។

    – ករណី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ

    បន្ទាប់​ពី​ញ៉ាំ​ថ្នាំ​រួច កូន​ក្អួត​ភ្លាមៗ​ក្នុង​បរិមាណ​ច្រើន មាន​ន័យ​ថា​បញ្ចុក​ថ្នាំ​ប៉ុន្មាន​ទៅ កូន​ក្អួត​មក​វិញ​ទាំង​អស់ ឬ​​ក៏​ក្អួត​លើស​ពី​៥០%​ឡើង​ទៅ ម៉ាក់ប៉ា​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ ទៅតាមកម្រិត​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ក្នុង​វេជ្ជបញ្ជា ។ ហេតុ​អី​ត្រូវ​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទាំង​អស់? នេះ​ក៏​ដោយ​សារ​តែ​ការ​ក្អួត​មក​វិញ​ភ្លាម ជាតិ​ថ្នាំ​មិន​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​កូន​នោះ​ទេ។

    ប្រការ​គួរ​ប្រុង​ប្រយ័ត្ន​នោះ បើ​កូន​នៅ​តែ​ក្អួត​ម្តង​ទៀត​បន្ទាប់​ពី​បញ្ចុក​កម្រិត​ថ្នាំ​ថ្មីនេះ ត្រូវ​ពន្យារពេល ៤-៥នាទី បន្ទាប់​ពី​កូន​ក្អួត​អស់ ចាំ​បញ្ចុក​ថ្នាំ​កម្រិត​ដដែល​សារ​ជា​ថ្មី។ តែ​​លើក​នេះ បើ​កូន​​នៅ​​តែ​​ក្អួត​​ទៀត​​នោះ ត្រូវ​​ប្រញាប់​​ទៅ​​ជួប​​គ្រូពេទ្យ ដើម្បី​​សាកសួរ​​ពី​​ប្រភេទ​​ថ្នាំ​​ផ្សេង​​ទៀត​ដែល​ល្អ​​ចំពោះ​​កូន។

    – ករណី​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ

    បើ​លេប​ថ្នាំ​រួច កូន​ក្អួត​ភ្លាម តែ​ក្អួត​តិច​តួច ក៏​ម៉ាក់ប៉ា​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ទេ។ ម្យ៉ាងវិញ​ទៀត ប្រសិន​ម៉ាក់​ប៉ា​បញ្ចុក​ថ្នាំ​កូន​រួច តែ​បែរ​៣០ នាទី​ក្រោយ​ បាន​កូន​ក្អួត​ចេញ​មក​វិញ ករណី​នេះ​មិន​បាច់​បញ្ចុក​ថ្នាំ​កូន​ឡើង​វិញ​ឡើយ ព្រោះ​រយៈពេល​ចាប់​ពី​កន្លះ​ម៉ោង​ឡើង​ទៅ ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​រាងកាយ​កូន​ហើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម