បច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតក្នុងរដូវរងា ដូចនេះម៉ាក់ប៉ាគួរប្រយ័ត្ន និងយកចិត្តទុកដាក់ពីសុខភាពកូនតូចកាន់តែខ្លាំង ព្រោះកូនងាយនឹងប្រឈមជំងឺផ្ដាសាយ ហៀរសម្បោរ ឬអាលែកហ្ស៊ីជាមួយអាកាសធាតុ និងធូលីដីដែលតោងជាប់នឹងកង្ហារ ឬម៉ាស៊ីនត្រជាក់។
វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បានឲ្យដឹងថា អាកាសធាតុចុះត្រជាក់បែបនេះទាំងកូនក្មេង និងមនុស្សចាស់ងាយនឹងឈឺដូចគ្នា ចំណែកអ្នកពេញកម្លាំងចាប់ពី ១៨-៤០ ឆ្នាំក៏ជួបដែរ គ្រាន់តែមិនច្រើនដូចវ័យទាំង២។
លោកបន្តទៀតថា ខែនេះកូនតូចនៅក្នុងផ្ទះ ដំឡើងកម្រិតម៉ាស៊ីនត្រជាក់ ឬផ្អាកប្រើ ដោយងាកមកបើកទ្វារ ឬបង្អួច ដើម្បីឲ្យខ្យល់ចេញចូល ឬកុំឲ្យហប់ ព្រោះអាកាសធាតុត្រជាក់ពីក្រៅអាចជ្រាបចូលផ្ទះធ្វើឲ្យត្រជាក់ល្មមហើយ។ ចំពោះកូនទើបកើត ត្រូវនៅកន្លែងមានសីតុណ្ហភាពមិនក្ដៅ និងមិនត្រជាក់ពេកឡើយ ចន្លោះពី ២០ ទៅ ២៣ អង្សាសេ ហើយអាកាសធាតុពេលនេះអាចគ្រប់គ្រាន់ដោយមិនចាំបាច់ពឹងលើគ្រឿងម៉ាស៊ីន។
ក្រៅពីភាពត្រជាក់ដែលងាយបង្កឲ្យមនុស្សឈឺជំងឺផ្ដាសាយហើយ ម៉ាស៊ីនត្រជាក់ ឬកង្ហារដែលមិនបានសម្អាតត្រឹមត្រូវនាំឲ្យយើងជួបបញ្ហាអាលែកហ្ស៊ីស្បែក ច្រមុះ និងភ្នែក។ នៅពេលរន្ធច្រមុះ និងភ្នាសសើមក្នុងរាងកាយស្ងួត អាចនឹងបង្កឲ្យមានការឆ្លងមេរោគ ដោយសារភ្នាសសើម គឺជាស្រទាប់ការពាររាងកាយពីការឆ្លងមេរោគផ្សេងៗ ហើយបើភ្នាសសើមត្រូវបានរំខានដោយម៉ាស៊ីនត្រជាក់ ទើបធ្វើឲ្យរាងកាយងាយឆ្លងមេរោគ។
ចំពោះបញ្ហាភ្នែកវិញម្ចាស់សេវាកម្មថែទាំមនុស្សចាស់តាមគេហដ្ឋាន បានបញ្ជាក់ថា នាំឲ្យព្រិល រមាស់ និងមានអារម្មណ៍ក្រហាយភ្នែក បើយើងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរម៉ោងរាល់ថ្ងៃ។ ដូចនេះក្នុងរដូវរងានេះ ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នាកុំគួរចេញក្រៅដែលមានខ្យល់ខ្លាំង ហើយបើនៅក្នុងផ្ទះ ក៏មិនគួរបើកម៉ាស៊ីនត្រជាក់ ឬកង្ហារយូរពេកដែរ។
[embed-health-tool-vaccination-tool]