១.តើយើងគួរកោរសក់ទារកនៅអាយុប៉ុន្មានទើបល្អ?
ប្រសិនបើម៉ាក់ៗមានបំណងចង់កោរសក់ឲ្យទារក ម៉ាក់ៗគួររង់ចាំរហូតដល់ក្បាល និងក របស់ក្មេងរឹងជាមុនសិន។ ពិតណាស់ ទារកតូចៗចូលចិត្តធ្វើចលនាងាកចុះងាកឡើងឥតឈប់ឈរ ហើយការកោរសក់តម្រូវឲ្យក្មេងអង្គុយស្ងៀមមិនកម្រើកទាល់តែសោះ។ ដូចនេះ វាមិនត្រឹមតែមានការពិបាកក្នុងការកោរសក់ប៉ុណ្ណោះទេ វាក៏អាចបណ្ដាលឲ្យកូនមានរបួសជាយថាហេតុផងដែរ បើអូនៗនៅតូចពេក។
២.តើការកោរសក់អាចជួយឲ្យសក់ទារកដុះក្រាស់ជាងមុនពិតដែរឬទេ?
ប្រសិនបើម៉ាក់ៗគិតថា ការកោរសក់ទារក អាចធ្វើឲ្យសក់របស់ពួកគេដុះក្រាស់ជាងមុននោះ ចូរគិតសាជាថ្មីម្ដងទៀត។ អ្នកជំនាញជាច្រើនបានណែនាំថា ការកោរសក់មិនអាចធ្វើឲ្យសក់ទារកដុះមកថ្មីក្រាស់ជាងមុនឡើយ។ ជាក់ស្ដែង សក់យើងដុះចេញពីឫសសក់ដែលនៅខាងក្រោមស្បែកក្បាល។ នៅពេលដែលយើងកោរសក់ វាមិនមានផលប៉ះពាល់ដល់ឫសសក់ឡើយ។ ដូច្នេះហើយ ប្រសិនបើវាពុំមានឥទ្ធិពលលើឫសសក់ទេនោះ វាក៏មិនអាចធ្វើឲ្យសក់ដុះមកវិញក្រាស់ល្អនោះដែរ។ ជាទូទៅ សក់របស់ទារកដុះលូតលាស់ល្អ នៅពេលដែលពួកគេមានអាយុចាប់ពី៤ខែឡើងទៅ។ ជាធម្មតា សរសៃសក់របស់ទារករឹងមាំ ឬក្រាស់ គឺអាស្រ័យទៅលើហ្សែនរបស់ប៉ាម៉ាក់ផងដែរ ប្រសិនបើប៉ាម៉ាក់មានសក់ភ្លឺរលោង និងក្រាស់ល្អ កូនក៏អាចមានសរសៃដូចគ្នាដែរ។