ការងូតទឹកឲ្យកូនតូចជាប្រចាំ មិនត្រឹមតែមានភាពចាំបាច់ក្នុងការរក្សាអនាម័យឲ្យពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារសំខាន់ក្នុងការជួយឲ្យកូនគេងលក់ស្រួលផងដែរ។ យ៉ាងណាមិញ ប៉ាម៉ាក់ប្រហែលជាទទួលបានបទពិសោធន៍ខុសៗគ្នាក្នុងការងូតទឹកឲ្យកូនមិនខាន ពីព្រោះកូនខ្លះចូលចិត្តទឹក រីឯកូនខ្លះទៀតចាប់ផ្ដើមយំមិនបាត់សោះ។ កត្តានេះប្រហែលជាធ្វើឲ្យប៉ាម៉ាក់ពិបាកចិត្ត និងចង់ដឹងថាហេតុអីបានជាកូនមិនចូលចិត្តទឹកដូច្នេះ? គន្លឹះខាងក្រោម នឹងបង្ហាញប៉ាម៉ាក់ឲ្យយល់កាន់តែច្បាស់អំពីបញ្ហានេះ។
១. សីតុណ្ហភាពទឹក
ទារកតូចៗដែលមានស្បែកក្រអូបប្រហើរ និងទន់ល្មើយដូចសំឡី ច្បាស់ជាងាយរងគ្រោះដោយសារសីតុណ្ហភាពក្ដៅ ឬត្រជាក់មិនខាន។ ដូច្នេះ ប៉ាម៉ាក់ត្រូវមានការប្រុងប្រយ័ត្នចំពោះសីតុណ្ហភាពទឹក ដែលធ្វើយ៉ាងកុំឲ្យក្ដៅពេក ឬត្រជាក់ពេក។ ចូរងូតទឹកក្ដៅឧណ្ណៗឲ្យកូនជាប្រចាំ ដើម្បីឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយនៅរាល់ពេលងូតទឹក។
២. លំហូរទឹក
នៅរាល់ពេលងូតទឹក ប៉ាម៉ាក់គួរចាក់ទឹកលើខ្លួនរបស់កូនតូចយឺតៗ។ ប្រសិនបើយើងប្រើប្រាស់កាធុនងូតទឹក ចូលដាក់កូនចូលទៅក្នុងកាធុននោះជាមុន បន្ទាប់មកចាក់ទឹកយឺតៗចូលទៅក្នុងកាធុននោះ។ ធ្វើដូចនេះ ទើបកូនមិនសូវប៉ះពាល់ទឹកច្រើនក្នុងពេលតែមួយ។ ទោះបីជាយើងកក់សក់ឲ្យកូនយ៉ាងណាក្ដី ការចាក់ទឹកយឺតៗទើបជាការប្រសើរ។
៣. កន្ទួល ឬដំបៅ
ជាមួយគ្នានេះដែរ ប៉ាម៉ាក់គួររកមើលកន្ទួល ឬដំបៅណាដែលអាចរលាក នៅពេលប៉ះពាល់ផ្ទាល់ជាមួយសាប៊ូ និងទឹក ពីព្រោះកត្តានេះអាចបណ្ដាលឲ្យកូនមានការឈឺចាប់នៅពេលដែលងូតទឹកម្តងៗ។ ចូរចៀសវាងប្រើសាប៊ូនៅត្រង់បរិវេណនោះ។
៤. ឃ្លាន
ប៉ាម៉ាក់គប្បីងូតទឹកឲ្យអាអូននៅពេលដែលពួកគេញ៉ាំឆ្អែត និងគេងបានស្កប់ស្កល់។ ប្រសិនបើទារកហត់នឿយ ឬឃ្លានពេក ពួកគេនឹងចាប់ផ្ដើមរករឿងដោយការយំមិនបាត់នៅពេលងូតទឹកមិនខាន។ បន្ថែមពីនេះ ប៉ាម៉ាក់គួររង់ចាំរយៈពេល៣០ ទៅ៤៥នាទីសិន បន្ទាប់ពីបំបៅដោះ ឬផ្ដល់ចំណីអាហារដល់កូន សឹមងូតទឹកឲ្យពួកគេតាមក្រោយ។
៥.បង្កើតទម្លាប់ក្នុងការងូតទឹក
ការបង្កើតទម្លាប់ដោយងូតទឹកឲ្យកូនតូចនៅពេលម៉ោងដដែលៗ នឹងធ្វើឲ្យរាងកាយរបស់ទារកស៊ាំទៅនឹងការងារប្រចាំថ្ងៃរបស់ពួកគេ។ វាប្រៀបដូចជាការដាក់ឲ្យកូនគេងដូច្នោះដែរ ប្រសិនបើទារកដឹងច្បាស់អំពីម៉ោងគេង ប៉ាម៉ាក់នឹងងាយដាក់កូនឲ្យគេងលក់ជាក់ជាមិនខាន។
[embed-health-tool-vaccination-tool]