ស្បែកទារក គឺទន់ខ្សោយណាស់ ហើយអាចបាត់បង់សំណើមរហូតដល់៥ដងលឿនជាងស្បែករបស់មនុស្សពេញវ័យ។ កត្តានេះមានន័យថា ស្បែករបស់ក្មេងងាយកើតមានបញ្ហា ដែលអាចបណ្ដាលឲ្យមានកន្ទួលរមាស់ រលាក ក៏ដូចជាធ្វើឲ្យទារកយំមិនបាត់។ ដូច្នេះហើយ ដើម្បីឲ្យដឹងថាស្បែករបស់ទារកមានសុខភាពល្អ ឬអត់ ម៉ាក់ៗអាចសង្កេតមើលសញ្ញាទាំង៤នេះ ដោយតាមដានសញ្ញាក៏ដូចជាចាត់វិធានការកែខៃ ប្រសិនបើចាំបាច់។
១. ស្បែកទារកមានជាតិទឹក និងទន់ល្មើយ សូម្បីតែក្រោយពេលងូតទឹករួច
សញ្ញាច្បាស់បំផុតដែលបញ្ជាក់ថា ស្បែកទារកមានសុខភាព គឺអាអូនមានស្បែកទន់ល្មើយនៅពេលប៉ះ ដែលបង្ហាញថាស្បែកពួកគេមានសំណើមគ្រប់គ្រាន់។ ម៉ាក់ៗគួរពិនិត្យមើលកម្រិតជាតិសំណើមឲ្យបានច្រើនដង ជាពិសេសគឺបន្ទាប់ពីទារកងូតទឹករួច។ ជាក់ស្ដែង ទារកជាច្រើនដែលមានស្បែកទន់ល្មើយ អាចនឹងបាត់បង់សំណើមយ៉ាងឆាប់រហ័ស បន្ទាប់ពីងូតទឹករួច ដែលកត្តានេះកើតឡើងដោយសារតែសាប៊ូ និងទឹកដែលមានសីតុណ្ហភាពក្ដៅ។ ស្បែកស្ងួតអាចធ្វើឲ្យក្មេងរលាកស្បែក រញ៉ាំរញ៉ូវ ឬមិនចូលចិត្តងូតទឹក។
ដំណោះស្រាយ៖ ចូរផ្ដល់សំណើមដល់ស្បែករបស់ទារកឲ្យបានច្រើនដង ជាពិសេសនៅអំឡុង និងក្រោយពេលងូតទឹករួច និងមុនពេលចូលគេង។
២. ទារកមិនមានកន្ទួលរមាស់ និងមុនលើស្បែក
ជាធម្មតា ទារកអាចកើតមានបញ្ហាមុនដោយសារតែអ័រម៉ូនមានផ្ទៃពោះ ដែលទទួលបានពីម៉ាក់ៗ។ ប៉ុន្តែបញ្ហានេះ មិនមានអ្វីគួរបារម្ភនេះទេ ពីព្រោះវានឹងបាត់ទៅវិញដោយខ្លួនឯង។ ក្រៅពីនេះ ចំពោះទារកដែលស្បែកមានសុខភាពល្អ គឺពុំមានកន្ទួល ឬមុនឡើយ ហើយថែមទាំងស្បែកមានភាពទន់ល្មើយ ស្អាតល្អ និងស្រស់ថ្លាថែមទៀតផង។
ដំណោះស្រាយ៖ ប្រសិនបើស្បែករបស់ទារកកើតមានកន្ទួលរមាស់ ស្នាមអុជ ឬពងលើស្បែក ម៉ាក់ៗគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យកុមារ ដើម្បីទទួលបានការព្យាបាលសមស្រប។ វាអាចបណ្ដាលមកពីបញ្ហាស្បែក ដូចជាត្រអក រលាកស្បែក ឬអាលែកហ្ស៊ី។
៣. បរិវេណគូទទារកទន់ល្មើយ និងគ្មានស្នាមក្រហម
ខណៈពេលដែលស្បែកមុខរបស់ទារក អាចបង្ហាញឲ្យយើងដឹងបានពីសុខភាពស្បែកទាំងមូលរបស់ទារក បរិវេណគូទក៏ជាសញ្ញាបង្ហាញដ៏ល្អមួយផងដែរ ពីព្រោះបរិវេណនេះងាយនឹងរលាក ក៏ដូចជាឆ្លងមេរោគពីខោទឹកនោមដែលសើម ប្រតិកម្មអាលែកហ្ស៊ីនឹងអាហារ ឬសំណើមកើនឡើង។ ម៉ាក់ៗគួរពិនិត្យមើលបរិវេណដែលប្រើខោទឹកនោម ថាតើមានមានស្នាមក្រហមជាងផ្នែកផ្សេងៗនៃស្បែកដែរឬទេ។ សម្រាប់ទារកដែលស្បែកមានសុខភាពល្អ គឺស្បែកមានភាពស្រស់ថ្លា ទន់ល្មើយ និងមិនមានកន្ទួលរមាស់នោះទេ ទោះបីជានៅបរិវេណដែលស្លៀកខោទឹកនោមក៏ដោយ។
ដំណោះស្រាយ៖ ម៉ាក់ៗគប្បីផ្លាស់ប្ដូរខោទឹកនោមឲ្យទារកឲ្យបានញឹកញាប់ ហើយនៅក្នុងករណីដែលអាអូនកើតកន្ទួលរមាស់ដោយសារខោទឹកនោម ចូរលាបក្រែមកម្ចាត់កន្ទួលសម្រាប់ទារកជារៀងរាល់ពេលផ្លាស់ប្ដូរខោទឹកនោម។
៤. ស្បែកទារកអាចទប់ទល់ជាមួយនឹងការផ្លាស់ប្ដូររដូវកាល
ជាមួយគ្នានេះដែរ ម៉ាក់ៗក៏អាចសង្កេតមើលសុខភាពស្បែករបស់អាអូននៅពេលដែលរដូវកាលផ្លាស់ប្ដូរ។ នៅរដូវរងា ម៉ាក់ៗតែងតែយកចិត្តទុកដាក់ជាពិសេស ដើម្បីឲ្យទារកមានភាពកក់ក្តៅ និងមានសំណើម។ ប៉ុន្តែ នៅអំឡុងពេលរដូវក្ដៅ ការប្រែប្រួលសីតុណ្ហភាព និងភ្នាក់ងារបង្កការរលាកនៅក្នុងខ្យល់អាកាសអាចបណ្ដាលឲ្យទារកជួបប្រទះបញ្ហាស្បែកជាច្រើន ហើយស្បែកទារកភាគច្រើននឹងចាប់ផ្ដើមស្ងួត អាលែកហ្ស៊ី និងចេញកន្ទួលរមាស់នៅពេលនេះ។
ដំណោះស្រាយ៖ ម៉ាក់ៗមិនត្រូវកាត់បន្ថយការផ្ដល់សំណើមដល់ស្បែកទារកឡើយ ពីព្រោះខ្យល់ក្នុងរដូវក្ដៅមានសំណើមខ្លាំងជាងនៅរដូវរងា។ សម្រាប់ទារកដែលមានស្បែកខ្សោយ អាចនឹងបាត់បង់សំណើម ក៏ដូចជាត្រូវការការផ្ដល់សំណើមទ្វេដង។ បន្ថែមពីនេះ ម៉ាក់ៗក៏មិនត្រូវស្លៀកពាក់ឲ្យទារកហប់ពេក ដើម្បីការពារពីជំងឺផ្សេងៗដែរ ដោយសារតែស្បែកអាអូនក៏ត្រូវការដកដង្ហើមដូចគ្នា។
[embed-health-tool-vaccination-tool]