សារធាតុចិញ្ចឹមដែលម៉ាក់ៗញ៉ាំអំឡុងពេលបំបៅដោះ ជះឥទ្ធិពលដ៏ធំធេងសម្រាប់ទារក ហើយអាហារដែលកូនទទួលបានដំបូងបង្អស់គឺទឹកដោះដំបូង ដែលសម្បូរទៅដោយវីតាមីនE។ នៅពេលដែលទារកកាន់តែធំទៅៗ ពួកគេនៅតែត្រូវការវីតាមីនE តាមរយៈការបំបៅដោះ។ ពិតណាស់ វីតាមីនE ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ទារក ហើយម៉ាក់ៗក៏ត្រូវញ៉ាំអាហារបំប៉នដែលផ្សំពីវីតាមីនE បន្ថែម ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់កូនផងដែរ។
១. ជួយការពារជំងឺស្លេកស្លាំង
វីតាមីនE ជាសារធាតុចិញ្ចឹមដ៏សំខាន់មួយ ដែលអាចជួយការពារទារកពីការវិវត្តន៍ទៅជាស្លេកស្លាំង បន្ទាប់ពីកើត។ ជំងឺស្លេកស្លាំងនេះដែរ គឺជាការថយចុះនៃកោសិកាឈាមក្រហម ដែលផ្ទុកអុកស៊ីសែនពាសពេញរាងកាយរបស់ទារក។ ការវិវត្តនៃភាពស្លេកស្លាំង អាចបណ្ដាលឲ្យទារកអស់កម្លាំងខ្លាំង ក៏ដូចជាស្រ្តេសសរីរាង្គខាងក្នុងរបស់ពួកគេ។ ប្រសិនបើរាងកាយរបស់ម៉ាក់ៗមានវីតាមីនEទាប កូនអាចមានឱកាសកើតជំងឺស្លេកស្លាំងខ្ពស់។ ក្នុងករណីខ្លះ ការញ៉ាំវីតាមីនE បន្ថែម អាចជួយបង្កើនកម្រិតវីតាមីនE គ្រប់គ្រាន់ដែលរាងកាយរបស់ទារកត្រូវការជាចាំបាច់។
២. ការពារភ្នែក និងសួត
ជាមួយគ្នានេះដែរ វីតាមីនE គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដ៏អស្ចារ្យ ហើយប្រសិនបើកូនរបស់យើងទទួលបានវីតាមីនEគ្រប់គ្រាន់ ពួកគេមិនងាយរងរបួសសួត និងស្រទាប់រេទីនឡើយ។ នៅក្នុងករណីដែលកម្រិតវីតាមីនEទាប វាអាចដាក់កំហិតដល់បរិមាណអុកស៊ីសែនដែលចូលទៅកាន់ស្រទាប់រេទីន និងសួត ដោយបង្កជារបួស ប្រសិនបើយើងមិនអាចធ្វើរោគវិនិច្ឆ័យ និងព្យាបាលទេនោះ។
៣. ជំរុញការអភិវឌ្ឍសាច់ដុំ
បន្ថែមពីនេះ វីតាមីនE អាចជួយការពារសាច់ដុំ សរសៃឈាមបេះដូង និងសរសៃប្រសាទរបស់អាអូនបានយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្ដែង វីតាមីនE ចាំបាច់បំផុតសម្រាប់ការធ្វើមេតាប៉ូលីសត្រឹមត្រូវ ហើយប្រសិនបើទារកខ្វះវីតាមីនE វិញនោះ ពួកគេអាចមានបញ្ហាចុះខ្សោយសាច់ដុំដែលកំពុងលូតលាស់។ ដូចនេះហើយ ប្រសិនបើម៉ាក់ៗសង្កេតឃើញថាអាអូនមានការពិបាកក្នុងការលូតលាស់ ឬខ្សោយ ឬហត់នឿយជាប្រចាំ ម៉ាក់ៗគួរតែញ៉ាំអាហារដែលមានផ្ទុកវីតាមីនE ឲ្យបានច្រើន។
វីតាមីនE មាននៅក្នុងប្រេងបន្លែដូចជាប្រេងសណ្ដែក ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្លែឈើ ជាដើម។
[embed-health-tool-vaccination-tool]