backup og meta

តិចនិក​ថែទាំ​ម្រាម​ដៃ​ និង​ម្រាម​ជើង​ទារក ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​គួរ​ដឹង​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 12, 2021

    តិចនិក​ថែទាំ​ម្រាម​ដៃ​ និង​ម្រាម​ជើង​ទារក ​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​គួរ​ដឹង​

    ពិត​ណាស់​ ម្រាម​ដៃ​ និង​ម្រាម​ជើង​តូច​ៗ​របស់​ទារក​ទើប​នឹង​កើត ​​ត្រូវការ​ការ​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ នៅ​ខណៈ​ពេល​ដែល​ទារក​​កំពុង​លូតលាស់​ ហើយ​ដើម្បី​ឲ្យ​ស្បែក​​អា​អូន​មាន​សភាព​​ទន់​ល្មើយ​ ព្រម​ទាំង​មាន​ក្រចក​​​កាត់​តម្រឹម​បាន​ត្រឹមត្រូវ​ និង​ស្អាត​ល្អ​ ប៉ា​ម៉ាក់​គប្បី​ចំណាយ​ពេល​​បន្តិច​ក្នុង​ការ​ថែទាំ។​

    . កាត់​តម្រឹម​ក្រចក​របស់​ទារក​ជា​ប្រចាំ

    ចូរ​កាត់​តម្រឹម​ក្រចក​​ទារក​ឲ្យ​បាន​ស្អាត​ល្អ​ ទោះបី​ជា​ក្រចក​ដៃ​ពួក​គេ​នៅ​ស្ដើង​ក៏​ដោយ ​ពីព្រោះ​ទារក​អាច​នឹង​ក្រញៅ​ ឬ​ខ្វាច​មុខ​ ឬ​រាងកាយ​​របស់​ខ្លួន។​ ជា​ទូ​ទៅ​ ក្រចក​ដៃ​​ទារក​លូតលាស់​លឿន​ណាស់​ ដូច្នេះ​ហើយ​ យើង​គប្បី​កាត់​តម្រឹម​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​។​ ចំណែក​ឯ​ក្រចក​ជើង​វិញ​មិន​សូវ​មុត​ស្រួច​ ហើយ​ក៏​លូតលាស់​យឺត​ដែរ​ ហេតុ​នេះ​ ប៉ា​ម៉ាក់​អាច​កាត់​​តម្រឹម​ក្រចក​ជើង​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ខែ​ក៏​គ្រប់គ្រាន់​ទៅ​​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​ ប៉ា​ម៉ាក់​ត្រូវ​ប្រើប្រាស់​ប្រដាប់​កាត់​ក្រចក​ ឬ​កន្ត្រៃ​កាត់​ក្រចក​សម្រាប់​ទារក​ដែល​​ស្អាត​ល្អ​ និង​មិន​ត្រូវ​កាត់​ជិត​នឹង​ស្បែក​របស់​ទារក​ពេក​ឡើយ​។​

    . ពិនិត្យ​មើល​ម្រាម​ដៃ​ និង​ម្រាម​ជើង​ជា​ញឹកញាប់

    ​​ប៉ា​ម៉ាក់​អាច​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​មាន​​អំបោះ​ ឬ​សក់​​នៅ​ជាប់​ម្រាម​ដៃ​ និង​ម្រាម​ជើង​របស់​ទារក​។​ ពិត​ណាស់​ ទារក​ទើប​នឹង​កើត​ចូលចិត្ត​ចាប់​កាន់​​របស់​ផ្សេង​ៗ​ ដែល​នេះ​គឺ​ជា​រឿង​ធម្មតា​នៃ​ការវិវត្ត​របស់​ពួក​គេ​ប៉ុណ្ណោះ​។​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ពិនិត្យ​មើល​ដៃ​ និង​ជើង​របស់​ទារក​ នៅ​រៀងរាល់​ពេល​ដែល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​ និង​ប្រើប្រាស់​ក្រណាត់​សើម​ជូត​សម្អាត​ដៃ​ និង​ជើង​​ពួក​គេ​ឲ្យ​បាន​ស្អាត​​។ ប្រសិនបើ​យើង​កត់​សម្គាល់​ឃើញ​​មាន​របួស​នៅ​ត្រង់​ម្រាម​ដៃ​ វា​អាច​នឹង​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​។ យ៉ាង​ណា​មិញ​ ប៉ា​ម៉ាក់​ត្រូវ​ប្រុងប្រយ័ត្ន​​ចំពោះ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ ដូចជា​ក្រហម​ ហើម​ ឬ​ក្ដៅ​​ជាដើម​។

    . ពាក់​ស្រោម​ដៃ​ និង​ស្រោម​ជើង​ឲ្យ​ទារក

    ស្រោម​ដៃ​ និង​ស្រោម​ជើង​​អាច​ការពារ​ទារក​ពី​ការ​ខ្វាច​ ឬ​ក្រញៅ​ខ្លួន​ និង​មុខ​របស់​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប៉ុន្តែ​ទារក​តូច​ៗ​អាច​នឹង​ធ្វើ​ឲ្យ​របូត​ស្រោម​ដៃ​ ឬ​ស្រោម​ជើង​ទាំង​​នោះ​ ហើយ​​ក៏​ចាប់ផ្ដើម​ក្រញៅ​ខ្លួន​ឯង​​ដដែល​​ ហេតុ​នេះ​ហើយ​ ការ​កាត់​តម្រឹម​ក្រចក​ដៃ​ និង​ក្រចក​ជើង​របស់​ពួក​គេ​ គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ដែល​ប៉ា​ម៉ាក់​មិន​គួរ​ធ្វេសប្រហែស​ឡើយ​។

    ម្រាមជើង

    . ប្រើ​ឡេ​លាប​ស្បែក​សម្រាប់​ទារក

    ​​​​ប្រសិនបើ​ស្បែក​របស់​ទារក​មិន​ស្ងួត​ទេ​នោះ​ ប៉ា​ម៉ាក់​ក៏​មិន​ចាំបាច់​ប្រើប្រាស់​ឡេ​លាប​ស្បែក​នោះ​ដែរ។​ ​ការ​របក​ស្បែក​នៅ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ពេល​កើត​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ទារក​ ហើយ​វា​ក៏​មិន​បង្ក​ជា​គ្រោះថ្នាក់​ ឬ​ការ​ឈឺចាប់​ណាមួយ​ដែរ​។​ ប៉ុន្តែ​ ប៉ា​ម៉ាក់​អាច​ប្រើប្រាស់​ឡេ​លាប​ស្បែក​ឲ្យ​កូន​បាន​ ប្រសិនបើ​ចង់​ឲ្យ​ស្បែក​របស់​ពួក​គេ​​មាន​សំណើម​ល្អ​ និង​ទន់​ល្មើយ​ ដោយ​លាប​​នៅ​ក្នុង​បរិមាណ​តិចតួច​ បន្ទាប់​ពី​ងូត​ទឹក​រួច​ ដើម្បី​​រក្សា​សំណើម​នៅ​ស្បែក​ឲ្យ​ជាប់​បាន​យូរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម