backup og meta

កូន​ហើម​ភ្នែក​បណ្ដាល​មក​ពី​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 01, 2021

    កូន​ហើម​ភ្នែក​បណ្ដាល​មក​ពី​អ្វី​? គួរ​ដោះស្រាយ​បែប​ណា​?​

    នៅ​ពេល​ដែល​​កូន​តូច​មាន​អាការៈ​ហើម​ភ្នែក​ ប៉ា​ម៉ាក់​ច្បាស់​ជា​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាំង​មិន​ខាន​។​ ពិត​ណាស់​ កូន​នៅ​តូច​មិន​អាច​​និយាយ​ប្រាប់​យើង​អំពី​អាការៈ​របស់​ខ្លួន​បាន​ឡើយ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​សង្កេត​​មើល​សញ្ញា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​​កូនហើម​ត្របក​ភ្នែក ក្រហម​ ​ឬ​ចេញ​ទឹក​ភ្នែក​។​ យ៉ាង​ណា​មិញ អាការៈ​ហើម​ភ្នែក​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​ករណី​​ខ្លះ​ទៀត​​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ប្រសិនបើ​ប៉ា​ម៉ាក់​មិន​ឆាប់​រក​វិធី​ព្យាបាល​ទេ​នោះ​។​

    ជា​ទូទៅ​ អាការៈ​ហើម​ភ្នែក​អាច​បណ្ដាល​មក​ពី​កត្តា​ទាំង​នេះ​

    ១. អាលែកហ្ស៊ី​

    ​​​​​​ប្រសិនបើ​ទារក​ប៉ះពាល់​ទៅ​នឹង​សារធាតុ​ដែល​ធ្វើ​ឲ្យ​រលាក​ក្រហាយ​ ដូចជា​ផ្សែង​បារី​ លម្អង​ ឬ​ពពួក​ចៃ​ អា​អូន​អាច​នឹង​វិវត្ត​ទៅ​ជា​ប្រតិកម្ម​អាលែកហ្ស៊ី​​យ៉ាង​ងាយ​។​ ជា​ទូទៅ​ វា​នឹង​បណ្ដាល​ឲ្យ​កើត​មាន​រោគ​សញ្ញា​​មួយ​ចំនួន​ដូចជា​ហើម និង​ក្រហម​នៅ​លើ​ត្របក​ភ្នែក​ភ្លាម​ៗ​ ដូច​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​​​សង្កេត​មើល​​ថា​កូន​​បាន​ប៉ះពាល់​អ្វី​​ខ្លះ​នៅ​ពេល​ថ្មី​ៗ​នេះ​។

    ២​. មូស​ខាំ​

    ​​​មូស​ខាំ​ក៏​អាច​ធ្វើ​ឲ្យ​ភ្នែក​ហើម​ផង​ដែរ​។​ ការ​ហើម​ប្រភេទ​នេះ​ គឺ​មិន​មាន​ការ​ឈឺ​ចាប់​ឡើយ​ ប៉ុន្តែ​វា​​​អាច​​រមាស់​រហូត​ដល់​១០​ថ្ងៃ​ឯ​ណោះ​​ចំពោះ​ទារក​តូច​ៗ​។​ ​ការ​ហើម​ដោយ​សារ​មូស​ខាំ​​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ក្រហម​។

    ​៣. រង​របួស

    ​រាល់​ការ​រង​របួស​ក្បាល​​ណា​មួយ ដែល​នៅ​ជិត​ភ្នែក​ អាច​បណ្ដាល​ឲ្យ​ទារក​​មាន​អាការៈ​ហើម​ភ្នែក​ ​រលាក​ ​ឬ​ក្រហម។​ សម្រាប់​កូន​ក្មេង​ដែល​ទើប​ចេះ​ដើរ​ ងាយ​នឹង​រង​របួស​​ណាស់​​ ពីព្រោះ​ពួក​គេ​ផ្លាស់ទី​ញឹកញាប់​។​

    ៤. ពពែ​ឆ្កែ​ និង​បូស​ត្របក​ភ្នែក

    យោង​តាម​សិក្សា​​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ពពែ​ឆ្កែ​កើត​ឡើង​នៅ​ពេល​ដែល​ឫស​រោម​ភ្នែក​រលាក​។​ ពពែ​ឆ្កែ​ភាគ​ច្រើន​មាន​ការ​ឈឺចាប់​ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​។​ រី​ឯ​បូស​ត្របក​ភ្នែក​វិញ​ កើត​ឡើង​នៅ​ជិត​ត្របក​ភ្នែក​ នៅ​ពេល​ដែល​​ក្រពេញ​ផលិត​ខ្លាញ់​ចាប់ផ្ដើម​ហើម​ និង​​ស្ទះ​រន្ធ​ខ្លាញ់​​។

    ទារកហើមភ្នែក២

    ៥. អៀ​ភ្នែក​

    ត្របក​ភ្នែក​​​របស់​យើង​មាន​ក្រពេញ​ខ្លាញ់​ ដែល​ជួន​កាល​អាច​កក​ស្ទះ​ ឬ​រលាក​។​ កត្តា​នេះ​អាច​បណ្ដាល​ឲ្យ​កើត​មាន​អៀ​ភ្នែក​ ដែល​ប៉ា​ម៉ាក់​​​អាច​សង្កេត​​ឃើញ​​នៅ​ពេល​ព្រឹក​។​ រោគសញ្ញា​នៃ​​ជំងឺ​នេះ រួម​មាន​ហើម​ត្របក​ភ្នែក​ ​ឬ​រមាស់​ជា​ដើម​។

    រូបមន្ត​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ហើម​ភ្នែក​កើត​មាន​លើ​ទារក​

    ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​បញ្ហា​ហើម​ភ្នែក​នេះ​ ដូចជា​ចៃ​ លម្អង​ និង​ទឹក​ដោះ​គោ​ជា​ដើម។​ ដូច​នេះ​ ប៉ា​ម៉ាក់​អាច​សាកល្បង​រូបមន្ត​ងាយ​ៗ​ទាំង​នេះ​ ដើម្បី​កម្ចាត់​បញ្ហា​ហើម​ភ្នែក​។

    ១. ​ស្អំ​​កន្សែង​ត្រជាក់​​

    តិចនិក​ដ៏​សាមញ្ញ​មួយ ដើម្បី​កម្ចាត់​អាការៈ​ហើម​ភ្នែក​ គឺ​ស្អំ​កន្សែង​​ត្រជាក់​នៅ​បរិវេណ​ភ្នែក​របស់​ទារក​រយៈពេល​ពីរ​បី​នាទី​ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើម​ និង​ក្រហម​។

    ២. ថែទាំ​ភ្នែក​ឲ្យ​ស្អាត​ល្អ​​​

    ​ដើម្បី​ការពារ​​បញ្ហា​ហើម​ភ្នែក​ ចូរ​រក្សា​បរិវេណ​ភ្នែក​ឲ្យ​​ស្អាត​​ល្អ ជាមួយ​នឹង​កំណាត់​សើម​ និង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។​ នៅ​ក្នុង​ករណី​ដែល​​ភ្នែក​របស់​ទារក​ឆ្លង​មេរោគ ចូរ​ជូត​សម្អាត​បរិវេណ​ភ្នែក​ជាមួយ​នឹង​កំណាត់​ត្រជាក់​។​ បន្ថែម​ពី​នេះ​ ប៉ា​ម៉ាក់​គប្បី​កក់​សក់​ឲ្យ​ទារក​ជា​ប្រចាំ​ ពីព្រោះ​សក់​អាច​ផ្ទុក​លម្អង​ ឬ​ចៃ​ ដែល​អាច​បណ្ដាល​ឲ្យ​រលាក​ភ្នែក​។

    ៣. ​សម្អាត​ពូក​ ឬ​ខ្នើយ​ជា​រៀងរាល់​សប្ដាហ៍​

    ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ហើម​ភ្នែក​ ដែល​បណ្ដាល​មក​ពី​​​​ភ្នាក់​ងារ​បង្ក​​អាលែកហ្ស៊ី ចូរ​សម្អាត​ពូក​ ឬ​ខ្នើយ​ជា​រៀង​រាល់​សប្ដាហ៍​​ជាមួយ​នឹង​ទឹក​ក្ដៅ។​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​កម្រាល​ព្រំ​ជា​ប្រចាំ​ផង​ដែរ​។

    ​​សញ្ញា​គ្រោះថ្នាក់​ ដែល​ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​នឹង​​គ្រូពេទ្យ​​​

    ជា​ទូ​ទៅ​​ អាការៈ​ហើម​តិចតួច​ដែល​​យើង​អាច​ដឹង​អំពី​មូលហេតុ​បង្ក​ គឺ​មិន​មាន​គ្រោះថ្នាក់​ឡើយ​ ហើយ​ថែម​ទាំង​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ នៅ​ក្នុង​ករណី​ភាគ​ច្រើន​ កូន​​ត្រូវការ​ការ​ព្យាបាល​ពី​គ្រូពេទ្យ​​ឲ្យ​បាន​ត្រឹម​ត្រូវ​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ប្រសិនបើ​ទារក​មាន​អាការៈ​ដូច​ខាង​ក្រោម​៖

    • ហើម​ភ្នែក​​ធ្ងន់ធ្ងរ
    • មាន​អាការៈ​ហើម​ភ្នែក​ លាយ​ឡំ​នឹង​គ្រុន​ក្ដៅ​
    • ក្រហម​ភ្នែក​ខ្លាំង​ ឬ​មាន​ការ​ឈឺ​ចាប់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម