backup og meta

លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2021

    លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​

    រាល់​ពេល​ផ្លាស់ប្ដូរ​ខោ​ទឹក​នោម​​ប្រចាំ​ថ្ងៃ​ ប៉ា​ម៉ាក់​ប្រាកដ​ជា​ពិនិត្យ​មើល​​លាមក​របស់​កូនមិន​ខាន​។​ ទំហំ​ ពណ៌​ ក្លិន​នៃ​លាមក​អាច​មាន​លក្ខណៈ​ស្រដៀង​គ្នា​នៅ​រយៈពេល​ពីរ​បី​សប្ដាហ៍ដំបូង​​។​ ប៉ុន្តែ​ ប្រសិនបើ​​លាមកមាន​ពណ៌​បៃតង​ជំនួស​ឲ្យ​ពណ៌​លឿង​វិញ​នោះ​ តើ​ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​យ៉ាង​ណា​? ពិត​ណាស់​ លាមក​ពណ៌​បៃតង​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ យ៉ាង​ណា​មិញ​ ប៉ា​​ម៉ាក់​គប្បី​ស្វែង​យល់​អំពី​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់​ ទើប​ជា​ការ​ប្រសើរ​។

    មូលហេតុ​បណ្ដាល​ឲ្យ​​​លាមក​ទារក​មាន​ពណ៌​បៃ​តង​

    ប៉ា​ម៉ាក់​ច្បាស់​ជា​ចង់​ដឹង​​ថា​ ហេតុ​អ្វី​លាមក​របស់​អូនៗ​​មាន​ពណ៌​បៃតង​។​ ពិត​ណាស់​ មូលហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ នឹង​អាច​បកស្រាយ​ចម្ងល់​របស់​ប៉ា​ម៉ាក់​​មិន​ខាន។

    ១. លាមក​ព្រៃ

    នៅ​ពេល​បំបៅ​ដោះ​​បន្ទាប់​ពី​សម្រាល​រួច​​ ទារក​នឹង​មាន​លាមក​ពណ៌​បៃតង​ចាស់​ ដែល​ជា​លាមក​ដំបូង​របស់​​ទារក​ទើប​កើត​។​ ខណៈ​ពេល​ដែល​​អា​អូន​​​បន្ត​​បៅ​ដោះ​ លាមក​នឹង​ចាប់ផ្ដើម​ប្រែប្រួល​ពី​ពណ៌​ខ្មៅ បៃតង ឬ​ត្នោត​ ទៅ​ជា​ពណ៌​លឿង​ជំនួស​វិញ​។​ កត្តា​នេះ​គឺ​ជា​រឿង​ធម្មជាតិ​ ហើយ​ពុំ​​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ​។

    ​​​២. របប​អាហារ​របស់​កូន​​

    ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​បញ្ចូល​បន្លែ​ស្លឹក​បៃតង​​ ដូចជា​ស្ពៃ​ពួយឡេង​ ឬ​សណ្ដែក​បារាំង​​ពេល​កូន​ចេះញ៉ាំអាហារ ក៏​អាច​ធ្វើ​ឲ្យ​លាមក​របស់​កូន​​មាន​ពណ៌​បៃតង​ដែរ​ ពីព្រោះ​អូនៗអាច​​​​ញ៉ាំ​អាហារ​លឿន​ពេក​ ដោយ​មិន​​ទំពា​ឲ្យ​បាន​ត្រឹមត្រូវ ឬ​អាហារ​បាន​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​លឿន​ពេក​។

    ៣. ដុះ​ធ្មេញ​

    នៅ​ពេល​ដែល​ទារក​​ចាប់ផ្ដើម​ដុះ​ធ្មេញ​ ពួក​គេ​នឹង​លេប​ទឹក​មាត់​ច្រើន​ជ្រុល​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ពោះវៀន​។​ ការ​រលាក​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​លាមក​អា​អូន​មាន​ពណ៌​បៃតង​ និង​មាន​ជាតិ​រម្អិល​​។

    លាមកបៃតង២

    ៤. ជំងឺ​

    ទារក​អាច​ឆ្លង​មេរោគ​ ឬ​អាច​មាន​ជំងឺ​រោគនៅ​​ក្រពះ​ (stomach flu) ​ដែល​បណ្ដាល​ឲ្យ​អា​អូន​មាន​បញ្ហា​រាករូស​​មាន​ទម្រង់​ជា​លាមក​ពណ៌​បៃតង​លាយ​ទឹក​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​ម៉ាក់​ៗ​គប្បី​បន្ត​បំបៅ​ដោះ​ឲ្យ​​កូន​ ពី​ព្រោះ​ទឹក​ដោះ​មាន​ផ្ទុក​អង់ទីករ​ដែល​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ប្រសិនបើ​បញ្ហា​នេះ​បន្ត​ច្រើន​ជាង​ពីរ​បី​ថ្ងៃ​ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ពីព្រោះ​ទារក​អាច​មាន​ហានិភ័យ​នៃ​កង្វះ​ជាតិ​ទឹក​។

    សញ្ញា​ទាំង​នេះ បញ្ជាក់​ថា​ទារក​ខ្វះ​ជាតិ​ទឹក

  • យំ​គ្មាន​ទឹក​ភ្នែក​
  • ស្ងួត​បបូរ​មាត់​ និង​មាត់​
  • ​មិន​នោម​ក្នុង​រយៈពេល​ច្រើន​ជាង​៣​ម៉ោង​
  • ភ្នែក​រូង​​ ឬ​ថ្ពាល់​​ផត​​
  • ​​៥. របប​អាហារ​របស់​ម្ដាយ​

    ប្រសិនបើ​របប​អាហារ​របស់​ម៉ាក់​ៗ​​មាន​បន្លែ​ស្លឹក​បៃតង​ច្រើន​ពេក​ ដូចជា​ស្ពៃ​ពួយ​ឡេង​ និង​សណ្ដែក​បារាំង​ ឬ​ញ៉ាំ​អាហារ​ណា​ដែល​មាន​បន្ថែម​ជាតិ​ពណ៌​ ​កត្តា​នេះ​​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​របស់​ទារក​មាន​ពណ៌​បៃតង​ដែរ​ ប៉ុន្តែ​វា​មិន​បង្ក​ជា​គ្រោះថ្នាក់​ណា​មួយ​ឡើយ​។

    វិធីសាស្ត្រ​​បញ្ចៀស​លាមក​ពណ៌​បៃតង​​ចំពោះ​ទារក​

    • ​ជៀសវាង​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​ច្រើន​ពេក​
    • ជៀសវាង​ឲ្យ​ទារក​បៅ​ទឹក​ដោះ​គោ​
    • តាមដាន​ប្រវត្តិ​ជំងឺ​របស់​ប៉ា​ម៉ាក់​ ដើម្បី​ជៀសវាង​ផ្ដល់​អាហារ​ណា​ដែល​អាច​បណ្ដាល​ឲ្យ​ទារក​អាលែកហ្ស៊ី​ និង​កត់​ចំណាំ​ចំពោះ​ប្រភេទ​អាហារ​ដែល​ធ្វើ​ឲ្យ​ទារក​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​។

    ប្រសិនបើ​ទារក​​ខ្វះ​ជាតិ​ទឹក​ ក្អួត​លើស​ពី ២៤​ម៉ោង​ ​មាន​អាការៈ​ក្ដៅ​ខ្លួន​​ ព្រម​ទាំង​មិន​ព្រម​ញ៉ាំ​អាហារ​ ផង​នោះ​ ចូរ​ប្រញាប់​នាំ​កូន​ទៅ​ជួប​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម