ថែទាំទារកតូច តាមមេតូតកង់ហ្គូរ៉ូ (ប៉ះជាប់ស្បែក) ផ្ដល់ប្រយោជន៍ច្រើនដល់កូន
ការមើលទាំកូនឲ្យបានដិតដល់ល្អ ជាកាតព្វកិច្ច និងគោលបំណងចាំបាច់បំផុតសម្រាប់ម៉ាក់ប៉ាគ្រប់រូប ហើយយើងជាម៉ាក់ប៉ាឲ្យតែឮថា តិចនិកនេះ តិចនិកនោះ ចិញ្ចឹមកូនមើលថែកូនបានល្អ ច្បាស់ជាសាកល្បងលើកូនយើងដែរ។ ក្នុងចំណោមតិចនិកថែទាំទារកជាច្រើន ក្បួនមេតូតកង់ហ្គូរ៉ូ ក៏ជាវិធីមួយផ្ដល់ប្រយោជន៍ច្រើនដល់កូនយើង ពិសេសទារកតូចៗ ឬទារកមិនទាន់គ្រប់ខែ។

យោងតាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ការថែទាំទារកតាមបែបមេតូតកង់ហ្គូរ៉ូ ជាការថែទាំទារកតូច ឲ្យប៉ះជាប់នឹងស្បែកម្ដាយ ដើម្បីឲ្យទារកទទួលកម្ដៅពីម្ដាយ។ វិធីនេះមានភាពសាមញ្ញ មិនមានភាពស្មុកស្មាញ តែមានប្រសិទ្ធភាពបំផុត សម្រាប់ជួយម្ដាយដែលមានទារកកើតមិនគ្រប់ខែ ឬមានគីឡូតិចពីកំណើត (តិចជាង ២៥០០ក្រាម)។ ផលប្រយោជន៍នៃការថែទាំនេះ
– ទារកទទួលកម្ដៅគ្រប់គ្រាន់ពីម្ដាយ
ទារកមានគីឡូពីកំណើតតិច ឬមិនគ្រប់ខែ សរីរាង្គអាអូនងាយនឹងបាត់បង់កម្ដៅ ដោយសារប្រព័ន្ធការពារកម្ដៅរបស់ទារកខ្សោយ ហើយអាអូនតូចៗ ពុំមានស្រទាប់ជាតិខ្លាញ់នៅក្នុងខ្លួនទេ។ ការបាត់បង់កម្ដៅចំពោះទារកតូចៗ និងមិនគ្រប់ខែ អាចបណ្ដាលឲ្យទារកមានគ្រោះថ្នាក់អាយុជីវិតរយៈពេលខ្លី។
– ទារកឆាប់ចង់បៅ
ទារកទើបនឹងកើត មិនអាចមើលឃើញមុខម្ដាយទេ តែអាអូនអាចធំក្លិនម្ដាយ ដែលក្លិននេះអាចរំញោចឲ្យទារកចង់បៅដោះម៉ាក់ៗ ជាហេតុធ្វើឲ្យអាអូនឆាប់ឡើងគីឡូ។
– ទារកអាចដកដង្ហើមបានទៀងទាត់
ទារកមិនគ្រប់ខែ ប្រព័ន្ធផ្លូវដង្ហើមដែលមាននៅផ្នែកខួរក្បាលរបស់កូននៅខ្ចីនៅឡើយ ដែលងាយធ្វើឲ្យទារកឆាប់ភ្លេចដកដង្ហើម។ ការដាក់ទារកលើទ្រូងម៉ាក់ ជួយឲ្យអាអូនស្ដាប់ឮចង្វាក់បេះដូងម្ដាយ ដែលការស្កាប់ឮនេះ រំញោចឲ្យទារកធ្វើការដកដង្ហើមទៀងទាត់មកវិញ។
– កាត់បន្ថយការឆ្លងរោគក្នុងមន្ទីរពេទ្យ
ទារកតូច ឬមិនគ្រប់ខែមានប្រព័ន្ធការពារសរីរាង្គខ្ចី ឬខ្សោយ ដូចនេះទារកស្ថិតក្នុងកន្លែងសង្គ្រោះយូរ ងាយនឹងចាប់យកមេរោគពីខាងក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ការដាក់ទារកឲ្យនៅជាមួយម្ដាយ ធ្វើឲ្យទារកចង់បៅដោះម៉ាក់ ដែលទឹកដោះម្ដាយសម្បូរទៅដោយប្រព័ន្ធការពារ (អង់ទីករ) ជួយទារករួចផុតពីការឆ្លងរោគក្នុងមន្ទីរពេទ្យ។
លើសពីនេះ តិចនិកថែទាំទារក មេតូតកង់ហ្គូរ៉ូ បង្កើតទំនាក់ទំនងស្និទ្ធស្នាលរវាងម្ដាយ និងកូនតូច ដែលជួយឲ្យម៉ាក់បាត់អារម្មណ៍តានតឹងពីការថែទាំកូន និងជួយឲ្យម៉ាក់ៗមានភាពម្ចាស់ការ ក្នុងការថែទាំទារកនៅពេលដែលចេញពីពេទ្យទៅផ្ទះ ហើយការថែទាំតាមវិធីកង់ហ្គូរ៉ូនេះ ជួយកាត់បន្ថយការសម្រាកពេទ្យយូរ។
ប្រសិទ្ធភាពនៃការថែទាំតាមបែបវិធីសាស្ត្រនេះ គឺអាស្រ័យលើពេលវេលា។ បើម៉ាក់ៗដាក់កូនជាប់ទ្រូង ជាប់ស្បែកកាន់តែយូរ ប្រសិទ្ធភាពកាន់តែល្អ ព្រោះកូននឹងបានទទួលកម្ដៅពីម្ដាយគ្រប់គ្រាន់ ធ្វើឲ្យទារកឡើងគីឡូបាន។