backup og meta

កូនតូចយំពេលជុះម្ដងៗ អាចមកពីមូលហេតុទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 12, 2021

    កូនតូចយំពេលជុះម្ដងៗ អាចមកពីមូលហេតុទាំងនេះ

    ​​ទារក​ទើប​កើត​មិន​ទាន់​​ស៊ាំ​ទៅ​នឹង​មុខងារ​ផ្សេង​ៗ​នៃ​រាងកាយ​របស់​ពួក​គេ​នៅ​ឡើយ​។​ ដូច្នេះ​ហើយ​ ទារក​មួយ​ចំនួន​អាច​នឹង​យំ​នៅ​ពេល​​ពួក​គេ​បន្ទោបង់​ ពីព្រោះ​​តែ​​អា​អូន​មាន​អារម្មណ៍​ចម្លែក​។​ យ៉ាង​ណា​មិញ​ ពេល​ខ្លះ ទារក​អាច​យំ​នៅ​ពេល​បន្ទោបង់​បណ្ដាល​មក​ពី​ការ​ឈឺ​ចាប់​ ឬ​បញ្ហា​ក្រពះ​ជា​ដើម​​។

    ប្រសិនបើ​​ទារក​តែងតែ​យំ​នៅ​ពេល​បន្ទោបង់​ ម៉ាក់​ៗ​គប្បី​សង្កេត​មើល​រោគ​សញ្ញា​បន្ថែម​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​មូលហេតុ​ ក៏​ដូចជា​ស្វែង​រក​ការ​ព្យាបាល​ដ៏​សមស្រប​។

    ១. ​ទទួល​អារម្មណ៍​​នៃ​ការ​បន្ទោបង់

    ប្រសិនបើ​អា​អូន​យំ​នៅ​ពេល​បន្ទោបង់​នៅ​ប៉ុន្មាន​ថ្ងៃ​ដំបូង​ វា​អាច​ដោយសារ​តែ​ពួក​គេ​កំពុង​តែ​សម្រប​ខ្លួន​ទៅ​នឹង​អារម្មណ៍​នៃ​ការ​បន្ទោបង់​​។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​មក​ពី​សាច់ដុំ​ពោះ​របស់​ទារក​នៅ​មិន​ទាន់​លូត​លាស់​នៅ​ឡើយ​ ដែល​ពិបាក​ឲ្យ​លាមក​ឆ្លង​កាត់​។ បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ ហើយ​ម៉ាក់​ៗ​ក៏​មិន​ចាំបាច់​បារម្ភ​ដែរ​ ពីព្រោះ​ពួក​គេ​នឹង​ស៊ាំ​ចំពោះ​រឿង​នេះ​​ក្នុង​ពេល​ឆាប់​ៗ​មិន​ខាន​។

    ២. ទល់​លាមក​

    ទារក​តូច​ៗ​ក៏​អាច​ប្រឈម​នឹង​ការ​ទល់​លាមក​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​យំ​នៅ​ពេល​បន្ទោបង់​។​ ប្រសិនបើ​ទារក​បន្ទោបង់​ពិបាក​ និង​មិន​ទៀងទាត់​ ពួក​គេ​​អាច​នឹង​មាន​បញ្ហា​ទល់​លាមក​។​ សញ្ញា​ទូទៅ​ដែល​បញ្ជាក់​ថា​ទារក​ទល់​លាមក​៖

    • ​មួម៉ៅ​
    • ក្អែល​
    • លាមក​រឹង​ និង​ស្ងួត​
    • មាន​ការ​ឈឺចាប់​នៅ​ពេល​បន្ទោបង់​
    • ឈឺ​ពោះ​ និង​ហើម​ពោះ​
    • បន្ទោបង់​តិច​ជាង​៣​ដង​ក្នុង​មួយ​សប្ដាហ៍

    ៣. ការ​ពិបាក​ក្នុង​ការ​​បន្ទោបង់ (Infant dyschezia)

    ​ស្ថានភាព​នេះ​ គឺ​នៅ​ពេល​ដែល​ទារក​យំ​លើស​ពី​១០​នាទី​ មុន​ពេល​បន្ទោបង់​។​ មុខ​របស់​ទារក​អាច​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ ឬ​ស្វាយ​ រហូត​ដល់​ពេល​លាមក​​ទន់​ ឬ​រាវ​ឆ្លងកាត់​។​ បញ្ហា​នេះ​គឺ​ជា​រឿង​ធម្មតា​ និង​កើត​ឡើង​ជា​ទូទៅ​ ហើយ​វា​នឹង​បាត់​ទៅ​វិញ​បន្ទាប់​ពី​រយៈពេល​ពីរ​បី​សប្ដាហ៍​។

    ​​​៤. ការ​ប្រេះ​រន្ធ​គូទ

    ក្នុង​ករណី​ដែល​អា​អូន​មាន​អាការៈ​ទល់​លាមក​រ៉ាំរ៉ៃ ពួក​គេ​អាច​នឹង​វិវត្ត​ទៅ​ជា​ការ​ប្រេះ​រន្ធ​គូទ​ ដោយ​មាន​ការ​ដាច់​រលាត​តូច​មួយ​នៃ​ស្បែក​ក្នុង​ស្រទាប់​នៃ​រន្ធ​គូទ​ ឬ​ចង្អូរ​គូទ​ ដែល​​បណ្ដាល​មក​ពី​ការ​បន្ទោបង់​លាមក​រឹង​។​

    ៥. ​ការ​ចុក​ពោះ

    ​អាការៈ​ចុក​ពោះ​ប៉ះពាល់​ដល់​ទារក​ប្រមាណ​១០%ទៅ​៤០% និង​កើត​ឡើង​​ភាគ​ច្រើន​នៅ​ពេល​ដែល​ទារក​មាន​អាយុ​ប្រហែល​៦​សប្ដាហ៍​។​ ទារក​អាច​នឹង​យំ​ខ្លាំង​ ប្រសិនបើ​ពួក​គេ​ចុក​ពោះ​។ រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន​ លាមក​មាន​ឈាម​ មាន​ហ្គាស​ច្រើន​ និង​ឈឺ​ចាប់​នៅ​ពេល​បន្ទោបង់​ កន្ទួល​រមាស់​ស្បែក​ និង​ក្អួត​។​ ​​

    ជុះយំ២

    ​ប៉ា​ម៉ាក់​គួរ​បារម្ភ​នៅ​ពេល​ណា​?

    ការ​យំ​តិចតួច​ និង​ម្ដងម្កាល នៅ​ពេល​បន្ទោបង់​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ទារក​។​ ប៉ុន្តែ​ ប្រសិនបើ​កូន​​យំ​ខ្លាំង​ អំឡុង​ពេល​បន្ទោបង់​ ​មាន​អាការៈ​គ្រុន​ក្ដៅ​ ​ពិបាក​ក្នុង​ការ​បំបៅ​ដោះ​ ​និង​លាមក​មាន​ឈាម​ ​ប៉ា​ម៉ាក់​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​។

    តិចនិក​ជួយ​​​​​​ឲ្យ​ទារក​​ឈប់​យំ​​ នៅ​ពេល​បន្ទោបង់​

    ​ប៉ា​ម៉ាក់​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ ដើម្បី​ជួយ​បំបាត់​ការ​ឈឺចាប់​របស់​ទារក​ និង​កុំ​ឲ្យ​ពួក​គេ​យំ​ នៅ​ពេល​បន្ទោបង់​​។

  • ប្រសិនបើ​អា​អូន​បៅ​ទឹក​ដោះ​ម្ដាយ ម៉ាក់​ៗ​គប្បី​ផ្លាស់ប្ដូរ​របប​អាហារ​របស់​ខ្លួន ដើម្បី​​ឲ្យ​ទារក​បន្ទោបង់​លាមក​ទន់​។​ ក្នុង​ករណី​បំបៅ​​ទឹក​ដោះ​​គោ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ​ ឬ​គ្រូពេទ្យ​។
  • បញ្ចូល​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ដូចជា​ផ្កា​ខាត់​ណា​បៃតង​ ផ្លែ​សារី​ និង​ផ្លែ​ចេក​នៅ​ក្នុង​របប​អាហារ​របស់​កូន​ ចំពោះ​កូនដែលអាច​​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង​បាន​។
  • ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ទារក​ ដោយ​ការ​បំបៅ​ញឹកញាប់​។​ សម្រាប់​ទារក​ដែល​មាន​អាយុ​លើស​ពី​៦​ខែ​ ម៉ាក់​ៗ​អាច​ឲ្យ​ពួក​គេ​ញ៉ាំ​ទឹក​​បន្ថែម​​។
  • ម៉ាស្សា​ថ្នម​ៗ​នៅ​រន្ធ​ផ្ចិត​ និង​បរិវេណ​ពោះ​។​
  • ​ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​នៅ​លើ​ពោះ​របស់​ទារក​ ដើម្បី​ឲ្យ​អា​អូន​បន្ទោបង់​ងាយ​ស្រួល​ និង​ធ្វើ​បែប​នេះ​​រៀងរាល់​ពេល​​បំបៅ​រួច​។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម