គ្នាយើងមួយចំនួនច្បាស់ជាយល់ឃើញថា អាការៈត្អើក ជាអាការៈដ៏រំខានមួយ ពិសេសពេលយើងកំពុងញ៉ាំអាហារហើយត្អើកកើតឡើង។ ស្របគ្នានេះ ទារកក៏អាចត្អើកដូចមនុស្សធំដែរ ប៉ុន្តែម៉ាក់ប៉ាមួយចំនួនបែរជាកើតក្ដីបារម្ភទាក់ទងនឹងបញ្ហាទារកត្អើកញឹកញាប់។ តែកុំបារម្ភ! អត្ថបទនេះនឹងបកស្រាយពីមូលហេតុទារកត្អើកញឹកញាប់ និងដំណោះស្រាយសម្រាប់ម៉ាក់ប៉ាជួយអាអូន។
មូលហេតុទារកត្អើកញឹកញាប់ អាចបណ្ដាលមកពីយើងព្យាយាមឲ្យកូនម៉ឹមលឿន ម៉ឹមឆ្អែតពេក ញ៉ាំច្រើនពេក ផឹកច្រើន ឬលឿនព្រោះវាបណ្ដាលឲ្យឈ្លក់ កូនលេបខ្យល់ចូលក្នុងពោះ ហើយកត្តាផ្លាស់ប្ដូរអាកាសធាតុក៏អាចបណ្ដាលឲ្យទារកជួបបញ្ហានេះច្រើនដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
លោកបន្ថែមឲ្យដឹងថា មូលហេតុទារកត្អើកញឹកញាប់ ក៏អាចកើតឡើងដោយសារសាច់ដុំសន្ទះទ្រូង នៅសុខៗស្រាប់តែកន្ត្រាក់ភ្លាមៗ។ ក្រៅពីការត្អើកដោយសារម៉ឹមដោះម៉ាក់ៗ ឬម៉ឹមទឹកដោះគោ អាអូនក៏អាចត្អើកព្រោះតែការច្រាលក្រពះពោះវៀនដែរ។ ក្នុងករណីទារកច្រាលក្រពះពោះវៀន ត្អើកមិនមែនជារោគសញ្ញាតែមួយទេ នៅមានសញ្ញាមួយចំនួនរួមផ្សំទៀតដូចជា៖
- ក្អក
- ក្អែ
- មួម៉ៅ យំ
- ពើងទ្រូង (ពិសេសពេលកំពុងបៅ ឬក្រោយបៅរួច)។
ទោះជាងយ៉ាងណាក៏ដោយ មូលហេតុទារកត្អើកញឹកញាប់ មិនមែនជារឿងធំដុំរបស់ទារកដែលម៉ាក់ប៉ាគួរបារម្ភពេកទេ។ យើងអាចដោះស្រាយអាការៈត្អើកលើទារកបានជាមួយតិចនិកដូចជា៖
- ព្យាយាមឲ្យកូនបៅបន្ថែមតិចៗ
- លើកកូនឲ្យផ្កាប់លើស្មាយើង និងរឹតខ្នងកូនតិចៗ
- អាចពញ្ញាក់កូន បើកូនមានភាពរំញោច។
ចំណាំ៖ បើទារកត្អើកយូរដល់២ម៉ោង ម៉ាក់ប៉ាត្រូវនាំកូនទៅពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានលឿន។
[embed-health-tool-vaccination-tool]