backup og meta

បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 05, 2021

    បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់

    សម័យ​នេះ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះ​កូន​នោះ​ទេ ដោយ​មានហេតុ​ផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន ប៉ុន្តែ​ក៏​នៅ​មាន​ម៉ាក់​ៗ​ជា​ច្រើន​ទៀត​បាន​បំបៅ​ដោះ​កូន​ និង​ខ្លះ​បន្ត​បំបៅ​ដោះ​លើស​ពី​ប្រាំ​មួយ​ខែ​តាម​ការ​ណែ​នាំ​ផង​។ ការ​បំបៅ​ដោះ​មិន​មែន​មាន​ប្រយោជន៍​តែ​ចំពោះ​កូន​ទេ វា​ក៏​មាន​ប្រយោជន៍​ចំពោះ​ម៉ាក់​ៗ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​មហារីក​ក្រពេញ​អូវែ​ផង​​ដែរ​។

    ១. ការ​បំបៅ​ដោះ​ និង​ជំងឺ​មហារីក​

    ស្រីៗ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​តាំងពី​ដើម​ទី​។ ប៉ុន្តែ​វា​មិន​មែន​មាន​ប្រយោជន៍​តែ​ប៉ុណ្ណឹង​នោះ​ទេ វា​ក៏​មាន​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់​ដែរ​។

    ការ​សិក្សា​កន្លង​ទៅ​បាន​រក​ឃើញ​ថា​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​អាច​ធ្លាក់​ចុះ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​ទាំង​មុន​ពេល​អស់​រដូវ និង​ក្រោយ​អស់​រដូវ​។ អ្នក​ជំនាញ​ខាង​របប​អាហារ​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​លើស​ពី​ប្រាំ​មួយ​ខែ នឹង​បាន​ផលប្រយោជន៍​សុខភាព​បន្ថែម​ផ្សេង​ទៀត​។

    អ្នក​ជំនាញ​ពន្យល់​ថា ស្រ្តី​បំបៅ​ដោះ​កូន​ភាគ​ច្រើន​មាន​ការ​ប្រែ​ប្រួល​អ័រម៉ូន​ពេល​បំបៅ​ដោះ ដែល​នេះ​ជា​ការ​ពន្យារ​ពល​នៃ​ការ​មក​រដូវ​។ ការ​ពន្យារ​ពេល​មក​រដូវ​នេះ ធ្វើ​ឲ្យ​ស្រីៗ​កាត់​បន្ថយ​ការ​មាន​អ័រម៉ូន​មួយ​ចំនួន​ដូច​ជា​អ័រម៉ូន​អឺស្រ្តូហ្សែន ដែល​អ័រម៉ូន​ប្រភេទ​នេះ​អាច​​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​កោសិកា​មហារីក​សុដន់​។

    ​​បន្ថែម​ពី​នេះ អំឡុង​ពេល​ពពោះ និង​ពេល​បំបៅ​ដោះ​កូន ស្រ្តី​នឹង​បាត់​បង់​ជាលិកា​សុដន់ ដែល​ការ​បាត់​បង់​នេះ​អាច​ជួយ​កម្ចាត់​កោសិកា​ដែល​ងាយ​រង​ការ​ខូចខាត​DNA ។ ដូច​នេះ​ក៏​បាន​ជួយ​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​ដូច​គ្នា​។

    អ្នក​ជំនាញ​បន្ថែម​ទៀត​ថា ការ​បំបៅ​ដោះ​លើស​ពី​ប្រាំ​មួយ​ខែ​មិន​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​សុខ​ភាព​ដល់​កូន​ប៉ុណ្ណោះ​ទេ តែ​ថា​ការ​បំបៅ​ដោះ​កូន​កាន់តែ​យូរ​ម៉ាក់​ៗ​ក៏​បាន​ការ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូវែ​កាន់​តែ​ច្រើន​។

    ការ​សិក្សា​មួយ​ទៀត​នៅ​ប្រទេស​អូស្រ្តាលី​ បាន​រក​ឃើញ​ដែរ​ថា​ ស្រ្តី​បំបៅ​ដោះ​កូន​លើស​ពី​១៣​ខែ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​៦៣​ភាគ​រយ​តិច​ជាង​អ្នក​បំបៅ​ដោះ​កូន​តិច​ជាង​ប្រាំពីរ​ខែ។ សម្រាប់​ស្រ្តី​ដែល​បាន​បំបៅ​ដោះ​កូន​លើស​ពី​ម្នាក់ និង​ច្រើន​ជាង​៣១​ខែ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​ដល់​ទៅ​៩១​ភាគ​រយ​​ទាប​ជាង​ស្រ្តី​បំបៅ​ដោះ​កូន​តិច​ជាង​១០​ខែ​។

    បំបៅដោះកូនថយមហារីកសុដន់

    ២. ការ​បំបៅ​ដោះ និង​ជំងឺ​មហារីក​លើ​កូន​

    ការ​បំបៅ​ដោះ​មិន​ត្រឹម​តែ​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​លើ​កូន​ដែរ។ ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បំបៅ​ដោះ​កូន ជួយ​ការ​ពារ​កូន​ពី​បញ្ហា​លើស​ទម្ងន់ និង​ធាត់​ខ្លាំង​នៅ​ពេល​ធំ​ឡើង​។ ការ​ធាត់​លើស​ទម្ងន់ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ច្រើន​យ៉ាង​។

    មនុស្ស​ធាត់ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង មហារីក​សុដន់​ក្រោយ​អស់​រដូវ មហារីក​ស្រទាប់​ស្បូន មហារីក​បំពង់​អាហារ មហារីក​រន្ធ​គូទ និង​មហារីក​តម្រង​នោម​។

    ការ​បំបៅ​ដោះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​កូន។ អង់ទីករ​របស់​ម៉ាក់​នឹង​ផ្ទេរ​ទៅ​កូន​តាម​រយៈ​ទឹក​ដោះ​។ ការណ៍​នេះ នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កូន​មាន​​ឆ្លង​រោគ​ត្រចៀក ផ្លូវ​ដង្ហើម ក៏​ដូច​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​។ ការ​សិក្សា​ខ្លះ​ទៀត​បញ្ជាក់​ថា ក្មេង​បៅ​ដោះ​បាន​យូរ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​បញ្ហា​អាលែកហ្ស៊ី​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jul 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម