តាមធម្មតា ពេលកូនក្តៅខ្លួន ម៉ាក់ប៉ាតែងតែឲ្យកូនញ៉ាំថ្នាំបញ្ចុះកម្តៅ តែទោះយ៉ាងណាយើងមិនត្រូវឲ្យកូនលេបថ្នាំច្រើនលើសលប់ឡើយ។ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងថា ថ្នាំបញ្ចុះកម្តៅ ដ្បិតយើងអាចលេបដោយគ្មានវេជ្ជបញ្ជាក៏ពិតមែន តែការលេបលើសកំណត់អាចប៉ះពាល់សុខភាព យូរៗទៅក្មេងអាចប្រឈមនឹងការខូចថ្លើម។
ក្នុងនោះលោកវេជ្ជបណ្ឌិតណែនាំឲ្យម៉ាក់ប៉ាប្រើថ្នាំបញ្ចុះកម្តៅឲ្យបានត្រឹមត្រូវតាមការកំណត់ឲ្យប្រើដែលមានលើប្រអប់ថ្នាំ ទៅតាមអាយុ និងគីឡូរបស់កូន ទៅតាមម៉ោងកំណត់ ១ថ្ងៃប៉ុន្មានដង ដើម្បីចៀសវាងផលប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។
ចំពោះបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា គ្រូពេទ្យឯកទេសទូទៅ និងជំងឺកុមារ បានលើកឡើងថា ពពួកថ្នាំប៉ារ៉ាសេតាម៉ុលមានប្រសិទ្ធភាពបំផុតសម្រាប់បញ្ចុះកម្តៅ ឯកម្រិតនៃការប្រើវិញគឺ ១០-១៥ មិល្លីក្រាម ក្នុងទម្ងន់កូន១គីឡូក្រាម ញ៉ាំក្នុងរយៈពេល ៤-៦ម៉ោង/ម្តង។
ចំពោះមូលហេតុនៃការញ៉ាំថ្នាំបញ្ចុះកម្តៅលើសកម្រិតនាំខូចថ្លើម នាយកមន្ទីរពេទ្យកុមារបានពន្យល់ថាថ្លើមជាសរីរាង្គធ្វើមេតាបូលីស នៅពេលយើងលេបថ្នាំចូលទៅ ថ្លើមនឹងព្យាយាមបំបែក ដែលធ្វើឲ្យកោសិកាថ្លើមរងការខូចខាត ប៉ុន្តែរាងកាយយើងអាចជួសជុលការខូចខាតនេះបាន ប្រសិនបើកម្រិតដែលចូលមកក្នុងបរិមាណត្រឹមត្រូវ។ ក្នុងករណីបរិមាណដែលយើងញ៉ាំចូលមកក្នុងបរិមាណច្រើនហួសហេតុ សរីរាង្គថ្លើមនឹងព្យាយាមធ្វើមេតាបូលីសបំបែកទ្វេដង ជាហេតុនាំឲ្យរាងកាយមិនអាចជួសជុលឲ្យមកសភាពធម្មតាវិញបានទេ ដូច្នេះកោសិកាថ្លើមក្រិនឈានទៅខូចថ្លើម។
[embed-health-tool-vaccination-tool]