បើនិយាយរឿងគេង គ្មាននរណាម្នាក់នៅក្នុងផ្ទះគ្នាយើងលក់បានពេញៗភ្នែកនោះទេ ជាពិសេសបើក្នុងផ្ទះមានទារកតូចទើបកើតខែដំបូងៗ។ ជួនកាល បញ្ហាគេងមិនលក់លើទារកអាយុ ៤-៥ខែ អាចកើតឡើងលើកូន ជាហេតុបណ្ដាលឲ្យម៉ាក់ប៉ាគេងមិនបានគ្រប់គ្រាន់។ ចុះកូនគេងមិនស្ងប់បង្កឡើងដោយមូលហេតុអ្វី? គួរដោះស្រាយបែបណា?
នៅអាយុ ៤ខែ ទារកគេងប្រហែល ១២-១៦ម៉ោង/ថ្ងៃ សរុបទាំងការគេងពេលថ្ងៃ និងពេលយប់ ហើយនៅអាយុ ៥ខែ អាអូនគេងប្រហែល ១០-១១ម៉ោង/យប់ និងគេងថ្ងៃ ២-៣ដង/ថ្ងៃ។
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
មូលហេតុគេងមិនលក់លើទារកអាយុ ៤-៥ខែ
បញ្ហាគេងមិនលក់លើទារក អាយុ ៤-៥ខែ អាចកើតឡើងនៅពេលអាអូនចាប់ផ្ដើមស្វែងយល់ពីអ្វីៗជុំវិញខ្លួនកូនបានកាន់តែច្រើន។ ជាមួយនឹងវត្ថុគួរឲ្យចាប់អារម្មណ៍ និងមនុស្សប្លែកមុខនៅជុំវិញខ្លួនជាច្រើន ពោលគឺជីវិតកូនពោរពេញទៅដោយភាពសប្បាយរីករាយក្នុងដំណាក់កាលនេះ មិនគួរខ្ជះខ្ជាយពេលសម្រាប់គេង។
ម៉្យាងវិញទៀត អាអូនគេងមិនស្ងប់ពេលយប់ក៏អាចកើតឡើងដោយសារកូនគេងថ្ងៃច្រើនពេក ធ្វើឲ្យគេងឆ្អែត បែរជាពិបាកគេងពេលយប់ទៅវិញ។ ពេលខ្លះ បើអាអូនគេងថ្ងៃរសៀលពេក ដូចជាគេងថ្ងៃម៉ោង ៤-៥ល្ងាច ក៏អាចបណ្ដាលឲ្យកូនគេងមិនស្ងប់ពេលយប់ដូចគ្នា។
មូលហេតុដទៃទៀតនៃបញ្ហាគេងមិនលក់លើទារកអាយុ ៤-៥ខែ អាចមកពីកន្លែងគេងអាអូនមានបរិយាកាសមិនសមរម្យសម្រាប់ការគេងដូចជា ក្ដៅ ឬត្រជាក់ពេក មានពន្លឺភ្លឺ ឬមានសំឡេងរំខានដល់ការគេងរបស់កូនជាដើម។ ហេតុនេះហើយ ម៉ាក់ប៉ាគួរតែពិនិត្យ និងរៀបចំបរិយាកាសកន្លែងគេងរបស់កូនឲ្យបានត្រឹមត្រូវ។
តិចនិកដោះស្រាយបញ្ហាគេងមិនលក់លើទារកអាយុ ៤-៥ខែ
ដើម្បីជាដំណោះស្រាយបញ្ហាកូនតូចគេងមិនលក់ ម៉ាក់ប៉ាគួរតែបង្កើតទម្លាប់ចូលគេងឲ្យកូនបានល្អ ចាប់ផ្ដើមពីការងូតទឹកសម្អាតកូន ការបំបៅដោះ ការច្រៀងបំពេ លួងលោម ថ្នាក់ថ្នមកូនរហូតដល់គេងលក់។ អ្វីដែលម៉ាក់ប៉ាគួរកត់ចំណាំនោះគឺ ត្រូវឲ្យកូនគេងឲ្យបានគ្រប់គ្រាន់ ទាំងពេលថ្ងៃ និងពេលយប់ តែចៀសវាងឲ្យកូនគេងថ្ងៃច្រើនម៉ោង ព្រោះអាអូនអាចគេងមិនស្ងប់ពេលយប់។ បញ្ហាគេងមិនលក់លើទារកអាចជាបញ្ហាបណ្ដោះអាសន្នប៉ុណ្ណោះ ហេតុនេះម៉ាក់ប៉ាមិនគួរបារម្ភពេកទេ ប៉ុន្តែបើកូនគេងមិនលក់ច្រើនយប់ និងមានភាពមិនប្រក្រតីលើអាកប្បកិរិយា ឬសុខភាព យកល្អគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ រកមូលហេតុ និងដំណោះស្រាយឲ្យទាន់ពេលវេលា។
[embed-health-tool-vaccination-tool]