backup og meta

របៀបជូតគូទទារកទើបកើតកុំឱ្យឆ្លងមេរោគ ម៉ាក់ៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 07, 2021

    របៀបជូតគូទទារកទើបកើតកុំឱ្យឆ្លងមេរោគ ម៉ាក់ៗគួរដឹង

    ការជូតគូទឱ្យទារកត្រឹមត្រូវអាចចៀសវាងការចម្លងមេរោគ​ចូលប្រព័ន្ធផ្លូវ​ទឹកនោម​ទារក​តាម​ប្រដាប់​ភេទបាន​។  តើប៉ាម៉ាក់គួរជូតគូទឱ្យទារកបែបណា​ដើម្បីកុំឱ្យឆ្លងមេរោគ​?

    ការជូតគូទទារកអាចធ្វើឱ្យប៉ាម៉ាក់ពិបាក ឬស្មុគស្មាញ ព្រោះទារកទើបកើត​ជុះច្រើនដងក្នុង ១ថ្ងៃ ប៉ុន្តែយូរៗប៉ាម៉ាក់នឹងសុំាហើយ។ ខាងក្រោម​នេះជា​ការ​ណែនាំពីរបៀបជូតគូទឱ្យទារក៖

    ១. ការត្រៀមរបស់របរជាមុន

    • ជាដំបូងប៉ាម៉ាក់ត្រូវលាងដៃឱ្យស្អាត ចៀងវាងចម្លងមេរោគទៅកាន់ទារក។
    • ប៉ាម៉ាក់ត្រូវត្រៀមរបស់របរដូចជា ខោទឹកនោម កន្សែងសើម កន្សែង បន្ទះសំឡី ​ក្រដាសជូត​​ សំលៀក​បំពាក់​ថ្មីសម្រាប់ប្តូរឱ្យទារក កម្រាល​ការពារ​ទឹកនោមសម្រាប់​ទ្រាប់ក្រោម​ទារក​កុំឱ្យ​ប្រឡាក់​លាមក ឬទឹកនោម គ្រីម ឬឡេសម្រាប់ការពារ និងព្យាបាលកន្ទួលរមាស់ (បើចាំបាច់) ជាដើម​ទុក​ក្បែរ​ខ្លួនឱ្យរួច​។

    ២. ការសម្អាតបឋម

    បើក ឬហែកខោទឹកនោម រួចចាប់លើកកែងជើងទាំង ២ របស់អូនតូចឡើង។ បន្ទាប់មក​ប៉ាម៉ាក់​ត្រូវ​យក​ខោទឹកនោមផ្នែកមិនប្រឡាក់ជូតលាមក មួយ​ភាគធំចេញ។ រួចរុំបិទខោទឹកនោមវិញ ហើយ​ដាក់​ចូល​ថង់ និងចង់មាត់ថង់ឱ្យជិត។

    ចង់ស្វែងយល់បន្ថែមពីអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    របៀបជូតគូទឱ្យទារក

    ៣. របៀបជូត

    • ប៉ាម៉ាក់អាចជូតគូទទារកដោយប្រើបន្ទះសំឡីជ្រលក់ទឹកក្តៅឧណ្ហៗ ឬទឹកសម្អាត​ដែល​មិន​បាច់​លាង​ចេញ ឬក្រដាសសើម​​ (គ្មានជាតិ​អាល់​កុល)
    • ប៉ាម៉ាក់ត្រូវជូតពីកន្លែងដែលស្អាតបំផុតទៅកន្លែងដែលកខ្វក់បំផុត ដើម្បី​កុំឱ្យ​ចម្លងភាព​កខ្វក់​ទៅ​កន្លែង​ស្អាត
    • ចំពោះទារិកា ប៉ាម៉ាក់ត្រូវជូតពីទ្វារមាស (ជូតពីបបូរខាងក្រៅ បន្ទាប់​មកជូតផ្នែកកណ្តាល) ផ្នត់ចន្លោះភ្លៅ រួចទើបជូតគូទក្រោយគេ។
    • ពោះទារក ប៉ាម៉ាក់ត្រូវជូតលិង្គ ពងស្វាស តំបន់ក្រោមពងស្វាស ផ្នត់ចន្លោះភ្លៅ បន្ទាប់មក​ទើបជូតគូទ។
    • នៅពេលជូតស្អាតរួចរាល់អស់ហើយ ប៉ាម៉ាក់គួរយកក្រដាស់ជូតមាត់ កន្សែង ឬបន្ទះសំឡីជូតស្បែកអូនតូចឱ្យស្ងួត រួចអាចលាបគ្រីម ឬឡេដើម្បីការពារ និងព្យាបាលកន្ទួលរមាស់។
    • បន្ទាប់មកប៉ាម៉ាក់អាចស្លៀកខោទឹកនោម និងស្លៀកពាក់ឱ្យទារក​វិញ
    • ជាចុងក្រោយប៉ាម៉ាក់ត្រូវលាងសម្អាតដៃនឹងសាប៊ូឱ្យស្អាត។

    ពេលជូតគូទទារក ប៉ាម៉ាក់គួរជូតថ្នមៗ និងត្រូវជូតពីមុខទៅក្រោយ ជាពិសេស​​ពេលជូតគូទ​ឱ្យ​ទារិកា ដើម្បីចៀសវាងការចម្លងមេរោគចូលប្រព័ន្ធផ្លូវទឹកនោមតាមប្រដាប់ភេទ។ ជាពិសេស​ត្រូវ​ត្រៀមសម្ភារៈទុកក្បែរខ្លួនឱ្យហើយ ចៀសវាងខ្វះមុខខ្វះក្រោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម