ក្រោយសម្រាលកូនរួច ម៉ាក់ៗមួយចំនួននៅមិនទាន់ហ៊ានញ៉ាំអាហារបានតាមចិត្តនៅឡើយទេ ព្រោះខ្លាចទាស់ ឬខ្លាចប៉ះពាល់ដល់កូនពេលបំបៅដោះ។ ស្របគ្នានេះដែរ មានម៉ាក់ៗខ្លះ ចង់ញ៉ាំកាហ្វេតែមិនហ៊ានញ៉ាំព្រោះខ្លាចកូនបៅដោះទៅ មានបញ្ហាអីដល់កូន។
បើតាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានបកស្រាយឲ្យដឹងថា ម៉ាក់ៗដែលកំពុងបំបៅដោះកូនទាំងអស់ អាចញ៉ាំកាហ្វេបានធម្មតា វាគ្មានបញ្ហាអីគួរឲ្យបារម្ភកើតឡើងទេ ប្រសិនបើញ៉ាំនៅក្នុងបរិមាណត្រឹមត្រូវ ឬតិចតួច។ សម្រាប់ម៉ាក់ៗដែលចង់ញ៉ាំកាហ្វេអំឡុងពេលបំបៅដោះកូន អាចញ៉ាំបានចាប់ពី២-៣ពែង/ថ្ងៃ គឺជាបរិមាណល្អប្រសើរ។
លោកបន្តថា ក្នុងករណីដែលម៉ាក់ៗញ៉ាំកាហ្វេច្រើនពេកក្នុងមួយថ្ងៃ (៤-១០ពែង/ថ្ងៃ) ស្ត្រីអាចសង្កេតឃើញថា កូនដែលបៅដោះម្ដាយអាចចាប់ផ្ដើមមានអាការៈដូចជា៖
– សញ្ញានៃការគេងមិនល្អ
– វិលមុខ
– ឈឺក្បាល
– មួរមៅ ឆាប់ខឹង
– ញ័រទ្រូង ឬឡេះឡះ ជាដើម។
ដូចគ្នានេះដែរ ម៉ាក់ៗក៏ប្រឈមនឹងអាការៈខ្លះៗមាន មួរមៅ មានអារម្មណ៍ថាមិនស្រណុក ឈឺក្បាលប្រកាំង ពិបាកគេង ឈឺនោមញឹកញាប់ ឈឺពោះ ឬចង្វាក់បេះដូងដើរលឿន។ល។
វេជ្ជបណ្ឌិតរូបនេះ បញ្ជាក់ថា ម៉ាក់ៗត្រូវចាំថា សារធាតុកាហ្វអ៊ីននៅក្នុងកាហ្វេមួយកែវអាចប្រែប្រួលអាស្រ័យទៅតាមប្រភេទនៃគ្រាប់កាហ្វេ និងរយៈពេលនៃការឆុងវា។ ដូច្នេះហើយ គ្រូពេទ្យជំនាញបានណែនាំឲ្យផឹកជាតិកាហ្វេអ៊ីនចាប់ពី ២០០-៣០០ មីលីក្រាម/ថ្ងៃ បានហើយ ព្រោះវាជាបរិមាណសុវត្ថិភាពដែលម៉ាក់ៗញ៉ាំហើយ មិនខ្លាចប៉ះពាល់ដល់ខ្លួន និងកូន។
[embed-health-tool-vaccination-tool]