ម៉ាក់ៗខ្លះប្រហែលជាអាចឆ្ងល់ថាបើយើងមានបញ្ហាសម្ពាធឈាមឡើងខ្ពស់តើនៅតែអាចបំបៅដោះកូនបានឬអត់? ជាការពិតយើងអាចនៅតែបំបៅដោះកូនបានធម្មតា បើទោះបីជាយើងត្រូវប្រើថ្នាំខ្លះក៏ពិតមែន តែត្រូវចាំថាការប្រើប្រាស់ថ្នាំណាមួយត្រូវតែមានការពិភាក្សាជាមួយគ្រូពេទ្យជាមុន។
ដូចម៉ាក់ៗដឹងហើយថាការបំបៅដោះមិនត្រឹមតែមានប្រយោជន៍ដល់កូនយើងទេ តែក៏មានប្រយោជន៍ផ្នែកសុខភាពដល់យើងដូចគ្នា ទោះបីជាយើងកំពុងជួបបញ្ហាឡើងសម្ពាធឈាមខ្ពស់ក៏ដោយ។
ការបំបៅដោះកូនមិនបានធ្វើឲ្យស្ថានភាពសម្ពាធឈាមយើងកាន់តែអាក្រក់នោះទេ ប៉ុន្តែប្រហែលជាអាចជួយសម្រួលដល់សម្ពាធឈាមក្នុងរយៈពេលវែងទៅវិញទេ។ វិទ្យាស្ថានសិក្សាពីកុមាររបស់អាមេរិកបានណែនាំម៉ាក់ៗឲ្យបំបៅដោះកូនបានយ៉ាងតិច៦ខែបន្ទាប់ពីកើត។
ដូចគ្នាដែរបើយើងមានបញ្ហាសម្ពាធឈាមឡើងខ្ពស់មុនពេល និងអំឡុងពេលមានផ្ទៃពោះ យើងប្រហែលជាត្រូវការការព្យាបាលបន្តទៀតក្រោយសម្រាលកូន។ អ្វីដែលល្អសម្រាប់យើង មិនប្រាដកថាល្អសម្រាប់កូនយើងនោះទេ។ ដូចនេះហើយយើងក៏ត្រូវពិភាក្សាជាមួយគ្រូពេទ្យពីផលប្រយោជន៍នៃការបំបៅដោះ ឬទឹកដោះគោម្សៅថាល្អសម្រាប់យើង និងកូនយើង។
បើម៉ាក់ៗប្រើថ្នាំបញ្ចុះសម្ពាធឈាមអាចប៉ះពាល់កូនដែរឬទេ?
ថ្នាំបញ្ចុះសម្ពាធឈាមភាពភាគច្រើនគឺអាចចូលដល់ទឹកដោះម្ដាយក្នុងកម្រិតតិចតួចណាស់។ ថ្នាំបញ្ចុះសម្ពាធឈាមប្រើសម្រាប់ស្រ្តីមានផ្ទៃពោះ ក៏ត្រូវគេអះអាងថាមានសុវត្ថិភាពពេលម៉ាក់ៗបំបៅដោះកូនដូចគ្នា ប៉ុន្តែត្រូវចាំថាមិនមែនគ្រប់ប្រភេទថ្នាំសុទ្ធតែដូចគ្នានោះទេ។ ជាក់ស្តែងដូចជាប្រភេទថ្នាំBeta-Blockers ត្រូវគេរកឃើញថាចូលទៅក្នុងទឹកដោះម្ដាយក្នុងបរិមាណច្រើន ដែលនេះមិនល្អសម្រាប់ការបំបៅដោះទេ។
បើអ៊ីចឹងតើម៉ាក់ៗគួរប្រើទឹកដោះគោម្សៅជំនួសឲ្យការបំបៅដោះ?
ម៉ាក់ៗកុំបារម្ភពេកអី ស្រីៗផ្សេងទៀតក៏បានជួបបញ្ហាផ្សេងៗដូចយើងដែរ និងបារម្ភដូចគ្នាថាគួរតែ ឈប់បំបៅដោះកូន ឬក៏គួរនៅបន្ត។ ម៉ាក់ៗត្រូវដឹងថាទាំងការបំបៅដោះកូន និងទឹកដោះគោម្សៅ តិចឬច្រើនអាចមានផលវិជ្ជមាន និងអវិជ្ជមានចំពោះកូនយើង ដូចនេះត្រូវពិភាក្សាជាមួយគ្រូពេទ្យឲ្យបានច្បាស់ ដើម្បីជ្រើសរើសវិធីណាមួយល្អសម្រាប់យើង និងកូនយើង ក្នុងកាលៈទេសៈមួយនេះ។
ជាការពិតណាស់ការបំបៅដោះកូននៅតែត្រូវបានអ្នកជំនាញចាត់ទុកការមានប្រយោជន៍ខ្លាំងដល់អូនៗ និងនៅតែណែនាំឲ្យបំបៅដោះកូនជាជាងវិធីផ្សេង។ មួយវិញទៀត កន្លងមកទោះបីជាម៉ាក់ៗបានទទួលការព្យាបាល និងប្រើថ្នាំបញ្ចុះសម្ពាធឈាមក៏ពិតមែន តែតាមកំណត់ត្រាវេជ្ជសាស្រ្តបានអះអាងដដែលថាមានសុវត្ថិភាព។ ដូចនិយាយពីខាងលើអ៊ីចឹង បើម៉ាក់ៗកំពុងព្យាបាលបញ្ហាសម្ពាធឈាមឡើងខ្ពស់ និងត្រូវបំបៅដោះកូនទៀត គឺត្រូវតែជជែកពិភាក្សាជាមួយគ្រូពេទ្យ ថាគួរប្រើថ្នាំប្រភេទណាមិនប៉ះពាល់ដល់កូន ពេលបំបៅដោះ។
[embed-health-tool-vaccination-tool]