backup og meta

ម៉ាក់ៗ​ញ៉ាំការ៉ុតពេល​បំបៅ​ដោះ​ ស្បែកកូនអាចប្រែប្រួលបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2021

    ម៉ាក់ៗ​ញ៉ាំការ៉ុតពេល​បំបៅ​ដោះ​ ស្បែកកូនអាចប្រែប្រួលបែបនេះ

    ​នៅ​អំឡុង​ពេល​បំបៅ​ដោះ​ អ្វី​ដែល​ម៉ាក់​ៗ​ញ៉ាំ​នឹង​ជះឥទ្ធិពល​ដល់​កូន​ទាំង​ស្រុង​​។​ ប្រសិនបើ​យើង​ញ៉ាំ​ការ៉ុត​ ដើម្បី​សម្រក​ទម្ងន់​ ឬ​បង្កើន​ការ​​ញ៉ាំ​បន្លែ​ ​ទារក​​ក៏​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​នៅ​ក្នុង​ការ៉ុត​ដូច​គ្នា។​ ខណៈ​ពេល​ដែល​ការ៉ុត​គឺ​ជា​ប្រភេទ​អាហារ​សុខភាព​ ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ បញ្ហា​អាលែកហ្ស៊ី​នឹង​ការ៉ុត​ក៏​អាច​កើតឡើង​ ព្រម​ទាំង​​អាច​​ប៉ះពាល់​ដល់​ទារក​ផង​ដែរ​។​ យ៉ាង​ណា​មិញ​ ការ៉ុត​​អាច​ធ្វើ​ឲ្យ​មាន​​ការ​ផ្លាស់ប្ដូរ​សម្បុរ​ស្បែក​របស់​ក្មេង​ តែ​មិន​បង្ក​គ្រោះថ្នាក់​ណា​មួយ​ឡើយ​​។​ ចំពោះ​ទារក​ដែល​អាច​ញ៉ាំ​អាហារ​រឹង​បាន​ ការ​ញ៉ាំ​ការ៉ុត​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ឆាប់​ឆ្អែត​ជាង​មុន​។

    ១. ​ស្បែក​លឿង​ 

    ការ៉ុត​ផ្ទុក​សារធាតុ​Beta-carotene ច្រើន​ ហើយ​​សារធាតុ​នេះ​អាច​កកកុញ​នៅ​ក្នុង​ស្បែក​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​នៅ​ក្នុង​បរិមាណ​ច្រើន​។​ Beta-carotene​អាច​ឆ្លង​កាត់​​តាម​រយៈ​ការ​បំបៅ​ដោះ​ម្ដាយ ដោយ​ធ្វើ​ឲ្យ​ទារក​មាន​ស្បែក​ពណ៌​ទឹក​ក្រូច​តិចតួច​។​ ​ម៉ាក់​ៗ​អាច​សង្កេត​ឃើញ​ការ​ផ្លាស់ប្ដូរ​សម្បុរ​ស្បែក​​ដ៏​ជាក់លាក់​នេះ​នៅ​លើ​បាត​ដៃ​ និង​បាត​ជើង​របស់​ទារក​។​ ​ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​ផ្នែក​ពណ៌​ស​នៃ​ភ្នែក​ប្រែ​ទៅ​ជា​ពណ៌​លឿង​ វា​អាច​បង្ហាញ​ពី​ប្រភេទ​ជំងឺ​ដ៏​គ្រោះថ្នាក់​ម្យ៉ាង​ គឺ​ជំងឺ​ខាន់​លឿង​។​ ការ​កាត់បន្ថយ​ការ​ញ៉ាំ​ការ៉ុត​អាច​ធ្វើ​ឲ្យ​សារធាតុ​caroteneក្នុងឈាម​ថយ​ចុះ​ នៅ​ក្នុង​រយៈពេល​៣​ទៅ​៤​សប្ដាហ៍​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​​ស្បែក​ទារក​ប្រែ​ទៅ​ជា​ពណ៌​លឿង។​

    បំបៅដោះកូន

    ២.​អាលែកហ្ស៊ី​

    ​​​​​​​​​​ជាមួយ​គ្នា​នេះ​ដែរ ទារក​អាច​​អាលែកហ្ស៊ី​​ទៅ​នឹង​​អាហារ​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។​ ប្រហែល​ជា​៦​ទៅ​៨​ភាគរយ​នៃ​ទារក​ និង​កុមារ​មាន​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​អាហារ​មួយ​ចំនួន​ ហើយ​ក្មេង​ភាគ​ច្រើន​​ចាប់ផ្ដើម​អាលែកហ្ស៊ី​នៅ​ពេល​ដែល​ពួក​គេ​កាន់​ចម្រើន​វ័យ​។​ ចំពោះ​ទារក​ដែល​មាន​អាលែកហ្ស៊ី​ជាមួយ​នឹង​ការ៉ុត​អាច​មាន​អាការៈ​ឈឺ​ពោះ​ ដែល​ធ្វើ​ឲ្យ​​មាន​ហ្គាស​ច្រើន​ ឬ​ហើម​ពោះ​។​ លើស​ពី​នេះ ក្មេង​ៗ​អាច​ក្អួត​ ឬ​រាក​ជា​ដើម​។​ បន្ថែម​ពី​នេះ​​ មុខ​របស់​ទារក​​អាច​វិវត្តទៅ​ជា​ហើម​ ជា​ពិសេស​នៅ​បរិវេណ​ភ្នែក​ មាត់​ ឬ​បបូរ​មាត់​។​ ពិត​ណាស់​ អាលែកហ្ស៊ី​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ ដូចជា​ដកដង្ហើម​តឹង​ៗ​ ពិបាក​ដក​ដង្ហើម​ ឬ​ហៀរ​សំបោរ​។ល​។​ ប្រសិនបើ​ទារក​​មាន​បញ្ហា​ពិបាក​ដក​ដង្ហើម​ ដោយ​សារ​តែ​បញ្ហា​អាលែកហ្ស៊ី​ ចូរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

    ​​

    ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ការ៉ុត​អំឡុង​ពេល​មាន​គភ៌​ វា​អាច​ធ្វើ​ឲ្យ​ទារក​ចូលចិត្ត​ការ៉ុត​ នៅ​ពេល​ដែល​ពួក​គេ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​រឹង​។​ ការ​បញ្ចូល​ការ៉ុត​នៅ​អំឡុង​ពេល​បំបៅ​ដោះ​ ឬ​មុន​ពេល​ដែល​កូន​កើត​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ចូលចិត្ត​ញ៉ាំ​ធញ្ញជាតិ​រសជាតិ​ការ៉ុតដោយ​ពុំ​មាន​​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​​។ ជាក់​ស្ដែង​ ការ៉ុត​គឺ​ជា​ប្រភព​វីតាមីន​A និង​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ ដែល​ចាំបាច់​ចំពោះ ការ​លូតលាស់​របស់​ទារក​។​ ហើយ​ទោះ​បី​ជា​ទារក​​មាន​ស្បែក​លឿង​យ៉ាង​ណា​ក្ដី​ ពួក​គេ​នឹង​ត្រលប់​មក​ធម្មតា​វិញ​ នៅ​ពេល​ដែល​មាន​អាយុ​២​ ឬ​៣​ឆ្នាំ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម