ទឹកក្រូចឆ្មារ គឺជាភេសជ្ជៈមួយប្រភេទមានគុណប្រយោជន៍ដល់សុខភាពចំពោះម៉ាក់ៗដែលកំពុងតែបំបៅដោះកូន។ ពិតណាស់ ការញ៉ាំទឹកក្រូចឆ្មារអំឡុងពេលនេះ អាចជំរុញដល់រាងកាយ ព្រមទាំងជួយឲ្យយើងមានកម្លាំងឡើងវិញ។ បន្ថែមពីនេះ ទឹកក្រូចឆ្មារក៏អាចធ្វើឲ្យម៉ាក់ៗមានភាពស្រស់ស្រាយ បង្កើនកម្រិតថាមពល ជំរុញចរន្តឈាមនៅក្នុងរាងកាយ ក៏ដូចជាពង្រឹងគុណភាពទឹកដោះថែមទៀតផង។ ជាក់ស្ដែង ទឹកក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹមដូចជា វីតាមីនC កាល់ស្យូម វីតាមីនB ផូស្វ័រ និងប៉ូតាស្យូម ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ម៉ាក់ៗដែលកំពុងបំបៅដោះអាអូន។
១. ការពារបញ្ហាក្រពះ
ការញ៉ាំទឹកក្រូចឆ្មារ មានគុណប្រយោជន៍ដល់ការរំលាយអាហារ ហើយវាក៏អាចជួយឲ្យក្រពះអាអូនមានសុខភាពល្អផងដែរ។ ម្យ៉ាងវិញទៀត វាក៏អាចជួយព្យាបាលបញ្ហាផ្សេងៗដូចជាហ្គាស រមួលក្រពើ ការបន្ទោបង់មិនទៀងទាត់ និងហើមពោះ។
២. ធ្វើឲ្យស្បែកភ្លឺថ្លា
ជាមួយគ្នានេះដែរ ទឹកក្រូចឆ្មារ គឺជាប្រភពនៃវីតាមីនC ដែលល្អបំផុតចំពោះស្បែក។ វីតាមីនC ដែលមាននៅក្នុងទឹកក្រូចឆ្មារអាចជួយបង្កើនពណ៌នៃស្បែករបស់យើង។ ប្រសិនបើម៉ាក់ៗញ៉ាំទឹកក្រូចឆ្មារជាប្រចាំ ស្បែករបស់ម៉ាក់ៗ ព្រមទាំងស្បែកអាអូនច្បាស់ជាភ្លឺថ្លា និងម៉ត់រលោងជាក់ជាមិនខាន។
៣. កម្ចាត់ជាតិពុលចេញពីរាងកាយ
បន្ថែមពីនេះ ការញ៉ាំទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ ក៏អាចជួយដល់ការរំលាយអាហារ និងស្រូបយកសារធាតុចិញ្ចឹម។ វាអាចជួយកម្ចាត់ជាតិពុលពីរាងកាយ ក៏ដូចជាជាតិពុលដែលមាននៅក្នុងទឹកដោះ ដើម្បីធានាថាទារកនឹងទទួលបានទឹកដោះដែលគ្មានជាតិពុល និងមានសុខភាពល្អ។
៤. ជួយគ្រប់គ្រងសម្ពាធឈាម
ទឹកក្រូចឆ្មារអាចជួយគ្រប់គ្រងសម្ពាធឈាម អំឡុងពេលបំបៅដោះបានយ៉ាងល្អ។ ជាមួយនឹងបរិមាណប៉ូតាស្យូមខ្ពស់នៃទឹកក្រូចឆ្មារ អាចជួយធ្វើឲ្យយើងស្ងប់អារម្មណ៍ និងអាចជួយកាត់បន្ថយអាការៈចង្អោរ និងវិលមុខ។
៥. ពង្រឹងសរសៃវ៉ែន
បញ្ហាទូទៅមួយទៀត ដែលម៉ាក់ៗតែងតែប្រឈម នៅអំឡុងពេល និងបន្ទាប់ពីសម្រាលកូនរួច គឺវត្តមានរីកសរសៃឈាមវ៉ែន ។ សារធាតុBioflavonoid ដូចជាRutin ដែលជាសារធាតុចិញ្ចឹមសំខាន់ៗ នៅក្នុងទឹកក្រូចឆ្មារ ជួយពង្រឹងជញ្ជាំងសរសៃវ៉ែន និងការពារការកើតនៃសរសៃឈាមប៉ោងនៅក្នុងរាងកាយបានយ៉ាងអស្ចារ្យ។
៦. ជួយកាត់បន្ថយការឈឺបំពង់ក
ប្រសិនបើជួបប្រទះបញ្ហាឈឺបំពង់កនៅអំឡុងពេលបំបៅដោះ ម៉ាក់ៗអាចបន្ថែមទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្ដៅឧណ្ហៗ និងកូរវាឲ្យសព្វល្អជាការស្រេច។ ក្រូចឆ្មារ គឺជាប្រភពដ៏ល្អនៃវីតាមីនC ដែលមានអត្ថប្រយោជន៍ជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើង ព្រមទាំងជួយប្រឆាំងនឹងការឆ្លងមេរោគថែមទៀតផង។
[embed-health-tool-vaccination-tool]