យោងតាមក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក អាហារចាំបាច់សម្រាប់ទារក និងក្មេងតូចៗ គ្មានអ្វីល្អជាងទឹកដោះម្តាយទេ ហោចណាស់ម៉ាក់ៗត្រូវបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ខែ ឬលើសនេះ។ ទោះយ៉ាងណាក៏ដោយ ឲ្យតែទារកលើស ៦ខែ ម៉ាក់ៗមួយចំនួនអាចនឹងផ្ដាច់ដោះ ឲ្យអាអូនបៅទឹកដោះគោជំនួសហើយ ព្រោះត្រូវទៅបំពេញការងារវិញ។
រឿងសំខាន់ត្រូវប្រយ័ត្នមុនឆុងទឹកដោះគោ
នៅពេលជ្រើសរើសម្សៅទឹកដោះគោ ត្រូវពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ប្រប្រាស់ជានិច្ច។ ប្រសិនបើផុតកំណត់ ឬកំប៉ុងទឹកដោះគោកំប៉ិត គួរកុំទិញយកមកប្រើ។ លើសពីនេះ នៅពេលម៉ាក់ប៉ាត្រៀមឆុងទឹកដោះគោឲ្យកូន ត្រូវអនុវត្តតាមតិចនិកប៉ុន្មានខាងក្រោមនេះរួមមាន៖
១. លាងដៃ៖ មុនចាប់កាន់ដបទឹកដោះគោ យើងត្រូវលាងដៃជាមួយសាប៊ូនឹងទឹកស្អាត សម្លាប់មេរោគលើបាតដៃជាមុនសិន។
២. សម្អាតកំប៉ុងទឹកដោះគោ៖ យើងត្រូវលាងសម្អាតគម្របកំប៉ុងទឹកដោះគោជាមួយសាប៊ូ និងទឹកក្ដៅ ជូតឲ្យស្អាត ទុកឲ្យស្ងួត សឹមបើកប្រើ។
៣. លាយឲ្យត្រូវតាមការណែនាំ៖ ពិនិត្យមើលការណែនាំមានលើសំបកកំប៉ុងទឹកដោះគោ ដើម្បីដឹងថាពីបរិមាណទឹក និងចំនួនស្លាបព្រានៃម្សៅទឹកដោះគោត្រូវលាយឲ្យកូនបៅ។
៤. ត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ (បើចាំបាច់)៖ ជាទូទៅ យើងត្រូវលាយម្សៅទឹកដោះគោកូន ជាមួយទឹកក្ដៅដាំពុះ ទុកឲ្យត្រជាក់ល្មម ទើបមិនប៉ះពាល់សុខភាពកូន។ ប៉ុន្តែ បើវាក្ដៅពេក យើងអាចត្រាំដបទឹកដោះគោក្នុងទឹកត្រជាក់ ឬទឹកក ក្រោយឆុងរួច សឹមយកឲ្យកូនបៅ។
៥. ពិនិត្យសីតុណ្ហភាព៖ មុននឹងឲ្យកូនបៅ យើងគួរចាក់ទឹកដោះគោលើដៃ ដើម្បីពិនិត្យមើលថាតើទឹកដោះគោក្ដៅ ឬត្រជាក់ល្មមឲ្យកូនបៅបានឬនៅ។
៦. ឲ្យកូនបៅភ្លាម៖ ក្រោយលាយម្សៅទឹកដោះគោរួច គួរឲ្យកូនបៅភ្លាមៗក្នុងរយៈ ១-២ម៉ោង ដើម្បីកុំឲ្យទឹកដោះគោខូច។
៧. បោះចោលទឹកដោះគោសល់៖ រាល់ម្សៅទឹកដោះគោដែលលាយឲ្យកូនបៅរួច សុទ្ធតែអាចផ្ទុកមេរោគទោះយើងរក្សាវាក្នុងទូទឹកកកក៏ដោយ ដូចនេះគួរបោះចោល មិនគួរឲ្យកូនបៅបន្តទៀតទេ។
អ្វីចាំបាច់បំផុតដែលម៉ាក់ប៉ាត្រូវតែអនុវត្តជាប្រចាំរាល់ពេលឆុងទឹកដោះគោឲ្យកូននោះ គឺត្រូវតែមានអនាម័យខ្ពស់ជានិច្ច ដើម្បីការពារកូនពីបញ្ហាឈឺពោះ ហើមពោះ ឬឈឺនេះឈឺនោះពេលបៅទឹកដោះគោ។
[embed-health-tool-vaccination-tool]