ម៉ាក់ៗថ្មីថ្មោងប្រាកដជាមិនដឹងពីរបៀប និងបរិមាណឲ្យកូនបៅក្នុងមួយថ្ងៃឡើយ ព្រោះកូនខ្លះក៏បៅច្រើន ហើយកូនខ្លះទៀតក៏បៅតិច ដូចនេះប្រាកដជាមានចម្ងល់ថា តើទឹកដោះដែលកូនទទួលបាននោះ គ្រប់គ្រាន់ទៅចិញ្ចឹមកូនឬទេ។
ទាក់ទិននឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្ដីទីកម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា បញ្ហានេះមិនអាចកំណត់ ឬមានកាលវិភាគត្រឹមត្រូវឡើយ។ លោកស្រីបានបន្តទៀតថា ការឲ្យទារកបៅមិនគួរកំណត់ម៉ោងឡើយ ព្រោះទារកទើបនឹងកើត យំឃ្លានគ្រប់ពេល ពេលណាយំគឺអាចឲ្យបៅបាន ចំណែកទារកខ្លះស្លូតមិនយំទារបៅ អាចឲ្យ ២-៣ ម៉ោងម្ដង។ អំឡុងសប្ដាហ៍ដំបូង ទារកបៅតិច តែញឹកញាប់ យើងត្រូវបំបៅកូនយ៉ាងហោចណាស់ លើសពី ១០ដង/ថ្ងៃ មានន័យថាកូនអាចបៅពី ១ ម៉ោងកន្លះ ទៅ ២ ម៉ោងម្ដង។
ចំណែកការបំបៅទៀតសោត ស្រីៗត្រូវបំបៅដោះកូនទាំងសងខាង ដោយបៅឲ្យអស់ម្ខាង ចាំប្ដូរកូនទៅម្ខាងទៀត។ តែម៉ាក់ៗគួរចៀសវាងបំបៅដោះម្ខាងមិនទាន់អស់ផង ហើយម្ខាងទៀតចេញទឹកដោះហៀរហូរ ក៏ស្រាប់លើកទារកទៅបំបៅខាងនោះទេ ត្រូវបំបៅទាល់តែលែងចេញទើបជាការត្រឹមត្រូវ។ នេះក៏ដោយសារសារធាតុចិញ្ចឹមសំខាន់ៗមានច្រើនក្នុងទឹកដោះម្ដាយដែលចេញជិតអស់ ពេលបំបៅ។
ទាក់ទងនឹងពេលយប់វិញ ត្រូវបំបៅប៉ុន្មានដង លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងថា អាស្រ័យទៅលើកូន និងម៉ាក់ៗ។ ប្រសិនបើម៉ាក់ៗសម្បូរទឹកដោះ ឲ្យកូនបៅ ២-៣ ដង/មួយយប់ ហើយបើស្រីៗមិនសូវមានទឹកដោះ កូនងាកៗយំទារបៅជាក់ជាមិនខាន ព្រោះតែបៅមិនឆ្អែត។
ក្នុងនោះដែរ ម៉ាក់ៗត្រូវដឹងពីសញ្ញាកូនឃ្លានបៅ ព្រោះគេមិនអាចនិយាយប្រាប់ម៉ាក់ថា ឃ្លាននោះទេ មានតែសញ្ញា និងកាយវិការប៉ុណ្ណោះដែលយើងអាចចំណាំទុកបាន។
– ប្រែប្រួលការដកដង្ហើម
– រើខ្លួនចុះឡើង
– ធ្វើចលនា ភ្នែក មាត់ និង មុខ
– លាដៃ លាជើង
– ហាមាត់
– លិឍបបូរមាត់ ឬជញ្ជក់មាត់
– បៀមដៃ
– យំ។
អត្ថបទពាក់ព័ន្ធ៖
ពេលកូនឈានដល់វ័យចេះញ៉ាំបបរខាប់គ្រប់គ្រឿង (អាយុបាន៦ខែ) ចំនួននៃការបៅធ្លាក់ចុះ ព្រោះពួកគេនឹងពោះដោយសារអាហារ ហើយបៅបន្ថែមតែបន្តិចឆ្អែតបានយូរ។ រីឯក្មេងបៅទឹកដោះគោវិញ ម៉ាក់ៗអាចមើលតាមការណែនាំរបស់ផលិតផលម្សៅទឹកដោះគោ ដែលមានសរសេរច្បាស់លាស់ទៅតាមវ័យទារក។
វេជ្ជបណ្ឌិត ជា ម៉ារី ក៏បានណែនាំដល់ម៉ាក់ៗដែលមិនចង់អត់ងងុយក្រោកឲ្យកូនបៅច្រើនដង ត្រូវ ព្យាយាមញ៉ាំអាហារដែលជួយដល់ការផលិតទឹកដោះបានរាល់ថ្ងៃ ទើបបៅបានយូរ និងឆ្អែតលែងសូវយំ។ អាហារទាំងនោះត្រូវចម្រុះមុខមានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួកសម្ល ឬស៊ុប បើអាច ញ៉ាំពពួកវីតាមីនបន្ថែម ផឹកទឹកឲ្យបានច្រើន និងបំបៅកូនឲ្យបានញឹកញាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]