ម្ដាយគ្រប់រូបតែងតែចង់បានឲ្យកូនខ្លួនកើតមកមានសុខភាពល្អ ព្រោះចង់ឲ្យកូនលូតលាស់បានល្អគ្រប់ផ្នែក ប៉ុន្តែដើម្បីធានាថាកូនកើតមកគ្រប់លក្ខណៈ ខាងក្រុមគ្រូពេទ្យទាមទារឲ្យម៉ាក់ប៉ាយកទារកទៅពិនិត្យសុខភាពទូទៅបន្ទាប់ពីកើតក្នុងពេល ២៤ ម៉ោងទៀត មុនពេលឲ្យយកកូនទៅផ្ទះ។ នេះបើតាមការផ្សព្វផ្សាយឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ កាល់ម៉ែត។
ការពិនិត្យសុខភាពទូទៅរបស់ទារក ភាគច្រើនតែងធ្វើឡើងនៅអំឡុងពេលទារកអាយុ ១ថ្ងៃ ឬ ៣ថ្ងៃក្រោយកើត នៅពេលដែលទារកស្នាក់ជាមួយម្ដាយនៅមន្ទីរពេទ្យផ្នែកសម្ភព។ មន្ទីរពេទ្យ កាល់ម៉ែត បានបន្តថា ការពិនិត្យសុខភាពទារកនេះមានសារៈសំខាន់ ដោយសារគ្រូពេទ្យត្រូវពិនិត្យរកមើលករណីមួយចំនួន។
– ភាពមិនប្រក្រតីពីកំណើតរបស់ទារក៖ ដើម្បីព្យាបាលបន្តនៅផ្នែកសង្គ្រោះទារក ឬត្រូវការព្យាបាលវះកាត់បន្ទាន់ ដូចនេះគ្រូពេទ្យត្រូវប្រាប់ក្រុមគ្រួសាររបស់ទារកពីបញ្ហាបន្ទាន់ទាំងនេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។
– សុខភាពទារកក្រោយកើត៖ តើទារកអាចបន្សាំនឹងជីវិតខាងក្រៅបានល្អឬទេ ពីព្រោះទារកមួយចំនួនក្រោយពីកើតមក ចាប់ផ្ដើមមានបញ្ហាផ្លូវដង្ហើម ចុះជាតិស្ករ មិនបៅ ឬក៏បញ្ហាផ្សេងៗទៀតដែលទាមទារឲ្យគ្រូពេទ្យបញ្ជូនទៅតាមដាននៅកន្លែងសង្គ្រោះទារក។
– ពិនិត្យ និងស្វែងរកពីអាយុពិតប្រាកដ និងទម្ងន់ពីកំណើតរបស់ទារក៖ ចំពោះទារកដែលកើតមិនគ្រប់ខែ ឬលើសខែ តែងតែមានបញ្ហាកើតឡើងក្រោយកើត ដូចនេះត្រូវតែបន្តការតាមដានថែទាំនៅផ្នែកព្យាបាលទារក ដោយមិនអាចឲ្យទារកនៅជាមួយម្ដាយបានឡើយ។ ដូចគ្នានេះដែរ ចំពោះទារកដែលមានទម្ងន់តូចពេកពីកំណើត(<២៥០០g) ឬធំពេក(>៤០០០g) ក៏ទាមទារឲ្យតាមដានដាច់ពីម្ដាយផងដែរ។
– ទារកមានខាន់លឿង ឬកើតពីម្ដាយដែលក្ដៅខ្លួនមុន ឬក្រោយសម្រាល៖ ខាងក្រុមគ្រូពេទ្យត្រូវតាមដាន និងព្យាបាលដោយនៅដាច់ពីម្ដាយដូចគ្នា។
មន្ទីរពេទ្យ កាល់ម៉ែត្រ បានបញ្ជាក់ថា ជាធម្មតា អំឡុងពេលពិនិត្យខ្លះ គឺតម្រូវឲ្យមានក្រុមគ្រួសារទារកផ្ទាល់មកជាមួយ អាចជាយាយ អ៊ុំ មីង ឬម៉ាក់ប៉ា ដើម្បីឲ្យមានភាពងាយស្រួលដល់ការផ្ដល់យោបល់ និងពិភាក្សារាល់ចម្ងល់ពីទារកក្នុងការថែទាំឲ្យបានល្អនៅផ្ទះ។
[embed-health-tool-vaccination-tool]