ការបន្តក់ទឹកឲ្យកូនតូច អាយុក្រោម ៦ខែ ញ៉ាំ នៅតែមានមតិផ្ទុយគ្នានៅឡើយ ដោយអ្នកខ្លះមិនគួរកូនញ៉ាំនោះទេ ឯខ្លះទៀតថា បើមិនញ៉ាំទឹកសោះ មិនកើតទេ កូនអាចខះក។
បើតាមអង្គការសុខភាពពិភពលោក (WHO) ទារកដែលម៉ឹមដោះម្តាយ មិនត្រូវផ្តល់ទឹកឲ្យញ៉ាំនោះទេ។ ចំពោះហេតុផលដែលយើងមិនគួរផ្តល់ទឹកឲ្យកូនបំបៅដោះអាយុ ក្រោម ៦ខែ ទោះជាអាកាសធាតុក្តៅបែបណា ដោយសារតែការបន្តក់ទឹកឲ្យកូនតូចញ៉ាំ អាចធ្វើឲ្យពួកគេរាករូស និងប្រឈមបញ្ហាខ្វះអាហារូបត្ថម្ភ។ ទឹកអាចមិនស្អាត និងធ្វើឲ្យទារកងាយឆ្លងរោគ ម្យ៉ាងវិញទៀត ការផ្តល់ទឹកឲ្យកូនញ៉ាំ អាចនឹងធ្វើឲ្យពួកគេបៅដោះម្តាយតិច មិនចង់បៅ ឬឈប់បៅតែម្តង ធ្វើឲ្យប្រឈមនឹងកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ក្នុងនោះអង្គការសុខភាពពិភពលោកបានបន្ថែមថា ប្រសិនម្តាយផ្តល់ទឹកឲ្យកូនញ៉ាំជំនួសទឹកដោះ កូនលែងចង់បៅ អាចធ្វើឲ្យម្តាយមានទឹកដោះតិច មានន័យថា ការផលិតទឹកដោះកាន់តែថយទៅៗ។
ចុះបើកូនស្រេកទឹកធ្វើម៉េច? លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកអាហារូបត្ថម្ភ បានពន្យល់ថា តាមការសិក្សាជ្រាវជ្រាវ ទឹកដោះម្តាយមានជាតិទឹកដល់ទៅ ៨០% ឯណោះ ហើយមានផ្ទុករាល់សារធាតុចិញ្ចឹមទាំងអស់ដែលទារកត្រូវការ ដូច្នេះចំពោះម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ មិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈដល់អាអូននោះទេ ចាប់ពេលកើត រហូតដល់អាយុ បាន ៦ខែ ឲ្យតែកូនម៉ឹមដោះមួយមុខប៉ុណ្ណោះ ទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ ឬក៏អាកាសធាតុក្តៅខ្លាំងក្តី។
“ទឹកដោះម្តាយមានជាតិទឹកគ្រប់គ្រាន់ ដែលទារកត្រូវការ អ៊ីចឹងម្តាយមិនចាំបាច់ផ្តល់ទឹកបន្ថែមឲ្យកូនទៀតទេ អំឡុង ៦ ខែដំបូង បើគិតថាកូនស្រេចទឹក អាចឲ្យបៅដោះជំនួសបាន” លោកជំទាវវេជ្ជបណ្ឌិត បញ្ជាក់។
[embed-health-tool-vaccination-tool]