ទារកពេលធំបន្តិចម្តងៗ ឈានដល់អាយុ ៥ ឬ ៦ខែ ហើយ តែងតែរពឹសនៅមិនសុខទេ ស្រវាស្រវាចាប់នេះចាប់នោះមកដាក់ក្នុងមាត់ ជាសញ្ញាបញ្ជាក់ថា គេញ៉ាំអ្វីផ្សេងក្រៅម៉ឹមទឹកដោះ។ វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅ ហ៊ាង រតនា បានឲ្យដឹងថា ដើម្បីអាចដឹងថាកូនចង់ញ៉ាំអាហារបន្ថែមនៅពេលណានោះ ត្រូវសង្កេតមើលប៉ុន្មានចំណុចនេះ៖
– តែងលេបទឹកមាត់ពេលឃើញនរណាញ៉ាំអី
– ចាប់នេះចាប់នោះដែលនៅជិតខ្លួនយកមកញ៉ាំ
– ចាប់ផ្ដើមដណ្ដើមរបស់ញ៉ាំពីដៃអ្នករាល់គ្នា
– បន្ទាប់ពីបៅរួច កូននៅតែយំ ឬចង់បៅបន្ថែម
– មិនអាចចាំដល់ពេលត្រូវបៅម្ដងទៀត ហើយចាប់ផ្ដើមនៅមិនសុខ ឬជញ្ជក់ដៃ
– គេងថ្ងៃខុសពីប្រក្រតី គេមិនចង់គេង ឬគេងបានតែមួយភ្លែតភ្ញាក់វិញ
– ភ្ញាក់បៅច្រើនដងក្នុងមួយយប់ៗ។
ការផ្ដល់ចំណីអាហារបន្ថែមដល់កូនក្រោយអាយុ ៦ ខែ ពិតជារឿងសំខាន់ណាស់ ព្រោះដើម្បីឲ្យកូនទទួលបានជីវជាតិសម្រាប់ទ្រទ្រង់ការលូតលាស់បញ្ញា ស្មារតី។ វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ចូលដល់វ័យ ៦ ខែនេះកូនកាន់តែធំ ចេះអង្គុយ ចេះវា ចេះចាប់នេះចាប់នោះ មានសកម្មភាពកាន់តែច្រើនដូចគ្នា ដូចនេះប្រើថាមពលច្រើនកាន់តែច្រើនឡើងៗហើយព្រោះតម្រូវសារធាតុចិញ្ចឹមក៏កាន់តែច្រើនឡើងដែរ។
តើត្រូវផ្តល់អាហារអីខ្លះដល់កូន បន្ថែមពីលើទឹកដោះម្តាយ ឬទឹកដោះគោ ពេលអាយុបាន ៦ខែ?
ពេលកូនអាយុបាន ៦ ខែ តាមគោលការណ៍របស់ក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក ម៉ាក់ប៉ាត្រូវផ្តល់អាហារទន់ដល់កូន ពិសេសគឺបបរខាប់គ្រប់គ្រឿង ហើយជាពេលដែលយើងអាចផ្តល់ទឹកស្អាតឲ្យកូនញ៉ាំបានដែរ។ បន្ថែមពីការផ្តល់អាហារបន្ថែមឲ្យកូននេះ ម្តាយត្រូវបន្តបំបៅដោះកូនឲ្យបានញឹកញាប់ មិនថាពេលយប់ ឬពេលថ្ងៃនោះទេ ហោចណាស់ឲ្យបាន ៨ដង/ថ្ងៃ។
ប្រភេទអាហារ៖ បបរខាប់គ្រប់គ្រឿង ដែលមានត្រីកិនឲ្យម៉ដ្ដ ស៊ុត ឬសាច់ ល្ពៅ
ចំនួនដង៖ ២ដង/ថ្ងៃ
បរិមាណ៖ ២-៣ ស្លាបព្រាបាយ/ពេល។
មួយវិញទៀតកូនចូលដល់វ័យនេះហើយ ក្រៅពីបបរខាប់គ្រប់គ្រឿងយើងអាចបន្ថែមផ្លែឈើជារបបអាហារដូចជាប៉ោម ចេក ប៊ើរដែលយើងយកមកកោស ឬកិនឲ្យម៉ដ្តសិនមុនញ៉ាំ។
ចង់បានចំណេះដឹង វិធីសាស្ត្រ និងគន្លឹះផ្សេងៗអំពីអាហារូបត្ថម្ភ ការចិញ្ចឹមបីបាច់កូនឲ្យលូតលាស់ល្អ ចាប់ពីពេលពពោះ រហូតដល់កូនអាយុ ៥ឆ្នាំ។ កុំភ្លេចចុះឈ្មោះជាមួយកូនឆ្លាតក្លឹប!
[embed-health-tool-vaccination-tool]