១. ក្រុមអាហារថាមពល
អាហារប្រភេទនេះផ្ដល់ទាំងថាមពល និងកម្ដៅចំពោះរាងកាយ ដែលសម្បូរទៅដោយជាតិកាបូអ៊ីដ្រាត ក្នុងនោះមានដូចជា បាយ គុយទាវ នំប៉័ង ប្រេងឆា និងពពួកបន្លែមានជាតិម្សៅ ដូចជា ពោត ត្រាវ ដំឡូងជ្វា ជាដើម។
២. ក្រុមអាហារស្ថាបនារាងកាយ
ចំណែកក្រុមអាហារស្ថាបនា ឬសាងសង់រាងកាយនេះវិញមានជាតិប្រូតេអ៊ីន ហើយផ្ដល់ឲ្យនូវការជួសជុល សាងសង់កោសិកា និងជាលិកាក្នុងរាងកាយ និងធ្វើឲ្យលូតលាស់បានល្អ។ ក្នុងនោះមានដូចជាសាច់គោ ទឹកដោះគោ សាច់ជ្រូក ត្រី មាន់ និងស៊ុត។ ចំណែកបន្លែមានសណ្ដែកដី តៅហ៊ូ និងផលិតផលធ្វើពីសណ្ដែកដទៃទៀត។
៣. ក្រុមអាហារការពាររាងកាយ
ក្រុមអាហារប្រភេទនេះ អាចការពារក្មេងពីជំងឺផ្សេងៗ ព្រោះសម្បូរជាតិខនិជ និងវីតាមីន ហើយមាននៅក្នុងបន្លែ និងផ្លែឈើ។ នៅក្នុងរបបអាហារកូនយើងគួរតែមានស្លឹកបាស ស្ពៃចង្កឹះ ផ្ទៃ ត្រកួន ឬល្ពៅជាដើម ហើយផ្លែឈើគួរតែមានចេក ក្រូច ល្ហុង និងល្មុត។ ចំពោះផ្លែឈើបើកូននៅតូច យើងត្រូវចម្អិន និងកោសពាតឲ្យម៉ដ្ត និងទន់ល្អ។
ចំពោះរបៀបចម្អិនបបរខាប់គ្រប់គ្រឿងឲ្យកូនវិញ បន្ទាប់ពីដាំបបរឲ្យរីកអង្ករល្អ ដាក់ត្រីសាច់ និងបន្លែចូលគ្នាឆ្អិនល្អហើយ យើងត្រូវដាក់ប្រេងឆា ឬខ្លាញ់បន្តិចក្នុងបបរ។ ម៉ាក់ប៉ាត្រូវចាំថា បបរខាប់គ្រប់គ្រឿងសម្រាប់ទារកតូចមិនត្រូវដាក់អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ម្សៅស៊ុប ឬដុំស៊ុបខ្នរចូលឡើយ។ ម្យ៉ាងវិញទៀតម៉ាក់ប៉ាត្រូវលាងសម្អាតដៃឲ្យបានស្អាត មុនពេលចម្អិនអាហារ និងរៀបចំអាហារឲ្យកូន។ ចំណែកឯកូនវិញ យើងត្រូវលាងសម្អាតដៃកូនជាមួយសាប៊ូ និងទឹកស្អាតមុនពេលបញ្ចុកបបរ។