អាហារសម្រន់ទារក បន្ថែមពីលើការបៅដោះម្ដាយ និងទឹកដោះគោ ម៉ាក់ប៉ាចាំបាច់ត្រូវផ្ដល់ឲ្យអាអូនអាយុចាប់ពី៦ខែឡើង ។ ម៉ាក់ប៉ាមិនបាច់ល្វីងមុខ ទៅទិញអាហារទារកនៅតាមទីផ្សារមកឲ្យកូនញ៉ាំទេ គ្រាន់តែផ្ដល់ផ្លែឈើងាយរកប៉ុន្មានមុខនេះឲ្យអាអូន សម្បូរទាំងសារធាតុចិញ្ចឹម និងរសជាតិឆ្ងាញ់ ហើយធម្មជាតិពិតៗទៀត។
ផ្លែឈើល្អៗ អាចធ្វើអាហារសម្រន់ទារក
១. ផ្លែប៊ើរ
ដើម្បីធ្វើអាហារសម្រន់ទារកពីផ្លែប៊ើរ យើងត្រូវយកផ្លែពាក់កណ្ដាល ចិញ្ច្រាំឲ្យម៉ដ្ដ រួចលាយទឹក១-២ កូនស្លាបព្រា ឲ្យខាប់បន្តិចជាការស្រេច។ ផ្លែប៊ើរសម្បូរដោយវីតាមីន E និងជាតិខ្លាញ់ល្អ ជាសារធាតុចិញ្ចឹមសំខាន់ក្នុងការលូតលាស់របស់កូន។
២. ផ្លែស្វាយ
ផ្លែស្វាយ ជាផ្លែងាយស្រួលរកបំផុតមួយ សូម្បីតែផ្ទះគ្នាយើងខ្លះក៏មានដាំដែរ។ ប៉ុន្តែដើម្បីធ្វើអាហារសម្រន់ទារក យើងត្រូវយកផ្លែស្វាយទុំមួយ ក្រឡុកឲ្យម៉ដ្ដ (អាចលាយទឹកបន្តិចក៏បាន ឬអត់ក៏បាន) ដួសដាក់កូនចានសម្រាប់បញ្ចុកអាអូនជាការស្រេច (ងាយៗ)។ ក្រៅពីមានពណ៌លឿងស្រស់ពេញភ្នែកហើយ វាជាប្រភពដ៏ល្អនៃវីតាមីន ជួយពង្រឹងប្រព័ន្ធភាពស៊ាំ។
៣. ផ្លែចេក
ផ្លែចេកទុំ ជាអាហារសម្រន់ដ៏ល្អសម្រាប់ទារក ដោយគ្រាន់តែកិនវាឲ្យម៉ដ្ដ ឬចាស់ៗយើងចូលចិត្តកោសសាច់ចេកទុំ ហើយបញ្ចុកអាអូន។ ផ្លែចេកទុំមានរសជាតិផ្អែម និងងាយស្រួលសម្រាប់ក្រពះកូនរំលាយ ហើយវាក៏ពោរពេញទៅដោយជាតិប៉ូតាស្យូម និងវីតាមីនផ្សេងៗដែរ។
៤. ផ្លែម្នាស់
ដើម្បីយកម្នាក់ធ្វើអាហារសម្រន់ទារក យើងត្រូវចិតសំបក និងភ្នែកចេញឲ្យស្អាត រួចកិនវាឲ្យម៉ដ្ដជាការស្រេច។ ម្យ៉ាងវិញទៀត យើងក៏អាចយកវាទៅលាយជាមួយយាអ៊ួរគ្មានរសជាតិ (Greek yogurt) ឲ្យអាអូនក៏ជាជម្រើសល្អដែរ។
ចំណាំ៖ ក្រៅពីផ្លែឈើដែលបានរៀបរាប់ខាងលើនេះ ម៉ាក់ប៉ាអាចយកផ្លែឈើដទៃមកធ្វើអាហារសម្រន់ទារកក៏បានដូចជា ផ្លែប៉ោម ផ្លែគីវី ឬពពួកប៊ើរី ព្រោះផ្លែឈើធម្មជាតិគ្រប់មុខសុទ្ធតែមានសារធាតុចិញ្ចឹមល្អដល់រាងកាយទារក។ ប៉ុន្តែ ម៉ាក់ប៉ាក៏ត្រូវតាមដានរាល់ពេលផ្ដល់អាហារសម្រន់ឲ្យកូន ក្រែងអាអូនអាចអាលែកហ្ស៊ីនឹងអាហារណាមួយ។
[embed-health-tool-vaccination-tool]