backup og meta

កូនតូចចូលចិត្ត​លៀន​អណ្ដាត​ចេញ​​ក្រៅ​ ​ព្រោះ​ហេតុផល​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 17, 2021

    កូនតូចចូលចិត្ត​លៀន​អណ្ដាត​ចេញ​​ក្រៅ​  ​ព្រោះ​ហេតុផល​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទារក​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​​ណាស់​ នៅ​ពេល​ដែល​ពួក​គេ​លៀន​អណ្ដាត​ចេញ​ក្រៅ​ ប៉ុន្តែ​​អាកប្បកិរិយា​បែប​នេះ​ អាច​ធ្វើ​ឲ្យ​ប៉ា​ម៉ាក់​ងឿងឆ្ងល់​ថា​អា​អូន​ចង់​បាន​អី​ ​ឬ​អាច​មាន​បញ្ហា​សុខភាព​ដែរ​ឬ​យ៉ាង​ណា​។​ តាម​ពិត​ទៅ​កូន​ចូលចិត្តលៀនអណ្ដាត​ចេញក្រៅ​ ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​គ្រាន់​តែ​បញ្ជាក់​ពី​តម្រូវ​ការ​ ក៏​ដូច​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​​យើង​ប៉ុណ្ណោះ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុកដាក់​តាមដាន​​​​ពី​ស្ថានភាព​របស់​កូន​ ដើម្បី​កត់សម្គាល់​ពី​សញ្ញា​ព្រមាន​​ណា​មួយ​ភ្លាម​ៗ​។ យ៉ាង​ណា​មិញ ​អា​អូន​លៀន​​អណ្ដាត​ អាច​មក​ពី​ពួក​គេ​ចង់​ប្រាប់​ប៉ា​ម៉ាក់​អំពី​រឿងរ៉ាវ​ទាំង​នេះ​។

    ១. ឃ្លាន​

    ​​​ទារក​មាន​​ភាព​​ភ្ញោច​​នៃ​ការ​ជញ្ជក់​ខ្លាំង ហើយ​​ការ​លៀន​អណ្ដាត​ចេញ​មក​ក្រៅ អាច​មក​ពី​ពួក​គេ​ចង់​ប្រាប់​ប៉ា​ម៉ាក់​ថា​​ពួក​គេ​ឃ្លាន​អាហារ​។​ ​ជា​ទូទៅ​ អា​អូន​មិន​ចាប់ផ្ដើម​យំ​ភ្លាម​ៗ​ឡើយ​នៅ​ពេល​ដែល​​ខ្លួន​​ឃ្លាន​។​ ជំនួស​មក​វិញ​ ពួក​​គេ​អាច​ព្យាយាម​ផ្ដល់​តម្រុយ​ឲ្យ​ប៉ា​ម៉ាក់​​ដឹង​ជា​មុន​។​ ​បន្ថែម​ពី​នេះ​ ​ទារក​អាច​ព្យាយាម​លូក​ដៃ​ចូល​ក្នុង​មាត់​ វៃ​បបូរ​មាត់​ ឬ​​ផ្អៀង​ទៅ​រក​សុដន់​ម៉ាក់​ៗ​ ឬ​ដប​ទឹក​ដោះ​គោ​។​

    ២. ​ឆ្អែត​

    ជា​មួយ​គ្នា​នេះ​ដែរ​ ​អា​អូន​អាច​លៀន​អណ្ដាត​​ ដើម្បី​បង្ហាញ​ថា​ខ្លួន​លែង​ចង់​ញ៉ាំ​អាហារ​ត​ទៅ​ទៀត​ហើយ​។​ ដើម្បី​​ញែក​ឲ្យ​ដាច់​ពី​អាកប្បកិរិយា​ដែល​អា​អូន​ឃ្លាន​ ប៉ា​ម៉ាក់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​ភាសា​កាយវិការ​របស់​ទារក​។​ ប្រសិនបើ​ទារក​ព្យាយាម​​រុញ​អាហារ​ចេញ​ ខឹង​ ឬ​ចាប់ផ្ដើម​យំ វា​អាច​ជា​សញ្ញា​បញ្ជាក់​ថា​អា​អូន​ញ៉ាំ​ឆ្អែត​ហើយ​។

    ​​៣. លេង​

    តាំង​ពី​តូច​​មក​ ទារក​យក​តម្រាប់​តាម​ការ​បញ្ចេញ​ទឹក​មុខ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន។​ ​ពួក​គេ​អាច​គិត​ថា​វា​គឺ​ជា​ការ​លេង​​ ជាពិសេស​ប្រសិនបើ​មនុស្ស​ធំ​បង្ហាញ​​កាយវិការ​មួយ​ចំនួន​ទៅ​កាន់​ពួក​គេ​។​ ការ​លៀន​អណ្ដាត​មក​ក្រៅ អាច​ជា​​​វិធី​ក្នុង​ការ​ចាប់ផ្ដើម​លេង​ល្បែង​របស់​ទារក​ និង​ចូលរួម​​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​មនុស្ស​ដ​ទៃ​។

    ទារកលានអណ្តាត

    ​​​​៤. មិន​ទាន់​ត្រៀម​ខ្លួន​សម្រាប់​អាហារ​រឹង​

    ​ទោះ​បី​ជា​ទារក​អាច​ចាប់ផ្ដើម​​ញ៉ាំ​អាហារ​រឹង​នៅ​ពេល​ដែល​ពួក​គេ​អាយុ​បាន​៦​ខែ​ក៏​ដោយ​​ ទារក​មួយ​ចំនួន​​​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ផ្លាស់ប្ដូរ​​​របប​អាហារ​របស់​ខ្លួន​នៅ​ឡើយ​។ ដូច្នេះ​ហើយ​ អា​អូន​អាច​លៀន​អណ្ដាត​ដើម្បី​រុញ​អាហារ​នោះ​ចេញ​។ សភាវគតិ​នេះ​រារាំង​ទារក​មិន​ឲ្យ​​​ឈ្លក់​អាហារ​​ ប្រសិនបើ​ពួក​គេ​មិន​ទាន់​​ចេះ​ញ៉ាំ​អាហារ​រឹង​។

    ៥. ដក​ដង្ហើម​តាម​មាត់​

    ជា​ធម្មតា​ ទារក​ដក​ដង្ហើម​តាម​ច្រមុះ​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​អា​អូន​​កើត​ជំងឺ​ផ្ដាសាយ ឬ​មាន​​ក្រពេញ​អាមីដាល់​​ធំ (Large Tonsils) ​ពួក​គេ​អាច​មាន​ទម្លាប់​ដកដង្ហើម​តាម​មាត់​។​ ជា​លទ្ធផល​ ​អា​អូន​អាច​​លៀន​អណ្ដាត​ចេញ​ក្រៅ​។​ ប្រសិនបើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​អា​អូន​មាន​បញ្ហា​ដក​ដង្ហើម​ ឬ​បញ្ចេញ​សំឡេង​មិន​ប្រក្រតី​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

    ​​​​​៦. បញ្ហា​សុខភាព​

    ខណៈ​ពេល​​​ទារក​លៀន​អណ្ដាត​ចេញ​ក្រៅ​គឺ​ជា​រឿង​ធម្មជាតិ​​ ប៉ុន្តែ​​ ជួន​កាល​​វា​ក៏​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឈឺ​ដោយ​សារ​ខ្យល់​ក្នុង​ពោះ ឬ​​សាច់​ដុំ​ខ្សោយ​។ នៅ​ក្នុង​ករណី​ដែល​យើង​សង្កេត​ឃើញ​​ទារក​លៀន​អណ្ដាត​ចេញ​ក្រៅ​ញឹកញាប់​ជាង​ធម្មតា​ ​ហៀរ​ទឹក​មាត់​ច្រើន​ ឬ​បញ្ចេញ​សកម្មភាព​ចម្លែក​ៗ​ យើង​គួរ​តែ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម