backup og meta

អា​អូន​ឧស្សាហ៍​ញី​ភ្នែក​មក​ពី​មូលហេតុ​ទាំង​នេះ​ ​ម៉ាក់​ៗ​គួរ​ការពារ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2021

    អា​អូន​ឧស្សាហ៍​ញី​ភ្នែក​មក​ពី​មូលហេតុ​ទាំង​នេះ​ ​ម៉ាក់​ៗ​គួរ​ការពារ​

    ​​អា​អូន​តូច​យក​ដៃ​ញី​ភ្នែក​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​ណាស់​។​ ប៉ុន្តែ​ ជា​ទូទៅ​ ទារក​ញី​ភ្នែក​នៅ​ពេល​ដែល​ពួក​គេ​​​​មាន​អារម្មណ៍​នឿយហត់​ ឬ​ងងុយ​គេង​ ហើយ​នៅ​ក្នុង​ករណី​ខ្លះ​ ​អា​អូន​អាច​មាន​អារម្មណ៍​ឈឺ​ចាប់​ ដោយ​សារ​​ធូលី​ ឬ​រោម​ភ្នែក​ចូល​ភ្នែក​ ឬ​មាន​ការ​ឆ្លង​មេរោគ​នៅ​ភ្នែក​ និង​បញ្ហា​អាលែកហ្ស៊ី​ជា​ដើម​។ ជា​មួយ​គ្នា​នេះ​ដែរ​ ​​ការ​​​ញី​ភ្នែក​របស់​ទារក​​ក៏​អាច​ជា​សញ្ញា​ព្រមាន​មួយ​ ដែល​ប៉ា​ម៉ាក់​គួរ​​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​។

    ​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ទារក​ញី​ភ្នែក មាន​ដូច​ខាង​ក្រោម​នេះ​៖

    ​​១. ងងុយ​គេង​

    ជួនកាល​ ជាមួយ​នឹង​ការ​ញី​ភ្នែក​ អា​អូន​ក៏​អាច​ស្ងាប ដែល​អាការៈ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​​​ងងុយ​គេង​ និង​ហត់​នឿយ​​។​ ហេតុ​នេះ​ហើយ ទើប​ទារក​ព្យាយាម​បំបាត់​ភាព​តានតឹង​ និង​ឈឺ​ខ្លះ​ៗ​នៅ​ជុំវិញ​បរិវេណ​ភ្នែក​ និង​​ត្របក​ភ្នែក​ដោយ​ការ​ញី​ភ្នែក​។

    ២. ភ្នែក​ស្ងួត​

    ​​​ទន្ទឹម​នឹង​នេះ​ដែរ​ ទារក​ក៏​អាច​ត្រដុស​ភ្នែក​នៅ​ពេល​ដែល​ភ្នែក​របស់​ពួក​គេ​ស្ងួត​ខ្លាំង​។​ ពិត​ណាស់​ ប្រសិនបើ​​ស្រទាប់​សំណើម​នៃ​ភ្នែក ដែល​គ្របដណ្ដប់​នៅ​ក្នុង​ភ្នែក​ប្រែ​ទៅ​ជា​​​ហួត​ នៅ​ពេល​ដែល​ប៉ះពាល់​នឹង​ខ្យល់​រយៈពេល​​យូរ​។​ កត្តា​នេះ​អាច​ធ្វើ​ឲ្យ​ទារក​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ និង​ញី​ភ្នែក​ដោយ​​ឯង​ៗ​ ពីព្រោះ​ការ​ញី​ភ្នែក​នេះ​អាច​បង្កើត​ជា​ទឹក​ភ្នែក​ ដែល​នាំ​សំណើម​​មក​កាន់​ភ្នែក​អា​អូន​វិញ​។

    ៣. ងឿង​ឆ្ងល់​

    កូន​តូច​អាច​​អភិវឌ្ឍន៍​ជំនាញ​ចលករ  ​ក្នុង​ការ​ញី​ភ្នែក​ ហើយ​ក៏​កំពុង​តែ​ទទួល​បាន​ជំនាញ​ថ្មី​​នេះ​ដែរ​។​ ពួក​គេ​​អាច​មាន​ភាព​ភ្ញាក់ផ្អើល​ទៅ​នឹង​អ្វី​ដែល​ខ្លួន​បាន​ឃើញ​។ ដូច​នេះ​ហើយ​ ទារក​នឹង​ព្យាយាម​ញី​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត​ ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដដែល​​នេះ​។

    ៤. មាន​អ្វី​មួយ​ចូល​ក្នុង​ភ្នែក​

    ក្នុង​ករណី​ដែល​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​ ទារក​អាច​នឹង​ញី​ភ្នែក​មិន​ឈប់​ ដែល​​ទង្វើ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​។​ ​វា​អាច​ជា​ធូលី​ដី​ រោម​ភ្នែក​ ឬ​សំបោរ​ស្ងួត​ ។​ ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កត់សម្គាល់​ថា សូម្បី​តែ​អា​អូន​ព្រិច​ភ្នែក​ ឬ​​​ចេញ​ទឹក​ភ្នែក​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​នេះ​​ដូច​គ្នា​។​ ប្រសិនបើ​មាន​ការ​រលាក​ក្រហាយ​នៅ​ក្នុង​ភ្នែក​របស់​ទារក​ ចូរ​ប្រើប្រាស់​កំណាត់​សើម​ និង​​ទន់​ មក​ជូត​ភ្នែក និង​មុខ​ដើម្បី​កម្ចាត់​ចោល​​​វត្ថុ​បង្ក​ទាំង​នេះ​។​ បន្ទាប់​មក​ ចូរ​ប្រើ​ទឹក​ត្រជាក់​ដើម្បី​សម្អាត​ភ្នែក​របស់​អា​អូន​។

    ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ឃើញ​អ្វី​មួយ​នៅ​​កៀន​ភ្នែក​ សាកល្បង​ប្រើប្រាស់​កំណាត់​សើម​ដែល​ក្ដៅ​ឧណ្ហ​ៗ​ដើម្បី​យក​វា​ចេញ​។​ ប៉ុន្តែ​ ប្រសិនបើ​អា​អូន​នៅ​តែ​ចេញ​ទឹក​ភ្នែក​ និង​ព្រិច​ភ្នែក​ញឹកញាប់​​ដដែល​ វា​អាច​មាន​វត្ថុ​ចម្លែក ជាប់​នៅ​ក្នុង​ភ្នែក​អា​អូន​។ នៅ​ក្នុង​ករណី​នេះ​ ប៉ា​ម៉ាក់​គប្បី​យក​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    ទារក

    ៥. ឈឺ​ភ្នែក ឬ​រមាស់​ភ្នែក​

    មូលហេតុ​មួយ​ទៀត​ដែល​​អា​អូន​ញី​ភ្នែក​ អាច​​បណ្ដាល​មកពី​អាលែកហ្ស៊ី​ ឬ​​ការ​ឆ្លង​មេរោគ​ ដែល​អាច​បង្ហាញ​តាម​រយៈ​ការ​ឈឺ​ ឬ​រមាស់​។​ រោគ​សញ្ញា​ដែល​ទារក​មាន​ការ​ឆ្លង​មេរោគ​នៅ​ភ្នែក​ អាច​រួម​មាន​​ហើម​ភ្នែក​ ឬ​ក្រហម​ភ្នែក​ ​ចេញ​ទឹក​ភ្នែក​ ​គ្រុន​ក្ដៅ​ ឬ​យំ​មិន​បាត់​។​ នៅ​ក្នុង​ករណី​នេះ​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។

    យើង​អាច​ការពារ​កូន​កុំ​ឲ្យ​ញី​ភ្នែក​តាម​វិធី​ណា​?

    ​ប៉ា​ម៉ាក់​គប្បី​​ការពារ​កុំ​ឲ្យ​កូន​ញី​ភ្នែក​ ពីព្រោះ​វា​អាច​បង្ក​ជា​របួស​ ឬ​​​ការ​រលាត់​ស្បែក​​នៅ​ភ្នែក​របស់​អា​អូន​ ​ដោយ​អនុវត្ត​វិធីសាស្ត្រ​ដូច​ខាង​ក្រោម​នេះ​។

    • ពាក់​ស្រោម​ដៃ​ឲ្យ​អា​អូន​ ប្រសិនបើ​កូន​​មាន​ទម្លាប់​ញី​ភ្នែក​ខ្លាំង​ៗ​ ដើម្បី​ការពារ​ស្បែក​ពួក​គេ​ពី​ការ​រលាត់​ ឬ​រលាក​ក្រហាយ​
    • ដាក់​កូន​គេង​ភ្លាម​ៗ​ ប្រសិនបើ​យើង​សង្កេត​ឃើញ​អា​អូន​ញី​ភ្នែក ព្រម​ទាំង​ស្ងាប​​
    • ដើម្បី​ការពារ​កូន​​កុំ​ឲ្យ​មាន​របស់​ផ្សេង​ៗ​  ​ចូល​ទៅ​ក្នុង​ភ្នែក​ ចូរ​​ជៀសវាង​​នាំ​កូន​ទៅ​កន្លែង​ណា​ដែល​មាន​ធូលី​ដី​ច្រើន​។​ ​នៅ​ក្នុង​ករណី​ចាំបាច់​ ប៉ា​ម៉ាក់​​អាច​​របាំង​ការពារ​ភ្នែក​ និង​ច្រមុះ​របស់​កូន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម