ក្មេងអាយុក្រោម៥ឆ្នាំ ជាវ័យមួយដែលអាអូនកំពុងសប្បាយនឹងការលូតលាស់ និងជាវ័យដែលកូនចាប់ផ្ដើមស្វែងយល់ពីពិភពលោកជុំវិញខ្លួន។ ចុះដើម្បីឲ្យកូនលូតលាស់បានល្អ ម៉ាក់ប៉ាគួរចិញ្ចឹមកូនយ៉ាងម៉េចទើបស័ក្ដិសមនឹងវ័យអូន?
វេជ្ជបណ្ឌិតឯកទេសផ្នែកកុមារលោកស្រី កុសល កណិការ បានពន្យល់បន្ថែមថា ដើម្បីឲ្យកុមារតូចអាយុក្រោម៥ឆ្នាំមានការលូតលាស់ល្អទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត អង្គការសុខភាពពិភពលោក (WHO) បានណែនាំដូចខាងក្រោម៖
– ឲ្យកុមារលេងឲ្យបានច្រើន សំដៅដល់ការលេងដែលក្មេងៗអាចបញ្ចេញសកម្មភាពផ្សេងៗទៅតាមអាយុរបស់ពួកគេ
– កាត់បន្ថយការឲ្យកុមារអង្គុយ១កន្លែង ឬមិនធ្វើសកម្មភាពអ្វីសោះ ដែលសំដៅដល់ការអង្គុយមើលទូរស័ព្ទ ឬទូរទស្សន៍ ប៉ុន្តែការនាំកូនអានសៀវភៅ ឬលេងល្បែងផ្គុំរូបជាដើម ត្រូវបានលើកទឹកចិត្ត ព្រោះនេះជាពេលដែលម៉ាក់ប៉ាត្រូវបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយកូន និងជាសកម្មភាពជួយបង្កើនភាពវៃឆ្លាតដល់កូន
– អនុញ្ញាតឲ្យកុមារគេងឲ្យបានគ្រប់គ្រាន់ចាប់ពី ១០-១៣ម៉ោង។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា ការទទួលបាននូវសុខភាពល្អគ្រប់ផ្នែក យើងគួរធ្វើអ្វីៗដែលល្អបំផុតសម្រាប់សុខភាពតាំងពីក្មេងៗមក។ កុមារភាព គឺជាដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជាពេលវេលា ដែលគំរូនៃការរស់នៅក្នុងគ្រួសារ ក្លាយជាឧទាហរណ៍ដ៏ល្អសម្រាប់អាអូនលូតលាស់ឆ្ពោះទៅរកការស្រលាញ់សុខភាពល្អ។
ការធ្វើឲ្យប្រសើរឡើងនូវសកម្មភាពរាងកាយ កាត់បន្ថយភាពតានតឹងរបស់កូន និងការគេងឲ្យបានគ្រប់គ្រាន់ចំពោះកូន ជួយពង្រឹងនូវសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត និងជួយការពារកូនមិនឲ្យកើតជំងឺធាត់ និងជំងឺដែលអាចកើតឡើងទៅថ្ងៃអនាគត ពេលកូនធំឡើង។
[embed-health-tool-vaccination-tool]