ដោយសារការសិក្សាចំណាយពេលយូរ ហើយទម្រាំធ្វើការបានសល់លុយខ្លះទៀត គ្នាយើងខ្លះ ទាល់តែអាយុ ២០ ក្រាស់ ឬចូលដល់ ៣០ហើយ ទើបសម្រេចរៀបការ។ ទម្រាំមានកូនម្នាក់ៗ ចាស់ៗអស់ហើយ តែការសិក្សាមួយរកឃើញថា ក្មេងៗដែលកើតពីម៉ាក់ប៉ាវ័យចាស់ៗដូច្នេះ មានឥរិយាបថល្អ។
ការរកឃើញលទ្ធផលនេះ គឺតាមរយៈការវិភាគលើឥរិយាបថកុមារហូឡង់ ៣២.៨០០នាក់ រហូតដល់ពួកគេអាយុពី ១០-១២ ឆ្នាំ ដោយកុមារទាំងនេះកើតនៅកើតក្រោយឆ្នាំ១៩៨០។ ការវាយតម្លៃឥរិយាបថកុមារទាំងនេះ ធ្វើឡើងដោយប៉ា ម៉ាក់ គ្រូបង្រៀន និងកុមារខ្លួនឯង តាមរយៈកម្រងការវាយតម្លៃដែលមានស្ដង់ដារ។
ក្នុងការសិក្សានេះ អាយុម៉ាក់ក្មេងបំផុត ១៦ ឆ្នាំ និងចាស់បំផុត ៤៨ឆ្នាំ ចំណែកប៉ាវិញ ក្មេងបំផុត ១៧ ឆ្នាំ និងចាស់បំផុត ៦៨ឆ្នាំ។
លោកសាស្ត្រាចារ្យ Dorret Boomsma មកពីសាកលវិទ្យាល័យ Vrije Universiteit Amsterdam និងជាអ្នកដឹកនាំការសិក្សា បញ្ជាក់ថា ម៉ាក់ប៉ាវ័យចាស់ៗ កើតកូនមានឥរិយាបថល្អ ប្រហែលដោយសារពួកគេ មានធនធានច្រើន និងកម្រិតការអប់រំខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- ចំណុចធ្វេសប្រហែសរបស់ម៉ាក់ប៉ាសម័យថ្មី ធ្វើឲ្យកូនតូចឧស្សាហ៍ឈឺ
- មានកូនតូចចង់ដើរលេងសប្បាយ ត្រូវចេះតិចនិកសាមញ្ញទាំងនេះ
តែយ៉ាងណា អ្នកស្រាវជ្រាវក៏បានលើកឡើងដែរថា ស្រីៗកាន់តែចាស់ អត្រាមានពពោះ ក៏កាន់តែធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះ ការពពោះនៅវ័យកាន់តែចាស់ ប្រឈមនឹងការរលូតកូន ជំងឺបម្រុងក្រឡាភ្លើង ហើយអាចត្រូវសម្រាលដោយវះកាត់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]