backup og meta

គួរដឹង​!​ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 11, 2021

    គួរដឹង​!​ សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

    ជា​រៀង​រាល់​ឆ្នាំ​ មាន​កុមារ​​រាប់​សែន​នាក់​ដែល​ជួប​ប្រទះ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​ពី​ការ​ដួល​ លេង​កីឡា​ ឬ​បុក​​ជាមួយ​​នឹង​វត្ថុ​អ្វី​មួយ​។​ ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​​​កើត​ឡើង មិន​ត្រឹម​តែ​​នៅ​ពេល​វត្ថុ​ពីរ​ប៉ះ​ទង្គិច​គ្នា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នៅ​មាន​ចលនា​ដូច​ជា​កន្ត្រាក់​ចុះ​ឡើង​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ទើប​មួក​សុវត្ថិភាព​មិន​អាច​ការពារ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​នេះ​បាន​។​ ពិត​ណាស់​ មួក​សុវត្ថិភាព​អាច​ការពារ​ការ​បែក​​ឆ្អឹង​លលាដ៍​ក្បាល​ និង​ការ​រង​របួស​ដទៃ​ទៀត​ ប៉ុន្តែ​វា​មិន​អាច​ទប់​ក្បាល​ឲ្យ​នៅ​នឹង​បាន​ឡើយ​។​

    រោគ​សញ្ញា​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

    ការ​ដឹង​ពី​​វត្តមាន​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​គឺ​ជា​រឿង​សំខាន់​មួយ​។​ ​ទោះ​បី​ជា​មិន​មាន​ការ​ព្យាបាល​ជាក់លាក់​ណាមួយ​ ប៉ុន្តែ​ការ​ឲ្យ​កូន​សម្រាក​ទាំង​រាងកាយ​ និង​ផ្លូវ​ចិត្ត​អាច​ជួយ​ឲ្យ​រោគ​សញ្ញា​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​។​ ម្យ៉ាង​វិញ​ទៀត​ ប៉ា​ម៉ាក់​ចាំបាច់​ការពារ​កូន​ពី​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​នៅ​អំឡុង​​ពីរ​បី​សប្ដាហ៍​​ ​ឬ​ខែ​ដំបូង​ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​រួច​ ពីព្រោះ​ថា​ខួរ​ក្បាល​គឺ​​​កំពុង​​តែ​ជា​សះ​ស្បើយ​។​ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​បន្ថែម​ទៀត វា​អាច​បណ្ដាល​ខូច​ខួរ​ក្បាល​ជា​រៀង​រហូត​​។​

    នៅ​ពេល​ខ្លះ​ ​វា​អាច​មាន​សញ្ញា​ភ្លាម​ៗ​បន្ទាប់​ពី​រង​របួស ដែល​បញ្ជាក់​ថា​ក្មេង​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​។​ ​សញ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ​ទាំង​នេះ​មាន​ដូចជា​៖

    • សន្លប់​ ឬ​ងងុយ​គេង​ខ្លាំង​ ព្រម​ទាំង​ពិបាក​ភ្ញាក់​ពី​គេង​
    • ឈឺ​ក្បាល​ធ្ងន់ធ្ងរ​
    • វិល​មុខ​ និង​ពិបាក​ឈរ​ ឬ​ដើរ​
    • ភ័ន្តច្រឡំ​ ឬ​មិន​ចងចាំ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​
    • ក្អួត​ចង្អោរ​ខ្លាំង​

    ប្រសិនបើ​មាន​សញ្ញា​ទាំង​នេះ​កើត​ឡើង​ ប៉ា​ម៉ាក់​ត្រូវ​នាំ​កូន​ទៅ​ជួប​ជា​មួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

    ប៉ះទង្គិចខួរក្បាល២

    សញ្ញា​​​មួយ​ចំនួន​ទៀត​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល

    ជាមួយ​គ្នា​នេះ​ដែរ​ សញ្ញា​មួយ​ចំនួន​អាច​មាន​ភាព​ស្រពិចស្រពិល​ និង​អាច​បន្ត​រហូត​ដល់​​ជា​ច្រើន​សប្ដាហ៍ ឬ​ជា​ច្រើន​ខែ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​រួច ដែល​មាន​ដូចជា​៖

  • ឈឺ​ក្បាល​ជាប់​ជា​ប្រចាំ​
  • ក្អួត​ចង្អោរ​តិចតួច​ជា​ប្រចាំ​
  • ពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍​
  • ពិបាក​ក្នុង​ការ​ចងចាំ​ និង​រៀន​អ្វី​ថ្មី​ៗ​
  • អស់​កម្លាំង​ ថាមពល​ចុះ​ខ្សោយ
  • មាន​អារម្មណ៍​មិន​ល្អ​ ឬ​ឆាប់​ខឹង​
  • មាន​​បញ្ហា​នៅ​ក្នុង​ការ​គេង​
  • វិល​មុខ​
  • ព្រិល​ភ្នែក​ ឬ​មាន​បញ្ហា​ភ្នែក​ផ្សេង​ទៀត​
  • ​​ពិត​ណាស់​ មាន​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ ដែល​អាច​ឲ្យ​កុមារ​កើត​មាន​អាការៈ​ទាំង​នេះ​ ប៉ុន្តែ​​ទោះ​យ៉ាង​នេះ​​ក្ដី​ ប៉ា​ម៉ាក់​​គប្បី​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​អំពី​មូលហេតុ​ឲ្យ​បាន​ច្បាស់​លាស់​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​កូន​មាន​រោគ​សញ្ញា​ទាំង​នេះ​ បន្ទាប់​ពី​​មាន​ការ​ប៉ះ​ទង្គិច​ក្បាល​រួច និង​ទោះ​បី​ជា​មើល​ទៅ​មិន​ធ្ងន់ធ្ងរ​ក្ដី​ ​​វា​អាច​បង្ហាញ​ពី​​សញ្ញា​នៃ​ការ​ប៉ះ​ទង្គិច​ខួរ​ក្បាល​ដែល​ប៉ា​ម៉ាក់​មិន​គួរ​បណ្ដែតបណ្ដោយ​ឡើយ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 11, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម