ការញ៉ាំ និងការរំលាយអាហារ គឺដើរតួសំខាន់ក្នុងការលូតលាស់របស់ក្មេងៗ។ ក្មេងៗជាច្រើនអាចញ៉ាំអាហារ និងទទួលយកសារធាតុចិញ្ចឹមពីក្នុងអាហារបានធម្មតា ដោយមិនមានបញ្ហាក្នុងការរំលាយអាហារនោះទេ។ ប៉ុន្តែមានពេលខ្លះមុខងារនេះ ធ្វើការមិនបានត្រឹមត្រូវល្អ ដែលអាចកើតឡើងក្នុងមួយរយៈពេលខ្លី ឬពេលខ្លះអាចធ្ងន់ធ្ងរក៏មាន។ ក្នុងនាមជាប៉ាម៉ាក់ យើងត្រូវស្វែងយល់អំពីរោគសញ្ញាផ្សេងៗ ដែលកើតលើប្រព័ន្ធរំលាយអាហាររបស់កូនៗ ថាតើវាជាបញ្ហាធម្មតា ឬបញ្ហាធ្ងន់ធ្ងរ។
ក្មេងអាចកើតបញ្ហាទាក់ទងជាមួយប្រព័ន្ធរំលាយអាហារមានដូចជា៖
១– ក្អួត
ក្មេងក្អូត ច្រើនតែបណ្ដាលមកពីការចម្លងរោគនៅក្នុងពោះវៀន តែភាគច្រើនគឺដោយសារតែពពួកវីរុសក្នុងពោះវៀនមានច្រើនពេក។ រោគសញ្ញាដំបូងនៃជំងឺមួយនេះ គឺក្អួត ហើយយើងនឹងអាចសង្កេតឃើញមានរោគសញ្ញាមួយចំនួនផ្សេងទៀត មានដូចជាក្ដៅខ្លួន ឬរាករូសកើតឡើងជាមួយគ្នាដែរ។ ជាធម្មតាបញ្ហានេះអាចមានរយៈពេលពីរទៅបីថ្ងៃ តែពោះរបស់ក្មេងនៅតែបន្តហើមពីរទៅបីថ្ងៃក្រោយទៀត។
ប៉ុន្តែបើខោទឹកនោមមិនសូវសើមខ្លាំងដូចរាល់ដង ឬទឹកមាត់របស់ក្មេងមិនសូវមាន បានន័យថាកូនបាត់បង់ជាតិទឹកហើយ។ សម្រាប់បញ្ហានេះប៉ាម៉ាក់ត្រូវឲ្យទឹកសូលុយស្យុង ដែលមានផ្ទុកអេឡិចត្រូលីត មានដូចជា Pedialyte ឬ Rehydralyte រៀងរាល់ ១៥នាទីម្ដងក្នុងករណីកូនមិនព្រមបៅដោះ។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ប៉ាត្រូវតាមដាន ជំងឺស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងកូនមិនញ៉ាំចំណីអាហារ
- ពេលពពោះ ម៉ាក់ៗខ្វះអាហារូបត្ថម្ភ ប៉ះពាល់ទាំងខ្លួនឯង និងកូន
- កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ
- កុមារមានជំងឺទឹកនោមផ្អែមប្រភេទ១ បើកម្រិតជាតិស្ករក្នុងឈាមចុះទាបគួរធ្វើម៉េច?
- ក្មេងកើតជំងឺកង្វះអង់ហ្ស៊ីម អាចព្យាបាលជាទេ?
មានករណីកម្រខ្លះ ក្មេងក្អូតអាចបណ្ដាលមកពីភាពមិនប្រក្រតីរបស់ផ្លូវរំលាយអាហារ។ ពេលខ្លះសាច់ដុំនៅផ្នែកខាងចុងនៃក្រពះ ឡើងទៅជារឹង ធ្វើឲ្យទឹកដោះមិនអាចហូរកាត់បាន។ ករណីនេះគេហៅថា pyloric stenosis វាច្រើនកើតឡើងលើក្មេងមានអាយុចន្លោះពី ៣ ទៅ ៥សប្ដាហ៍។ មូលហេតុរបស់វាមិនទាន់មានគេបកស្រាយបាននៅឡើយទេ។ ក្មេងដែលមានបញ្ហា pyloric stenosis តម្រូវឲ្យបធ្វើការវះកាត់ ដើម្បីឲ្យក្រពះរបស់ក្មេងធ្វើការបានធម្មតាដូចដើមវិញ ប៉ុន្តែក្នុងករណីនេះគ្រូពេទ្យត្រូវវះបើកពោះរបស់កូនយើង។
២– ក្អែ (reflux)
បើយើងឃើញថារាល់ពេលព្យាយាមបំបៅកូន កូនខ្ជាក់ចេញ ឬឈ្លក់ ចង្អោរ វាអាចដោយសារបញ្ហាក្អែនេះហើយ។ បញ្ហានេះកើតឡើងនៅពេលដែលអាហារក្នុងក្រពះច្រាលឡើងមកក្នុងបំពង់អាហារ បណ្ដាលឲ្យបំពង់អាហាររលាក និងក្រហាយ។ សារធាតុដែលច្រាលចេញពីក្នុងក្រពះរបស់ក្មេងចូលមកក្នុងបំពង់អាហារ ធ្វើឲ្យកូនក្អួត ឬពេលខ្លះអាចឈ្លក់ចូលក្នុងសួតទៀតផង។
អ្វីដែលយើងត្រូវធ្វើពេលកូនក្អែនោះគឺ៖
– មិនត្រូវស្លៀកខោទឹកនោមឲ្យក្មេងតឹងពេកនោះទេ
– ត្រូវបំបៅកូនក្នុងបរិមាណសមរម្យ យឺតៗ ប៉ុន្តែត្រូវឲ្យកូនបៅឲ្យបានញឹកបន្តិច។ ការញ៉ាំក្នុងបរិមាណតិចតួច ជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ និងជួយការពារកុំឲ្យអាហារទាំងនោះច្រាលចេញពីក្នុងក្រពះវិញបានដែរ។ ពេលឲ្យអាហារកូនយើងអាចជួយគោះខ្នងកូនតិច ដើម្បីជួយសម្រួលដល់ចលនារបស់អាហារបាន។
៣– រាក
ក្មេងដែលរាក គឺភាគច្រើនបណ្ដាលមកពីវីរុស ហើយវីរុសនោះច្រើនជាពពួក Rotavirus។ វីរុសនេះភាគច្រើនលេចចេញក្នុងខែរងារ ហើយច្រើនកើតលើក្មេងមានអាយុចន្លោះពី៦ ទៅ ២៤ខែ។ រឿងដែលយើងត្រូវធ្វើពេលកូនចាប់ផ្ដើមមានវីរុសនេះច្រើន គឺត្រូវឲ្យកូនផឹកទឹកឲ្យបានច្រើន។ ដើម្បីដឹងរោគវិនិច្ឆ័យឲ្យបានច្បាស់ គ្រូពេទ្យត្រូវតែពិនិត្យលាមករបស់ក្មេង។
[embed-health-tool-vaccination-tool]