ទារកមួយចំនួនជួបអាការៈហើមពោះញឹកញាប់ ដែលបញ្ហានេះលោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅ Singapore Medical Center ថា អាចបណ្តាលមកពីផលវិបាកជំងឺរលាកពោះវៀន ពិសេសរបបអាហាររបស់ម្តាយ និងកូន។
លោកស្រីវេជ្ជបណ្ឌិតថា បើទារកម៉ឹមដោះម្តាយ ហើយជួបអាការៈហើមពោះនោះ អាចមកពីរបបអាហារម្តាយ ដែលញ៉ាំអាហារផ្អាប់ ជូរ ផ្អូម ញ៉ាំបន្លែឆៅ ផឹកថ្នាំខ្មែរ ឬស្រាត្រាំ ហើយមកបំបៅដោះកូន ពេលកូនម៉ឹមចូលទៅ ធ្វើឲ្យកូនហើមពោះ ឬរលាកពោះវៀន។ ចំពោះកូនធំ ដែលអាចញ៉ាំអាហារបានវិញ អាចមកពីការទាស់ចំណី ញ៉ាំចំណីអាហារមិនស្អាត ដោយមេរោគ ញ៉ាំបន្លែឆៅ ឬក៏មកពីអាលែកហ្ស៊ីនឹងសារធាតុណាមួយនៅក្នុងចំណីអាហារ។
“ខ្ញុំធ្លាប់ជួបដែរ កូនហ្នឹងបៅដោះម្តាយផឹកថ្នាំខ្មែរ ដោយសារយើងជឿគ្រប់គ្នាផឹកថ្នាំខ្មែរ ស្រាថ្នាំ ធ្វើឲ្យឆ្អិនសរសៃម្តាយ សម្បូរទឹកដោះឲ្យកូនម៉ឹមអ៊ីចឹង តែតាមពិតជាគ្រឿងពុលទេ ពេលដែលយើងបំបៅដោះកូន ធ្វើឲ្យកូនទៅជាហើមពោះ រលាកពោះវៀន “។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។
ពេលកូនហើមពោះត្រូវធ្វើម៉េច?
តាមទម្លាប់ ពេលកូនមានអាការៈហើមពោះ យើងតែងតែយកប្រេងកូឡាមកលាបរឹតលើពោះ តែលោកស្រីវេជ្ជបណ្ឌិតឯកទេសរោគកុមារខាងលើអះអាងថា ការលាបប្រេងកូឡាវិញ មិនមានការសិក្សាបញ្ជាក់ថា អាចបំបាត់អាការៈហើម ឆ្អល់ពោះនោះទេ។ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ការលាបប្រេងកូឡាឲ្យកូនក្មេងអាយុក្រោម ២ឆ្នាំ មិនត្រឹមតែគ្មានបានប្រយោជន៍នោះទេ ថែមទាំងប៉ះពាល់សុខភាពក្មេងទៀត។ ផលប៉ះពាល់នៃការលាបប្រេងកូឡាឲ្យក្មេងអាយុក្រោម ២ឆ្នាំ មាន ទី១ ពាក់ព័ន្ធនឹងប្រព័ន្ធផ្លូវដង្ហើម ធ្វើឲ្យក្មេងពុល ទី១ ប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យក្មេងអាប់ប្រាជ្ញា និងទី៣ ធ្វើឲ្យក្មេងមានបញ្ហាស្បែក។
ចំពោះវិធីការព្យាបាលអាការៈហើមពោះត្រឹមត្រូវ គឺទៅតាមមូលហេតុជាក់ស្តែង បើមកពីចំណីអាហារម្តាយ យើងត្រូវផ្លាស់ប្តូររបបអាហារ បើមកពីផឹកថ្នាំខ្មែរ ម្តាយត្រូវបញ្ឈប់ភ្លាម។ ចំពោះការព្យាបាលវិញ គ្រូពេទ្យឯកទេសកុមាររូបនេះថា គ្រូពេទ្យអាចឲ្យប្រើថ្នាំមួយចំនួន ដើម្បីឲ្យដើរខ្យល់ស្រួល ហើយព្យាបាលឫសគល់ តើកូនហើមពោះមកពីអ្វីឲ្យប្រាកដ។
[embed-health-tool-vaccination-tool]