backup og meta

កូនមិនសូវជុះ តែផោមញឹក គួរឲ្យព្រួយបារម្ភអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 12, 2021

    កូនមិនសូវជុះ តែផោមញឹក គួរឲ្យព្រួយបារម្ភអត់?

    ពេល​កូន​តូច​មិន​សូវ​ជុះ ហើយ​​មាន​តែ​ផោម សម្រាប់​ម៉ាក់ៗ​ថ្មី​ថ្មោង​ច្រើន​មាន​ការ​បារម្ភ​ពី​រឿង​នេះ។ តើ​នេះ​មាន​អ្វី​កើត​ឡើង​ចំពោះ​កូន? គួរ​ដោះ​ស្រាយ​បែប​ណា?​

    . កូន​ផោម​ជា​រឿង​ធម្មតា

    ប៉ា​ម៉ាក់​ត្រូវ​ដឹង​ថា​ កូន​តូច​ផោម​ជា​រឿង​ធម្មតា និង​ចាំបាច់​។ កូន​យើង​អាច​មាន​ហ្គាស​​នៅ​ក្នុង​ពោះ​ដោយ​សារ​បាន​ស្រូប​ខ្យល់​ពេល​បៅ​មិន​ថា​បៅ​ដោះ ឬ​បៅ​ម្សៅ​ទឹក​ដោះ​គោ​នោះ​ទេ​។ ដូច​គ្នា​ដែរ ចំពោះ​កូន​ធំ​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន គេ​អាច​នាំ​ជាតិ​​​ហ្គាស​ចូល​ក្នុង​ពោះ​បាន​តាម​រយៈ​អាហារ​មួយ​ចំនួន​ដូច​ជា​​ស្ពៃ​ក្ដោប សណ្ដែក ខ្ទឹមបារាំង និង​ខាត់​ណា​ខៀវ ជា​ដើម​។

    នៅ​ពេល​មាន​ខ្យល់​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ កូន​យើង​ត្រូវ​ការ​បញ្ចេញ​វា​មក​ក្រៅ​វិញ​តាម​រយៈ​ភើ ឬ​ក៏​ផោម​។ បើ​មិន​បាន​បញ្ចេញ​ខ្យល់​ក្នុង​ពោះ​មក​ក្រៅ​ទេ​ កូន​យើង​អាច​នឹង​មាន​អាការៈ​ដូច​ជា​ឈឺ​ពោះ និង​ហើម​ពោះ​មិន​ខាន​។

    . ក្មេង​ជុះ​ញឹក​ញាប់​កម្រិត​ណា?

    ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ប្រហែល​ជា​ស្រមៃ​ថា​នឹង​ត្រូវ​ប្ដូរ​ខោ​ទឹកនោម​កូន​ញឹក​ញាប់​មិន​ខាន ព្រោះ​តែ​កូន​ត្រូវ​ជុះ​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃ​ៗ​។ ប៉ុន្តែ មិន​មែន​គ្រប់​ក្មេង​ទាំង​អស់​សុទ្ធ​តែ​ជុះ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​ខ្លះ​ក៏​មិន​ជុះ​រាល់ថ្ងៃ​ដែរ នៅ​ពេល​គេ​ដល់​អាយុ​ជាក់​លាក់​ណា​មួយ​។

    បើ​តាម​អ្នក​ជំនាញ នៅ​ក្នុង​ខែ​ដំបូង​ កូន​យើង​អាច​ជុះ​រាល់ថ្ងៃ ដោយ​ថា​ក្មេង​បៅ​ម្សៅ​ទឹក​ដោះ​គោ អាច​ជុះ​ប្រាំ​ដង​ក្នុង​មួយ​ថ្ងៃ ហើយ​នឹង​ជុះ​តិច​ជាង​នេះ​នៅ​ពេល​គេ​កាន់​តែ​ធំ។ សម្រាប់​កូន​បៅ​ដោះ​ម្ដាយ​វិញ អាច​ជុះ​កាន់​តែ​ញឹក​ដែរ​ក្នុង​វ័យ​ដូច​គ្នា​នេះ តែ​ថា​បន្ទាប់​ពី​ដល់​អាយុ​ប្រាំមួយ​សប្ដាហ៍ ក្មេង​ទាំង​នោះ​អាច​នឹង​មិន​ជុះ​រហូត​ដល់​១០​ថ្ងៃ​ក៏​មាន​។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ការ​ជុះ​របស់​ក្មេង​ញឹក​ញាប់​ប៉ុនណា ក៏​អាស្រ័យ​លើ​អាយុ និង​របប​អាហារ​ផង​ដែរ​។

    កូនទល់លាមក

    . កូន​អត់​ជុះ តែ​ផោម តើ​ម៉េច​វិញ?

    ត្រង់​ចំណុច​នេះ យើង​ដឹង​ហើយ​ថា​ក្មេង​ផោម​គឺ​ជា​រឿង​ធម្មតា ហើយ​ថា​ក្មេង​មិន​ចាំ​បាច់​ត្រូវ​តែ​ជុះ​រាល់​ថ្ងៃ​នោះ​ដែរ​។ ដូច​នេះ ក្មេង​មិន​ជុះ តែ​ផោម​ គឺ​មិន​មែន​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នោះ​ទេ​។ ​យ៉ាងណា បើ​កូន​យើង​មិន​ជុះ​ ក៏​អាច​ជា​សញ្ញា​មួយ​ថា​កូន​អាច​ទល់​លាមក​ដែរ​។

    ទោះ​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ថា​ប៉ា​ម៉ាក់​កុំ​ប្រ​ញាប់​វាយ​តម្លៃ​ថា​កូន​ទល់​លាមក​លឿន​ពេក ដោយ​គ្រាន់​តែ​ឃើញ​កូន​មិន​សូវ​ជុះ​នោះ​ បើ​ទោះ​បី​ជា​ពេល​​ខ្លះ​ឃើញ​កូន​ដូច​ជា​ប្រឹង​ជុះ​ក៏​ដោយ​។ ប៉ា​ម៉ាក់​ត្រូវ​ដឹង​ដែរ​ថា​ កូន​នៅ​តូច កំពុង​តែ​សម្រប​ខ្លួន​ទៅ​នឹង​ការ​អភិវឌ្ឍ​​​ប្រព័ន្ធ​រំលាយ​អាហារ។ មួយ​វិញ​ទៀត បើ​កូន​យើង​តែង​តែ​ដេក​នៅ​មួយ​កន្លែង ក៏​អាច​នឹង​មិន​ងាយ​ជុះ​ដែរ​។

    ជា​រួម ​បើ​លាមក​កូន​យើង​ទន់ ទោះ​បី​មើល​ទៅ​កូន​ដូច​ជា​ប្រឹង​ជុះ​ ឬ​មិន​សូវ​ជុះ​ក៏​ដោយ ក៏​កូន​យើង​ទំនង​មិន​ទាន់​ដល់​ដំណាក់​កាល​ទល់​លាមក​ដែរ​។​

    . សញ្ញា​ទល់​លាមក និង​វិធី​ដោះ​ស្រាយ​

    បើ​កូន​យើង​មិន​សូវ​ជុះ ហើយ​ពេល​ជុះ​ម្ដងៗ​ពិបាក ទៀត​នោះ សូម​ពិនិត្យ​មើល​សញ្ញា​ទាំង​នេះ ដើម្បី​ដឹង​ថា​កូន​មាន​បញ្ហា​ទល់​លាមក​ឬ​អត់​។

    • លាមក​រឹង និង​មាន​ទំ​ហំធំ
    • មាន​ឈាម​ក្នុង​លាមក​​
    • យំ​ពេល​ជុះ
    • ប្រែ​ខ្លួន​ចុះ​ឡើង​ពេល​ជុះ
    • ឈឺពោះ និង​
    • រញ៉ាំ​រញ៉ូវ​​​​​

    បើ​សិន​ជា​សង្ស័យ​ថា​កូន​ទល់​លាមក​យើង​ត្រូវ៖​

    • ឲ្យ​កូន​ញ៉ាំទឹក​តិចៗ​បន្ថែម​​ចន្លោះ​ពី​៣០​ទៅ​៤០​នាទី​ម្ដង តែ​ហាម​បន្ថែម​ជាតិ​ស្ករ
    • សម្រាប់​កូន​អាច​ញ៉ាំ​អាហារ​បាន យើង​គួរ​បន្ថែម​បន្លែ និង​ផ្លែ​ឈើ​មាន​ជាតិ​សរសៃ​ដល់​កូន​
    • ក្នុង​ករណី​កូន​នៅ​តែ​នៅ​បន្ត​ទល់​លាមក​​ទៀត ត្រូវ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម