មិនមែនក្មេងទាំងអស់ដែលកើតជំងឺពោះវៀនលូនចូលគ្នានេះ សុទ្ធតែចេញគ្រប់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះទេ។ ក្មេងខ្លះមិនបង្ហាញការឈឺចាប់ ជុះមកមិនមានលាយឈាម ឬគ្មានដុំពោះវៀនពេលស្ទាប រីឯក្មេងរាងធំបន្តិចខ្លះកើតជំងឺនេះ បង្ហាញការឈឺចាប់ តែមិនមានរោគសញ្ញាដទៃ។
គ្រោះថ្នាក់នៃជំងឺពោះវៀនលូនចូលគ្នា
ជំងឺពោះវៀនលូនចូលគ្នាអាចនាំឲ្យធ្លាយពោះវៀន ការឆ្លងមេរោគ និងការស្លាប់របស់ជាលិកាពោះវៀនបាន។ លើសពីនេះ ជំងឺនេះធ្វើឲ្យអាហារ ឬសារធាតុរាវមិនអាចឆ្លងកាត់ពោះវៀនបាន និងអាចផ្ដាច់ការផ្គត់ផ្គង់ឈាមទៅផ្នែកមួយនៃពោះវៀនដែលរងផលប៉ះពាល់ដែរ។
ពេលណាគួរជួបពេទ្យ?
ជំងឺពោះវៀនលូនចូលគ្នាទាមទារឲ្យការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល ព្រោះវាជាបញ្ហាធ្ងន់ធ្ងរ ហេតុនេះហើយ បើម៉ាក់ប៉ាឃើញកូនបង្ហាញរោគសញ្ញាដូចខាងលើ ត្រូវនាំកូនទៅជួបពេទ្យឲ្យបានឆាប់។ ពិសេសបើចំពោះទារកដែលមានការឈឺពោះ ទាញជង្គង់របស់ពួកគេផ្អឹបនឹងដើមទ្រូង នៅពេលអាអូនយំ។