ម៉ាក់ប៉ាណាក៏ដូចគ្នាដែរ តែងប្រាថ្នាចង់ឲ្យកូនលូតលាស់ពេញវ័យប្រកបដោយសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ ហើយដើម្បីសម្រេចបំណងប្រាថ្នានេះ ទាមទារឲ្យម៉ាក់ប៉ាថែទាំកូនឲ្យមានសុខភាពល្អ រួមទាំងសុខភាពប្រព័ន្ធរំលាយអាហារកូនដែរ។ កាលណាសុខភាពក្រពះ-ពោះវៀនអាអូនអត់ល្អទេ កូនអាចនឹងជួបឧបសគ្គធំៗ ៣ យ៉ាង រារាំងដល់ការលូតលាស់។ ឧបសគ្គទាំងនោះមានដូចជា៖
១. កង្វះអាហារូបត្ថម្ភ
ក្រពះ-ពោះវៀនមាននាទីចាំបាច់ក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារដែលអាអូនញ៉ាំចូលខ្លួន។ បើសុខភាពប្រព័ន្ធរំលាយអាហារមិនល្អ មានន័យថា អាអូនច្បាស់ជាទទួលបានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់តាមតម្រូវការរបស់រាងកាយទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ បម្រើការងារនៅមន្ទីរពេទ្យកុមារជាតិ ឲ្យដឹងថា កាលណាបើក្រពះ-ពោះវៀនក្មេងមានសុខភាពល្អ គឺធ្វើឲ្យក្មេងមានការលូតលាស់បានល្អ ទាំងមាឌ និងកម្ពស់គឺបានប្រក្រតីធម្មតាទាំងអស់។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចត្រង់នេះ
២. ប្រព័ន្ធការពាររាងកាយខ្សោយ
យើងដឹងហើយថា សុខភាពក្រពះពោះវៀន ជះឥទ្ធិពលដល់សុខភាពប្រព័ន្ធការពាររាងកាយកូនតូច ដោយសារក្រពះ-ពោះវៀនមានប្រមាណ ៧០% នៃកោសិកាដែលបង្កើតជាប្រព័ន្ធការពាររាងកាយ ហើយបាក់តេរីល្អៗ រាប់លានមានក្នុងក្រពះ-ពោះវៀន ក៏ជួយទ្រទ្រង់សុខភាពទូទៅរបស់អូនៗ ចៀសឆ្ងាយពីជំងឺតូចតាចមួយចំនួនផងដែរ។ នេះមានន័យថា បើអាអូនមានសុខភាពប្រព័ន្ធរំលាយអាហារខ្សោយ ឬមិនល្អ សុខភាពអាអូនក៏ប្រឈមនឹងជំងឺច្រើនដែរ។
៣. ខួរក្បាលអភិវឌ្ឍន៍មិនល្អ
លោកវេជ្ជបណ្ឌិត អ៊ុន យូ បន្តថា ការលូតលាស់ និងអភិវឌ្ឍន៍ខួរក្បាលកូនល្អប្រក្រតីក៏មានជាប់ពាក់ព័ន្ធសុខភាពក្រពះ-ពោះវៀនកូនដែរ។ បើក្រពះ-ពោះវៀនក្មេងល្អ ការស្រូបយកពពួកសារធាតុចិញ្ចឹមដែលគេហៅថា Mico-nutrient ជាសារធាតុចិញ្ចឹមជួយអភិវឌ្ឍន៍ខួរក្បាលកុមារក៏បានល្អ ជាហេតុជួយឲ្យអាអូនមានប្រាជ្ញាឆ្លាតវៃ ឆាប់យល់សាច់ការ។
ហេតុនេះហើយ ម៉ាក់ប៉ាគួរយកចិត្តទុកដាក់ចំពោះរបបអាហារកូន និងសុខភាពប្រព័ន្ធរំលាយអាហារ ព្រោះបើតាមហេតុផលខាងលើទាំង ៣ មានសុខភាពក្រពះ-ពោះវៀនល្អ ពិតជាចាំបាច់ចំពោះអាអូន។ យកល្អ ក្នុងរបបអាហារកូន គួរមានបន្លែ ផ្លែឈើ សាច់ និងអាហារសម្បូរជាតិ Prebiotic និងProbiotic ឬអាចផ្ដល់ជាទឹកដោះគោមានសារធាតុ SYNBIOTICS ដើម្បីជួយទ្រទ្រង់សុខភាពក្រពះ-ពោះវៀនអាអូន ពង្រឹងប្រព័ន្ធការពាររាងកាយ និងប្រាជ្ញាឆ្លាតវៃ។
[embed-health-tool-vaccination-tool]