ធម្មតា មនុស្សគ្រប់រូបអាចប្រឈមនឹងការកើតជំងឺច្រើន ក្នុងនោះដែរទារកនៅក្នុងផ្ទៃម្ដាយក៏អាចមានបញ្ហាកើតជំងឺពីកំណើតដែរ ទើបពេទ្យទាមទារឲ្យមានការឆ្លុះពិនិត្យរកមើលជំងឺទាំងនោះ ពិសេសភាពមិនប្រក្រតីនៃបេះដូង។
ហេតុអ្វីត្រូវការពិនិត្យរកមើលជំងឺបេះដូងពីកំណើត?
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការរកមើលភាពមិនប្រក្រតីនៃបេះដូង អាចធ្វើទៅបានក្នុងអំឡុងពេលមានផ្ទៃពោះ ក្នុងចន្លោះពេល១៨-២២សប្ដាហ៍ នៃគភ៌ ដែលភាគរយនៃការរកឃើញមានពី ៨០-៩០%។ ការធ្វើអេកូបេះដូងទារកក្រោយកើត ជាវិធីស្វែងរកលក្ខណៈទូទៅ គឺជាវិធីសាស្ត្រល្អដែលមានលទ្ធផលខ្ពស់ ក្នុងការរកឃើញជំងឺបេះដូងពីកំណើត និងអាចព្យាបាលឲ្យទារកបានទាន់ពេលទាន់វេលា។ ម៉្យាងវិញទៀត ការធ្វើអេកូមើលបេះដូងទារកជាវិធីសាស្ត្រងាយ និងមិនមានការឈឺចាប់ ប៉ុន្តែតម្រូវឲ្យប្រើពេលវេលា និងគ្រូពេទ្យជំនាញមានបទពិសោធន៍ច្បាស់លាស់។
ក្នុងចំណោមជំងឺដែលមានពីកំណើត ភាពមិនប្រក្រតីរបស់បេះដូង គឺជាជំងឺសម្បូរជាងគេ ដែលមានអត្រាប្រហែល ១%នៅលើពិភពលោកនេះ។ ភាពមិនប្រក្រតីរបស់បេះដូង ចែកចេញជា២ប្រភេទគឺ ប្រភេទស្រាល និងប្រភេទធ្ងន់ធ្ងរ៖
ករណីស្រាល៖ មិនប៉ះពាល់ទៅដល់ការលូតលាស់របស់ទារក និងកុមារ ដែលប្រភេទនេះមានចំនួនច្រើន ខ្លះអាចវិវត្តទៅជាសះស្បើយដោយខ្លួនឯង ឬបន្ទាប់ពីវះកាត់។
ករណីធ្ងន់ធ្ងរ៖ អាចបណ្ដាលឲ្យខ្សោយបេះដូង និងបាត់បង់ជីវិត ប៉ុន្តែអាចជួយព្យាបាលបានជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ នាពេលបច្ចុប្បន្ននេះឲ្យបានទាន់ពេលវេលា។
ប្រសិនក្រុមគ្រូពេទ្យរកឃើញថា ទារកមានបញ្ហាបេះដូងពីកំណើតករណីស្រាល ពេទ្យអាចតាមដានមើលបន្តក្នុងរយៈពេលពី១-៦ខែ ទៅតាមសភាពជាក់ស្ដែង។ ចំណែកករណីធ្ងន់ធ្ងរ គឺត្រូវព្យាបាលដោយការប្រើថ្នាំ ឬដោយការវះកាត់។
មន្ទីរពេទ្យ កាល់ម៉ែត បញ្ជាក់ថា ការរកមើលជំងឺបេះដូងពីកំណើត ដោយវិធីសាស្ត្រអេកូបេះដូងលើទារក និងការព្យាបាលឲ្យទាន់ពេលវេលាគឺជាការចាំបាច់បំផុត។
[embed-health-tool-vaccination-tool]