backup og meta

ជំងឺកង្វះអង់ហ្ស៊ីម G6PD បង្កឲ្យទារកចេញសញ្ញាទាំងនេះ តែដើម្បីច្បាស់ត្រូវជោះកែងជើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    ជំងឺកង្វះអង់ហ្ស៊ីម G6PD បង្កឲ្យទារកចេញសញ្ញាទាំងនេះ តែដើម្បីច្បាស់ត្រូវជោះកែងជើង

    មានម៉ាក់ប៉ាមួយចំនួនប្រហែលជាមិនដឹងពីបញ្ហាជំងឺអង់ហ្ស៊ីម G6PD ថា ជាអ្វី ហើយមានរោគសញ្ញាយ៉ាងណានោះទេ។ លោកវេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ នឹងពន្យល់ពីមូលហេតុដែលធ្វើឲ្យទារក និងកុមារកើតមានជំងឺអង់ហ្ស៊ីម G6PD ។ ជំងឺកង្វះ​អង់ហ្ស៊ីម G6PD លើទារក ឬកុមារ គឺជាជំងឺពីកំណើតមួយ ដោយឆ្លងពីឪពុក ឬម្ដាយ ឬទាំងឪពុក និងម្ដាយ ដែលកើតមានជំងឺនេះ ហើយវាកើតឡើងដោយសារតែការផ្លាស់ប្ដូរក្រូម៉ូសូម X ។ ក្មេងមួយចំនួនងាយនឹងប្រឈមជំងឺនេះខ្លាំងណាស់ ហើយវាបណ្ដាលឲ្យប៉ះពាល់ទៅដល់សុខភាព និងការលូតលាស់របស់ក្មេងផងដែរ។

    វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនោះបានបន្ថែមទៀតថា ជំងឺកង្វះអង់ហ្ស៊ីម កើតឡើងនៅពេលដែលកោសិការបស់ថ្លើម មិនផលិតអង់ហ្ស៊ីមនោះចេញមក ដើម្បីទៅជួយដល់ការរំលាយអាហាររបស់ក្មេង។ ជំងឺនេះអាចចេញរោគសញ្ញាទៅតាមវ័យ ដោយទារកទើបនឹងកើតមានលេចចេញពណ៌លឿងលើស្បែក ភ្នែក រាងកាយស្លេកស្លាំង ក្រោយពេលកើត២៤ម៉ោង ហើយក្របាត់ទៅវិញ។ តែដើម្បីកាន់តែច្បាស់ គឺត្រូវធ្វើតេស្តឈាម ដោយជោះកែងជើងពេលទើបនឹងកើត គឺយកឈាម ១-២ តំណក់ពីកែងជើងទារកទៅពិនិត្យ។ ការធ្វើតេស្តជួសកែងជើងមានប្រសិទ្ធភាពល្អ គឺធ្វើនៅចន្លោះទារកមានអាយុចាប់ពី ៤៨-៧២ ម៉ោង ក្រោយកើត។

    ចំពោះក្មេងធំមានជំងឺខ្វះ G6PD វិញ លុះណាពិនិត្យឈាមទើបដឹង ព្រោះភាគច្រើនមិនបង្ហាញរោគសញ្ញាណាមួយទេ លើកលែងតែពួកគេប្រើប្រាស់ ថ្នាំ ឬញាំអាហារដែលបង្កឲ្យមានប្រតិកម្មណាមួយ។ រោគសញ្ញាជំងឺខ្វះ G6PD មានដូចជា៖

    – ទឹកនោមពណ៌ក្រម៉ៅ

    – កើតលឿង ឬលឿងស្បែក និងលឿងភ្នែក

    – គ្រុនក្តៅ

    – ស្លេកស្លាំង

    – វិលមុខ

    – អស់កម្លាំង

    – បេះដូងលោតញាប់

    – ដង្ហើមខ្លីៗ

    – អណ្ដើករីកធំ

    កង្វះអង់ហ្ស៊ីមG6PD

    វេជ្ជបណ្ឌិត អ៊ុន យូ បានបន្តទៀតថា ការដែលទារកមានជំងឺកង្វះអង់ហ្ស៊ីមនេះ គឺដោយសារតែកោសិកាថ្លើមរបស់ក្មេង មិនផលិតអង់ហ្ស៊ីមទាំងនោះចេញមក ដើម្បីជួយរំលាយអាហារ។ ចំពោះក្មេងដែលកើតជំងឺនេះ គឺមិនអាចព្យាបាលបានទេ ហើយក៏មិនចាំបាច់ព្យាបាលដែរ ពីព្រោះជំងឺនេះ គឺជាជំងឺពីកំណើត។

    ដូចនេះម៉ាក់ប៉ាត្រូវធ្វើតាមការណែនាំរបស់ពេទ្យឲ្យញ៉ាំអាហារ ឬប្រភេទថ្នាំមួយចំនួនឲ្យបានត្រឹមត្រូវ។ បើថែទាំកូនបានល្អ មិនឲ្យកូនញ៉ាំអាហារដែលពេទ្យហាមឃាត់ កូនដែលមានជំងឺកង្វះអង់ហ្ស៊ីម អាចលូតលាស់បានធម្មតា ទាំងកាយសម្បទា ទាំងបញ្ញា និងមានសុខភាពល្អដូចមនុស្សដែលគ្មានកើតជំងឺ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម