ការរលាកត្រចៀករបស់កូនតូច ភាគច្រើនយើងដឹងត្រឹមថាមានការប៉ះពាល់ ឬមានទឹកចូលទៅក្នុងត្រចៀកតែប៉ុណ្ណោះ។ ប៉ុន្តែលោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ក្រៅពីបញ្ហាទឹកចូលត្រចៀក ឬការឆ្កឹះឆ្កៀល ត្បារ ម៉ាក់ប៉ានៅមានមូលហេតុជាច្រើនទៀត ហើយមូលហេតុដូចខាងក្រោមទាំងអស់នេះ ភាគច្រើនប៉ាក់ប៉ាមិនបានចាប់អារម្មណ៍ទេ។
– ទឹកចូលត្រចៀក
– រលាកបំពង់ក ក្អកផ្ដាសាយញឹកញាប់
– ឧស្សាហ៍អេះត្រចៀក ជាពិសេសបើក្រចកដៃកូនវែងៗ
– កង្វះអនាម័យ និងកត្តាផ្សេងៗទៀត
ចំពោះរោគសញ្ញាវិញវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានបញ្ជាក់ថា អាចនាំឲ្យអាចមានខ្ទុះ (ពេលមានខ្ទុះត្រូវប្រញាប់យកកូនមកពេទ្យ ចៀសវាងរលាកដល់ក្រដាសត្រចៀកខាងក្នុង អាចប៉ះពាល់ដល់ការស្ដាប់) ឬមានក្រហម ហើម រមាស់ ឈឺ ក្តៅខ្លួន អាចមានហើមកូនកណ្តុរនៅជុំវិញត្រចៀក និងក។
ចំណែកការព្យាបាលវិញមានដូចជា៖
– ត្រូវសម្អាតខ្ទុះឲ្យស្អាតបើមាន និងសម្អាតដល់ខាងក្នុង ចៀសវាងរលាកត្រចៀកក្នុងទៀត
– បើ កខ្ទុះខ្លាំងមិនមានមុខ ត្រូវបង្ហូរខ្ទុះចេញ (ហាមមិនឲ្យខ្ទុះហូរចូលក្នុង)
– ប្រើថ្នាំតាមស្ថានភាពជាក់ស្ដែង។
វិធីការពារកូនមិនឲ្យកើតជំងឺរលាកត្រចៀក ម៉ាក់ប៉ាត្រូវតែ៖
– ហាមត្បារត្រចៀកកូនញឹកញាប់ ជ្រៅៗ
– ហាមខ្វារអាចម៍ត្រចៀកកូន
– កាត់ក្រចកដៃកូនឲ្យបានទៀងទាត់
– ហាមយកស្លាបមាន់ ឬរបស់រឹងទៅឆ្កឹះ ឬត្បារ
– ការពារទឹកកុំឲ្យចូលត្រចៀក
– រស់នៅមានអនាម័យ
– ពេលឈឺ ឬមានបញ្ហាសូមយកកូនទៅជួបគ្រូពេទ្យជំនាញ ចៀសវាងយកអ្វីទៅលូក ឬបន្តក់ទឹកមិនស្អាតចូល។
[embed-health-tool-vaccination-tool]