ការប៉ះទង្គិចចំក្បាលពិតជាគ្រោះថ្នាក់ខ្លាំងណាស់ អាចបណ្ដាលឲ្យមានស្រាំ ឬប្រេះឆ្អឹងលលាដ៍ក្បាល។ ដូចនេះហើយបានជាពេលឃើញអាការៈកូនក្រោយប៉ះទង្គិច មានសភាពសន្លឹម វិលមុខ ក្អួតចង្អោរ ជាដើមយើងតែងព្រួយបារម្ភខ្លាចមានឈាមកកក្នុងខួរក្បាល។ តើហេតុអ្វីបានជាប៉ះពាល់ក្បាល បែរជាមានអាការៈក្អួតចង្អោរវិញ?
បើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា បើពេលដួលចំក្បាល មានអាការៈហូរឈាមក្នុងខួរក្បាល មានឡើងសម្ពាធ សង្កត់ផ្នែកផ្សេងៗនៃខួរក្បាល ធ្វើឲ្យការបញ្ជាខុសប្រក្រតី និងទៅជាក្អួត ឬវង្វេងវង្វាន់ មមើមមាយជាដើម។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនេះបន្ថែមទៀតថា កាលណាខួរក្បាលច្របូកច្របល់ ក៏យើងមានអារម្មណ៍ចង់ក្អួតចង្អោរដូចគ្នា ហើយទម្រាំទទួលរងការប៉ះទង្គិចទៀតនោះពិតជាលេចឡើងអាការៈអស់ទាំងនោះហើយ។ ទោះជាសង្ស័យថាមានឈាមកកតាមរយៈការអាការៈក្អួតបន្ទាប់ពីរងរបួសក្បាលមែន តែផលប៉ះពាល់របស់វាមិនបែបនោះទាំងអស់ឡើយ។ ពេលខ្លះការក្អួតបន្ទាប់ពីដួលប៉ះពាល់ចំក្បាលតិចតួចហាក់ដូចជាទាក់ទងទៅនឹងកត្តាបុគ្គលជាជាងឈាមកកក្នុងខួរក្បាល ឬប្រេះ ស្រាំលលាដ៏។
លោកបន្ថែមថា ម៉ាក់ប៉ាត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ដើម្បីឲ្យគ្រូពេទ្យមានការតាមដានយ៉ាងយកចិត្តទុកដាក់ ហើយគ្រូពេទ្យក៏នឹងសាកសួរប្រវត្តិជំងឺពីខាងគ្រួសារសិនដែរ ព្រោះអាចមានជំងឺឈឺក្បាលប្រកាំងដែលអាចជាប់ពាក់ព័ន្ធនឹងការក្អួតនោះ។
[embed-health-tool-vaccination-tool]