ការចាក់វ៉ាក់សាំងឆ្កែឆ្កួតពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់កុមារតូចៗ ព្រោះពេលខ្លះសត្វចិញ្ចឹមនៅផ្ទះនៅបានប្រឡែងលេង ហើយឆ្កូតដោយធ្មេញ ឬក្រចក ដែលនាំឲ្យមានគ្រោះថ្នាក់។
វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថាការចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួតនេះ គួរតែចាក់មុនពេលមានរបួស ទើបល្អ។ ជំងឺនេះមិនមានវិធីព្យាបាលឲ្យជានោះទេ នៅពេលលេចរោគសញ្ញាជំងឺឆ្កែឆ្កួតហើយ ដោយនោះមានន័យថាជាការយឺតពេលទៅហើយ។ ប៉ុន្តែជាសំណាងល្អមានវិធីទប់ស្កាត់ជំងឺឆ្កែឆ្កួតនេះ បានដោយការចាក់ថ្នាំបង្ការ ដែលមានប្រសិទ្ធភាពរយៈពេល៥ឆ្នាំ។ តាមគោលការណ៍ រាល់គ្រប់ថ្នាំបង្ការ សុទ្ធតែត្រូវបានគេចាក់វា នៅពេលមុនឈឺ មែនហើយ។
វេជ្ជបណ្ឌិតឯកទេសជំងឺទូទៅរូបនោះបានឲ្យដឹងទៀតថា នៅប្រទេសយើងមិនសូវជាមានអ្នកចាក់វ៉ាក់សាំងឆ្កែឆ្កួតនេះមុនដូចនៅបរទេសឡើយ។ ការចាក់ថ្នាំបង្ការ ត្រូវធ្វើចំនួន ៣ ដង ក្នុងចន្លោះពេលមួយខែ (០-៣-៧) គិតពីថ្ងៃចាក់លើកទីមួយ។ មានន័យថា ចាក់លើកដំបូងនៅថ្ងៃសូន្យ ចាក់លើកទី២ បីថ្ងៃក្រោយចាក់លើកទី១ និង ចាក់លើកទី៣ ប្រាំពីរថ្ងៃក្រោយចាក់លើកទី២ ។
បើមានករណីសត្វឆ្កែខាំហើយនោះ ត្រូវចាក់បន្ថែម ២ ដងទៀត។ មិនត្រឹមតែសត្វឆ្កែខាំ ឬក្រញ៉ៅឡើយ ពេលមានសត្វ ឆ្មា ស្វា ប្រចៀវ ខាំក៏គេចាក់ប្រភេទនេះដូចគ្នា។
ជាទូទៅក្រុមគ្រូពេទ្យមិនណែនាំឲ្យពលរដ្ឋគ្រប់រូបនាំគ្នាទៅចាក់ថ្នាំបង្ការទុកជាមុនទេ លើកលែងតែអ្នកមានសត្វចិញ្ចឹម ហើយសត្វចិញ្ចឹមនេះទៀតសោត ក៏គេតម្រូវឲ្យចាក់ថ្នាំបង្ការផ្សេងៗ។ ការនាំសត្វចិញ្ចឹមទៅជួបពេទ្យទៀងទាត់ពិតជាជួយបង្ការជំងឺមួយចំនួនពីសត្វមកមនុស្សទៀតផង។
[embed-health-tool-vaccination-tool]