ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ធម្មតា យើងជាម៉ាក់ប៉ា ច្បាស់ជាព្រួយបារម្ភហើយឲ្យតែឃើញកូនមានបញ្ហាអ្វីមួយដែលយើងគិតថាមិនប្រក្រតី។ ជួនកាល បញ្ហានោះគ្រាន់តែជាបញ្ហាសាមញ្ញដែលកើតមានលើអាអូនពីកំណើតដែលមិនសូវបង្កគ្រោះថ្នាក់ដល់ឲ្យអូន ដូចបញ្ហាស្ទះរន្ធទឹកភ្នែកជាដើម។
បញ្ហាស្ទះរន្ធទឹកភ្នែកលើទារកគឺជាបញ្ហាមានពីកំណើតដែលកើតមានប្រហែល ៣០%លើទារក។ ម៉ាក់ប៉ាមិនចាំបាច់ព្រួយបារម្ភពេកទេ បើអាអូនកើតជំងឺនេះ ពីព្រោះវាមិនបង្កជាបញ្ហាធ្ងន់ធ្ងរ ហើយវា ៩០% នឹងបាត់ទៅវិញនៅអាយុ ៩ខែ – ១ឆ្នាំ។ នេះបើតាមការឲ្យដឹងពីលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំង។
ក្នុងករណីដែលអាអូនតូច មានបញ្ហាស្ទះរន្ធទឹកភ្នែក ប៉ាម៉ាក់អាចដោះស្រាយតាមវិធីខាងក្រោម ដើម្បីជួយសម្រួលដល់ភ្នែកកូនដូច៖
ស្អំកន្សែងក្ដៅឧណ្ហៗ៖ ជារៀងរាល់២-៣ម៉ោងម្ដង យកកន្សែង ឬដុំសម្លីជ្រលក់ទឹកក្ដៅឧណ្ហៗ រួចពូតឲ្យស្ងួតទឹកបន្ដិច យកទៅស្អំថ្នមៗលើរន្ធទឹកភ្នែករបស់កូន រួចជូតបណ្ដោយតាមភ្នែកថ្នមៗ។ ប្រសិនបើកូនស្ទះរន្ធទឹកភ្នែកទាំងសងខាង យើងត្រូវយកម្ខាងស្អាតនៃកន្សែង ឬដុំសម្លីទៅជូតភ្នែកមួយទៀត ឬអាចប្រើកន្សែង ឬដុំសម្លីថ្មីក៏បាន។
ម៉ាស្សាភ្នែកកូន៖ យើងអាចម៉ាស្សាលើរន្ធទឹកភ្នែកកូនថ្នមៗ ដោយយកម្រាមដៃមួយទៅញីជារង្វង់មូលត្រង់រន្ធទឹកភ្នែកកូន។ អំឡុងពេលម៉ាស្សា ម៉ាក់ប៉ាត្រូវប្រើកម្លាំងតិចបំផុត មិនត្រូវញីខ្លាំងពេក ហើយសង្កត់ទៅលើភ្នែកកូនទេ។ បើអាច នៅពេលដែលយកកូនទៅពិនិត្យ យើងអាចសុំឲ្យគ្រូពេទ្យជំនាញក្មេងបង្ហាញពីរបៀបម៉ាស្សាភ្នែកសម្រាប់បញ្ហានេះ។
ប្រើថ្នាំបន្តក់ភ្នែក៖ ប្រសិនបើភ្នែកអាអូនឆ្លងមេរោគទៀត គ្រូពេទ្យនឹងអាចចេញវេជ្ជបញ្ជាឲ្យទិញថ្នាំបន្តក់ភ្នែក ដើម្បីជួយកម្ចាត់មេរោគចេញ។
ជាធម្មតា បញ្ហាស្ទះរន្ធទឹកភ្នែកនេះអាចបាត់ទៅវិញដោយឯកឯង ពេលដែលអាអូនធំទៅៗ ប៉ុន្តែ ក្នុងករណីដែលកូនមានអាយុហួស១ឆ្នាំហើយ នៅតែមានបញ្ហានេះទៀត គ្រូពេទ្យអាចព្យាបាលបានដោយការចោះពង្រីករន្ធទឹកភ្នែកអាអូន។
វេជ្ជបណ្ឌិតរោគកុមារមួយនេះ បន្តថា បើកូនមានបញ្ហាស្ទះរន្ធទឹកភ្នែកនេះ អាអូននឹងមានបង្ហាញសញ្ញាមួយចំនួនដូច៖
– ទារកហូរទឹកភ្នែកជាប្រចាំ
– មានអាចម៍ភ្នែក (តែក្នុងភ្នែកមិនក្រហម)
– ភ្នែកអាអូនហើមតិច ឬក្រហមត្របកភ្នែក
– ត្របកភ្នែកស្អិតជាប់គ្នា (ធ្វើឲ្យអាអូនពិបាកបើកភ្នែក)។
[embed-health-tool-vaccination-tool]