backup og meta

ក្មេងកើតមហារីកឈាមព្យាបាលម្ដងហើយ អាចលាប់ឡើងវិញទៀតអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 19, 2020

    ក្មេងកើតមហារីកឈាមព្យាបាលម្ដងហើយ អាចលាប់ឡើងវិញទៀតអត់?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ក្នុង​ចំណោម​ជំងឺ​មហារីក​ទាំង​អស់ ជំងឺ​មហារីក​ឈាម​ជា​ជំងឺ​ធ្ងន់ធ្ងរមួយ​ដែល​កើត​ឡើង​ទាំង​លើ​ក្មេងៗ និង​យុវវ័យ​ តែ​សម្រាប់​ក្មេង​តូច​ៗ​យើង​ជាអាណាព្យាបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ ជំងឺ​មហារីក​ឈាម​ស ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ខ្នង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម និង​ប្លាកែត​បាន​គ្រប់​គ្រាន់ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយ។ ជំងឺ​នេះ​អាច​មាន​សភាព​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ មាន​គ្រោះ​ថ្នាក់​ច្រើន និង​ពិបាក​ព្យាបាល។

    បើ​ព្យាបាល​ជា​ម្ដង​ហើយ អាច​កើត​មហារីក​ឈាម​ម្ដង​ទៀត​អត់?

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ជាន សុផល បក​ស្រាយ​ឲ្យ​ដឹង​ថា ចំពោះ​ការ​ព្យាបាល​ហើយ​អាច​កើត​ឡើង​វិញ​ម្ដង​ទៀត​នោះ គឺ​មានដែល​យើង​ហៅ​សាមញ្ញ​ៗ​ថា លាប់​ជំងឺ​ឡើង​វិញ​។ ជំងឺ​មហារីក​ឈាម​នៅ​លើ​ក្មេង ត្រូវ​ពេទ្យ​ចែក​ចេញ​ទៅ​តាម​កម្រិត​ដូច​ជា ស្រាល មធ្យម និង​ធ្ងន់ធ្ងរ។

    កម្រិត​នៃ​ជំងឺ​មហារីក​ឈាម​លើ​ក្មេង​ខ្លះអាច​ព្យាបាល​ជា តែ​ប្រឈម​នឹង​ការ​លាប់​ឡើង​វិញ ក្រោយ​បញ្ចប់​ការ​ព្យាបាល​រួច (ឧ.៣-៥ឆ្នាំ)។ ចំណែក​កម្រិត​ខ្លះ​ទៀត ក្រោយ​ការ​ព្យាបាល​រួច ក្មេងៗ​អាច​ជា​ដាច់​ពី​ជំងឺ​មហារីក​ឈាម​នេះ រហូត​អស់​មួយ​ជីវិត។ ប៉ុន្តែ បើ​ក្មេង​កើត​ជំងឺ​មហារីក​ឈាម​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ​ហើយ​នោះ គឺ​មិន​អាច​ព្យាបាល​បាន​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ។

    ប្រធាន​ផ្នែក​ជំងឺ​ឈាម​កុមារ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ បន្ត​ថា បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ហើយ ភាគ​រយ​ច្រើន​គឺ​មិន​មាន​ផល​ប៉ះពាល់​អី​ផ្សេង​ទៅ​ដល់​សុខភាព​ក្មេង ពេល​លូតលាស់​ទៅ​ថ្ងៃ​មុខ​ទេ ក៏​ប៉ុន្តែ វា​មាន​កត្តា​ប្រឈម​តិច​តូច​ដែរ ដូច​ជា ទាក់​ទង​នឹង​បញ្ហា​បង្ក​កំណើត (ឧ.ក្មេង​ប្រុស​អាច​ប្រឈម​នឹង​ការ​ថយ​ចុះ​នៃ​ការ​បង្ក​កំណើត ពេល​ពេញ​វ័យ)។ លោក​ថា ខាង​ក្រុម​គ្រូពេទ្យ​ព្យាយាម​ព្យាបាល ក្មេង​ដែល​ឈឺ​ឲ្យ​រួច​ផុតពី​ជំងឺ​ផ្សេងៗ​ណាស់ ហើយ​ចៀស​វាង​ពី​កត្តា​ប្រឈម​ផ្សេងៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

    ចុះ​យើង​អាច​ដឹង​បាន​ថា ក្មេង​មាន​មហារីក​ឈាម​ដោយ​របៀប​ណា?

    ជា​ទូទៅ បើ​សង្ស័យ​ថា​កើត​ជំងឺ​មហារីក​ឈាម ពេទ្យ​នឹង​ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ការ​ធ្វើ​តេស្ត​ឈាម​រក​មហារីក ឬ​ធ្វើ​តេស្ត​ផ្សេង​ទៀត​នៅ​មន្ទីរ​ពិសោធន៍។ ក្នុង​ករណី​ដែល​ក្មេង​កើត​ជំងឺ​មហារីក​ឈាម ភាគ​ច្រើន​គឺ​បង្ហាញ​នូវ​សញ្ញា​ដូច​ជា ហត់​អស់​កម្លាំង ស្លេក​ស្លាំង បែក​ញើស​គ្មាន​មូល​ហេតុ ក្ដៅ​ខ្លួន​ញាក់ ឈឺ​ក្បាល វិល​មុខ និង​ពិបាក​ដក​ដង្ហើម​។ល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម